ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​រឿង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ដើម​ខែ​កុម្ភៈ

0:00 / 0:00

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ សម្រេច​លើក​យក​សំណុំ​រឿង​ក្តី​របស់​លោក សម រង្ស៊ី ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ជម្រះ​នៅ​ថ្ងៃ​ទី​១៧ មករា។ នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​ប្រើ​ពេល​ដេញដោល​ផ្ទាល់​មាត់​ប្រមាណ ១​ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​ជុំវិញ​វិវាទ​ការ​ចុច​ចូល​ចិត្ត (Like) តាម​ហ្វេសប៊ុក (facebook) នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ។

ទាំង​ភាគី​ដើម​ចោទ និង​ចុង​ចោទ ម្នាក់ៗ​សុទ្ធតែ​រំពឹង​នៅ​ថ្ងៃ​ប្រកាស​សាល​ដីកា ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ថា ពួក​គេ​នឹង​អាច​យក​ប្រៀប​លើ​គូ​វិវាទ​បាន​ដូចៗ​គ្នា។

ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​១៧ មករា តំណាង​ដើម​បណ្ដឹង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន អះអាង​ថា ខាង​លោក​អាច​នឹង​មាន​ប្រៀប​លើ​គូ​ទំនាស់ គឺ​លោក សម រង្ស៊ី។ លោក​បន្ត​ថា ផ្អែក​លើ​សេចក្តី​សម្រេច​រួច​ហើយ​របស់​តុលាការ​ក្រុង​ភ្នំពេញ បូក​រួម​ទាំង​ភស្តុតាង​ដាក់​បន្ទុក រក​ឃើញ​ថា ប្រធាន​គណបក្ស​ប្រឆាំង​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​បទ​ចោទ​មែន។

លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន និង​រូប​លោក​ផ្ទាល់ ថា​បាន​ទិញ​ចំនួន​ចូល​ចិត្ត (Like) និង​អ្នក​ក្រីក្រ​ឲ្យ​ចុច​ចូល​ចិត្ត (Like) ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ទាំងនេះ​គឺ​បទល្មើស​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។ លោក​បន្ត​ថា « លោក សម រង្ស៊ី ដែល​គាត់​ប្រឌិត​រឿង​ហេតុ ហើយ​ចោទ​ទម្លាក់​កំហុស​បំភ្លៃ​ការពិត​ខុស​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​អំពី​សេចក្ដី​សម្រេច​នេះ​ជា​សាធារណៈ​វិញ វា​ក៏​អាច​ឲ្យ​សាធារណមតិ​បាន​ឃើញ​អំពី​ភាព​យុត្តិធម៌​ត្រឹមត្រូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ »

ដើម​បណ្ដឹង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
ដើម​បណ្ដឹង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth (RFA/Morm Moniroth)

ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដោយ​ពិន័យ​លុយ​ចំនួន ១០​លាន​រៀល និង​បង់​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន ១៥​លាន​រៀល​តាម​មាត្រា​៣០៥ និង​មាត្រា​៥១០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ទាក់ទិន​វិវាទ​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ លោក សម រង្ស៊ី រង​ការ​ចោទ​ថា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី និង​លោក សោម សឿន ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថា​បាន​ព្យាយាម​ទិញ​ទឹក​ចិត្ត​អ្នក​ក្រីក្រ​ឲ្យ​ចុច​ចូល​ចិត្ត (Like) និង​ទិញ​ចំនួន​ចូល​ចិត្ត (Like) ឲ្យ​មាន​ចំនួន​កើន​ឡើង​ជាង​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

បញ្ហា​នេះ ត្រូវ​បាន​លោក សោម សឿន បញ្ជាក់​ក្នុង​អង្គ​សវនាការ​ថា នេះ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក និង​លោក ហ៊ុន សែន ផ្ទាល់។ នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ ទាំង​មេធាវី​ការពារ​ក្ដី​ឲ្យ​ដើម​បណ្ដឹង តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អគ្គព្រះរាជអាជ្ញា​លោក ង៉ែត សារ៉ាត់ ស្នើ​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ ដោយ​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​រក្សា​បទ​ចោទ និង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។

នៅ​ក្នុង​បន្ទប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក សំរិទ្ធិ សុផល បាន​ហាម​ដាច់ខាត​មិន​ឲ្យ​អ្នក​កាសែត​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​លួច​ថត​សំឡេង និង​សូម្បី​កត់ត្រា​នៅ​លើ​ក្រដាស​ស្នាម ក៏​ពុំ​អនុញ្ញាត​ដែរ។ អ្នក​សង្កេតការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ឃើញ​ថា នេះ​ជា​ការ​រឹត​បន្តឹង​ដែល​ខុស​របៀប បើ​សូម្បី​កត់ត្រា​ពុំ​បាន​ផង​នោះ។

នៅ​ក្នុង​អង្គ​សវនាការ មេធាវី​ការពារ​ក្តី​ឲ្យ​ដើម​បណ្ដឹង បាន​ជំទាស់​ទៅ​នឹង​ការ​តាំង​សំណួរ​របស់​លោក សំ សុគង់ ដោយ​លើក​ហេតុផល​ថា សំណួរ​ជា​ភាសា​អង់គ្លេស​មិន​ត្រូវ​ប្រើ​ក្នុង​ពេល​ជំនុំ​ជម្រះ​ឡើយ ភាសា​ដែល​ប្រើ​នៅ​ក្នុង​អង្គ​សវនាការ គឺ​ភាសា​ខ្មែរ​ជា​គោល។ ដោយឡែក​លោក សំ សុគង់ វិញ​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា ដោយសារ​ការ​បកប្រែ​ភាសា​អង់គ្លេស​នេះ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ខុស​ពី​ខ្លឹមសារ​ដើម​របស់​លោក សម រង្ស៊ី។ ក្រៅ​ពី​នេះ មេធាវី​ការពារ​ក្តី​ឲ្យ​មេ​បក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ថ្វី​បើ​ដើម​បណ្ដឹង​អះអាង​ពី​ភាព​ស្អាតស្អំ ថា​ឯកសារ​ដែល​បែក​ធ្លាយ​ពី​ការ​បង្គាប់​បញ្ជា​ឲ្យ​ទិញ​ចំនួន​ចូល​ចិត្ត (Like) និង​នាំ​គ្នា​ចូល​ទៅ​ចុច​មិន​ចូល​ចិត្ត (Unlike) ហ្វេសប៊ុក​ផេក​របស់​លោក សម រង្ស៊ី គឺ​ជា​សារ​របស់​មេ​បក្ស​ប្រឆាំង​ក្តី មេធាវី​រូប​នេះ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​ព្យាយាម​ដោះ​បន្ទុក​ប៉ុណ្ណោះ។

លោក សំ សុគង់ មាន​ជំនឿ​ថា នៅ​ថ្ងៃ​ប្រកាស​សាល​ដីកា​ខាង​មុខ​នេះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នឹង​ផ្ដល់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ដល់​លោក សម រង្ស៊ី។ ម្យ៉ាង​វិញ​ទៀត លោក​អះអាង​ថា ការ​ជម្រះ​ក្តី​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​តុលាការ​ក្រុង​ភ្នំពេញ គឺ​ជា​ការ​ផ្តល់​ភាព​មិន​ត្រឹមត្រូវ​រួច​ទៅ​ហើយ​សម្រាប់​លោក សម រង្ស៊ី។ លោក​បន្ត​ថា « ខ្ញុំ​គិត​ថា ទាក់ទង​នឹង​សវនាការ​ថ្ងៃ​នេះ​ជា​សវនាការ​ដែល​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍ ដែល​ជា​តុលាការ​ជាន់​ខ្ពស់ នឹង​ពិចារណា​ទៅ​លើ​ឯករាជ​ភាព​របស់​ខ្លួន ហើយ​នឹង​សម្រេច​ឲ្យ​កូន​ក្តី​របស់​ខ្ញុំ​បាទ​រួច​ផុត​ពី​បទ​ចោទ »

នេះ​ជា​សំណុំ​រឿង​មួយ​ក្នុង​ចំណោម​សំណុំ​រឿង​ជាច្រើន​ទៀត​ដែល​លោក សម រង្ស៊ី កំពុង​ប្រឈម ក្រៅ​ពី​ត្រូវ​រុំ​ព័ន្ធ​ដោយ​សំណុំ​រឿង​ជាមួយ​លោក ហ៊ុន សែន រឿង​ហ្វេសប៊ុក​នេះ​ហើយ លោក​ក៏​នៅ​មាន​សំណុំ​រឿង​ដទៃ​ទៀត​ជាមួយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង។ រឿង​ក្ដី​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ករណី​ចោទ​ថា​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឃាតកម្ម​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​សំណុំ​រឿង​មួយ​ផ្សេង​ទៀត គឺ​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ជាដើម។

បើ​ទោះ​ជា​បែប​ណា លោក សម រង្ស៊ី អះអាង​កាល​ពី​ថ្ងៃ​ទី​១៣ មករា តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា លោក​អាច​វិល​ចូល​ប្រទេស​វិញ​ពេល​ណា​ក៏​បាន​ដែរ សំខាន់​ថា​តើ​តុលាការ​នឹង​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ​ដែរ​ទេ?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។