ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩​កុម្ភៈ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ នឹង​ប្រកាស​សាល​ដីកា​រឿង​ក្តី​របស់​លោក សម រង្ស៊ី ដែល​រង​ការ​ចោទ​ថា បាន​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន រឿង​ទិញ​ចំនួន​ចូល​ចិត្ត (Like) ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ។

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្ដី​លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក​នៅ​ពុំ​ទាន់​ហ៊ាន​សន្និដ្ឋាន​ពី​លទ្ធផល​នៃ​ជោគវាសនា​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ប្រសិន​បើ​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​នៅ​តែ​តម្កល់​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី ទៀត បាន​ន័យ​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការងារ​របស់​តុលាការ ដែល​កំពុង​រង​ការ​រិះគន់​ពី​សាធារណមតិ។ លោក​បន្ត​ថា « ទាក់ទង​ ទៅ​នឹង ការ​ប្រកាស សាល​ដីកា ​នេះ យើង​ ចាំ​មើល ​តើ​ សាលា​ឧទ្ធរណ៍ នៅ​តែ ​តម្កល់ ឬ​ក៏​មាន​ការ​ប្រែប្រួល​ចំពោះ​សេចក្ដី​សម្រេច ? បើ​សិន​ជា​សាលា​ឧទ្ធរណ៍​នៅ​តែ​តម្កល់ មាន​ន័យ​ថា សេចក្ដី​សម្រេច​នេះ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ចំពោះ​កូន​ក្តី​ទេ ។ មេធាវី​ការពារ នឹង​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​បន្ត​ទៀត ដើម្បី​ឲ្យ​តុលាការ​កំពូល ពិនិត្យ​ទៅ​លើ​សេចក្ដី​សម្រេច​នេះ​ឡើង​វិញ »

តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដោយ​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល និង​បង់​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន ១៥​លាន​រៀល តាម​មាត្រា​៣០៥ និង​មាត្រា​៥១០ នៃ​ក្រម​ព្រហ្មទណ្ឌ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក សម រង្ស៊ី រង​ការ​ចោទ​ថា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី និង​លោក សោម សឿន ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថា​បាន​ព្យាយាម​ទិញ​ទឹក​ចិត្ត​អ្នក​ក្រីក្រ​ឲ្យ​ចុច​ចូល​ចិត្ត (Like)និង​ទិញ Like ឲ្យ​មាន​ចំនួន​កើន​ឡើង​ជាង​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។