ចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ នឹងបើកសវនាការលើបណ្ដឹងទាស់របស់មេធាវីការពារក្ដី លោក ហុង សុខហួរ នៅថ្ងៃទី៣០ វិច្ឆិកា ទៅលើការចាត់របៀបដែលតម្រូវឲ្យជនជាប់ចោទ ដាក់ភស្តុតាងមុនបន្តសវនាការនៅតុលាការក្រុងភ្នំពេញជាថ្មីទៀត។
លោក ជូង ជូងី មេធាវីការពារក្ដីម្នាក់ក្នុងចំណោមមេធាវី ៣រូបផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា គិតមកដល់ពេលនេះ ពុំមានការប្រែប្រួលណាមួយនៅឡើយទេ ជុំវិញសវនាការអំពីការប្ដឹងទាស់ដែលស្នើឲ្យសភាស៊ើបសួរសាលាឧទ្ធរណ៍ ទម្លាក់ចោលសាលក្រមចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។ លោកបន្តថា ផ្អែកលើនីតិវិធី គឺសាលាឧទ្ធរណ៍អាចទាត់ចោលពីសាលក្រមរបៀបនេះ ក៏ប៉ុន្តែលោកនៅពុំទាន់អាចទស្សន៍ទាយមុននៅឡើយទេ ថាតើសេចក្ដីសម្រេចវានឹងទៅជាយ៉ាងណា? លោកបន្តថា «ខ្ញុំសូមឲ្យតុលាការក្រុងដាក់ថ្ងៃជម្រះឥតរង់ចាំសាលាឧទ្ធរណ៍កាត់ក្តីទេ ប៉ុន្តែមកដល់ពេលហ្នឹង តុលាការក្រុងគេឥតទាន់ជម្រះ ហាក់ដូចរង់ចាំលទ្ធផលសាលាឧទ្ធរណ៍។ បើនិយាយតាមផ្លូវច្បាប់ សាលាឧទ្ធរណ៍ត្រូវតែច្រានសាលក្រមរបៀបនេះចោល»។
កាលពីដើមខែតុលា កន្លងទៅនេះ ចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាបង្គាប់ឲ្យ លោក ហុង សុខហួរ ត្រូវបង្ហាញនូវសម្ភារៈមួយចំនួន ដែលស្រាវជ្រាវពីផែនទីកម្ពុជា-វៀតណាម ហើយតម្រូវឲ្យមេធាវីការពារក្ដី ត្រូវដាក់ភស្តុតាងដោះបន្ទុកនៅមុនសវនាការចាប់ផ្ដើម។ មេធាវីការពារក្ដីឲ្យសមាជិកព្រឹទ្ធសភាពីខាងគណបក្សជំទាស់ ចាត់ទុកថា ការចាត់របៀបរបស់តុលាការក្រុងភ្នំពេញនេះ ជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់មេធាវី។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ សីហា បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
