នៅថ្ងៃទី១ ខែកក្កដា ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចភ្លាមៗបដិសេធការសុំរបស់ លោក អាត់ ធន់ ដកលុយតម្កល់នៅតុលាការ និងសិទ្ធិចូលរួមប្រជុំនានា។ សាលាឧទ្ធរណ៍ បានរក្សាបទចោទ និងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង លោក អាត់ ធន់ ជុំវិញសំណុំរឿងតម្កល់លុយ ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក នៅតុលាការរាជធានីភ្នំពេញ និងមិនឲ្យលោកជួបប្រជុំជាសាធារណៈ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះថា ជាការសម្រេចដែលពុំបានផ្អែកលើមូលដ្ឋានច្បាប់ និងជាសវនាការដែលមិនអាចជឿទុកចិត្តបាន ហើយក៏ជារឿងអយុត្តិធម៌ថែមទៀតផង។
ភ្លាមៗក្រោយចេញពីបន្ទប់សវនាការ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលប្ដឹងទាស់ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពី ២សប្ដាហ៍មុននោះ លោកហៅចំណាត់ការរបស់សាលាឧទ្ធរណ៍នៅពេលនេះថា ជាការជំនុំជម្រះដែលពុំអាចទទួលយកបានឡើយ។ លោកអះអាងថា ជុំវិញសំណុំរឿងនេះ លោកនឹងប្ដឹងសារទុក្ខបន្តប្រឆាំងសេចក្ដីសម្រេចនេះ ទៅតុលាការកំពូលទៀត។
លោក អាត់ ធន់ ដែលនៅពេលនេះហាក់មានទឹកមុខរាងស្លេកស្លាំងបន្តិច ដែលខុសពីមុនចូលសវនាការនោះ លោកចាត់ទុកថា តាមពិតសវនាការដែលប្រព្រឹត្តទៅដោយផ្អែកលើតែនីតិវិធីនេះ លោកថា វាគួរណាស់តែសម្រេចឲ្យលោកទទួលបានសិទ្ធិជួបជុំនៅទីសាធារណៈ និងអាចដកប្រាក់ដែលបានតម្កល់នៅសាលាដំបូងរាជធានីភ្នំពេញមកវិញ ជាពិសេសនោះ រួចផុតការពីការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការតែម្ដង៖ «បើទោះជាចោទប្រកាន់យើងនៅក្នុងករណីដែលរឿង អែស.អិល ក៏មិនត្រូវហាមយើងជួបប្រជុំជាមួយមនុស្សដទៃទៀត នៅកន្លែងទីសាធារណៈផ្សេងដែរ។ បានន័យថា វាទូទៅពេក។ អ៊ីចឹងមានន័យថា ការសម្រេចនេះ គឺអយុត្តិធម៌សម្រាប់ខ្ញុំ»។
ក្រោយពីដកឃ្លាដើម្បីពិចារណា បន្ទាប់ពីបញ្ចប់សវនាការដែលប្រើអស់ពេលជាង ២០នាទី ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប៉ុល សំអឿន សម្រេចភ្លាមៗនៅមុខ លោក អាត់ ធន់ និងនៅចំពោះមុខ លោក សាត សុផៃ ដោយរក្សាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដូចដើម។
ជុំវិញបញ្ហានេះ លោក អាត់ ធន់ បានជាប់បណ្ដឹងក្នុងសំណុំរឿងនេះ ពាក់ព័ន្ធនឹងហិង្សានៅរោងចក្រ អែស.អិល (SL) កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានដើមបណ្ដឹងឈ្មោះ សាត់ សុផៃ ជាអ្នកបើកបរឡានឲ្យថៅកែរោងចក្រ អែស.អិល។ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការប្រឆាំងលើសំណុំរឿងនេះក្រោមបទចោទញុះញង់ បង្កឲ្យមានអំពើហិង្សា ដោយបង្គាប់បញ្ជាឲ្យ លោក អាត់ ធន់ តម្កល់លុយ ២ម៉ឺន ៥ពាន់ដុល្លារ ជាថ្នូរបាននៅក្រៅឃុំ។
ចំណែកសវនាការអសាធារណៈនៅពេលនេះ ធ្វើឡើងបន្ទាប់ពី លោក អាត់ ធន់ បានដាក់បណ្ដឹងប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពី២សប្ដាហ៍មុន។ ក្រៅពីនេះ លោក អាត់ ធន់ ក៏នៅជាប់បណ្ដឹងដាច់ដោយឡែកមួយទៀត ទាក់ទងនឹងបណ្ដឹងរបស់ លោក អ៊ុំ វិសាល ដែល លោក អ៊ុំ វិសាល ស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ឲ្យលោកបានធ្វើជាប្រធានសហជីព ស៊ីខាវឌូ វិញ។ សវនាការនេះ នឹងដំណើរការនៅរសៀលថ្ងៃទី២ ខែកក្កដា។
ចំណែកមេធាវីការពារក្តីឲ្យ លោក អាត់ ធន់ គឺលោក គីម សុជាតិ ចាត់ទុកថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ វាពិតជាប៉ះពាល់សិទ្ធិជាមូលដ្ឋានដល់កូនក្ដីរបស់លោក ក្នុងឋានៈ លោក អាត់ ធន់ គឺជាសកម្មជនសហជីព ដែលតែងការពារផលប្រយោជន៍ឲ្យកម្មករ។ ជាងនេះទៀតនោះ ការតម្កល់លុយរហូតជិត ៣ម៉ឺនដុល្លារអាមេរិកនេះទៀតសោត វាពិតជាហួសពីសមត្ថភាពដែលកូនក្ដីរបស់លោករកបានទៅទៀតផង៖ «ការយល់ឃើញរបស់ខ្ញុំគិតថា វាប៉ះពាល់ដល់សិទ្ធិរបស់ លោក អាត់ ធន់ ដូចយើងជម្រាបជូនអង្គសវនាការអ៊ីចឹង ថាសិទ្ធិរបស់គាត់ជាសិទ្ធិមូលដ្ឋានរបស់គាត់ហ្នឹង គឺជាសិទ្ធិតំណាងកម្មករ មានសិទ្ធិដោះស្រាយក្នុងនាមកម្មករ ក្នុងវិស័យកាត់ដេរហ្នឹង។ អ៊ីចឹងបើសិនជាហាមឃាត់ការជួបប្រជុំរបស់គាត់ វាហាក់បីដូចជាហាមឃាត់មិនឲ្យគាត់ធ្វើសកម្មភាពទាំងឡាយ។ អ៊ីចឹង សកម្មភាពសហជីពត្រូវបានបិទ»។
យ៉ាងណាក៏ដោយ ចំណាត់ការរបស់តុលាការនៅពេលនេះ ធ្វើឡើងនៅចំពេលដែលសកម្មភាពនៃការតវ៉ារឿងប្រាក់ខែគោល បានបន្តឡើងកម្ដៅ និងផ្ទុះនៅគ្រប់រោងចក្រជារៀងរាល់ថ្ងៃ។ ចំណែក លោក អាត់ ធន់ វិញយល់ឃើញថា ការបើកផ្លូវឲ្យតុលាការដំណើរការលើសំណុំរឿងរបស់លោកយ៉ាងតក់ក្រហល់បែននេះ ទំនងជាព្រួយបារម្ភខ្លាចលោកដឹកនាំបាតុកម្មប្រឆាំងប្រាក់ខែទាបរបស់កម្មករប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
