សំណុំ​រឿង​ប្ដឹង​លោក ហ៊ុន សែន ទាក់ទង​រឿង​កោះ​ត្រល់​ត្រូវ​បញ្ជូន​ដល់​សាលា​ឧទ្ធរណ៍

សំណុំ​រឿង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​រឿង​កោះ​ត្រល់ ត្រូវ​បញ្ជូន​ដល់​សាលា​ឧទ្ធរណ៍ បន្ទាប់​ពី​ដើម​បណ្ដឹង​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​សាលា​ដំបូង ដែល​តម្កល់​សំណុំ​រឿង​នេះ​មិន​ចាត់​ការ។

ដើម​បណ្ដឹង លោក នាង សុឃុន ដែល​ជា​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ មាន​ប្រសាសន៍​នៅ​មុខ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​មិថុនា ថា មន្ត្រី​នៃ​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍ បាន​បញ្ជាក់​ប្រាប់​លោក​ថា សាលា​ឧទ្ធរណ៍​កំពុង​ចាត់​ចែង​សំណុំ​រឿង​នេះ​តាម​នីតិវិធី។ លោក នាង សុឃុន ព្រមាន​ថា នឹង​ដឹក​នាំ​ក្រុម​យុវជន​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ ប្រសិន​បើ​ស្ថាប័ន​នេះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បណ្ដឹង​របស់​លោក​ទេ​នោះ។

លោក នាង សុឃុន៖ «ពេល​នេះ​ខ្ញុំ​មក​សាកសួរ ប៉ុន្តែ​លើក​ក្រោយ​ខ្ញុំ​នឹង​មក​ដោយ​ដឹក​នាំ​ពលរដ្ឋ ដែល​ជា​អ្នក​ស្រឡាញ់​ទឹក​ដី ស្រឡាញ់​ជាតិ​របស់​ខ្លួន ដើម្បី​មក​តវ៉ា​អោយ​សាលា​ឧទ្ធរណ៍​ពន្លឿន​ពាក្យ​បណ្ដឹង​របស់​ខ្ញុំ​ជា​បន្ទាន់»

លោក នាង សុឃុន បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​កាត់​ដី​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ទៅ​អោយ​យួន​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទុក​មិន​ចាត់​ការ​ចំពោះ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។ លោក​បាន​ដាក់​បណ្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​នោះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ដើម្បី​អោយ​សាលា​ដំបូង​បញ្ជូន​សំណុំ​រឿង​នោះ​ទៅ​សាលា​ឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។