សាលា​ឧទ្ធរណ៍​នឹង​ជម្រះ​ក្តី​រឿង​លោក សម រង្ស៊ី បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ​លើ​ហ្វេសប៊ុក (Facebook) នៅ​រសៀល​ថ្ងៃ​ទី​១៧ មករា។ នេះ​បើ​តាម​ការ​អះអាង​ថា​របស់​មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី គឺ​លោក សំ សុគង់។

លោក សំ សុគង់ បញ្ជាក់​ថា ការ​បើក​សវនាការ​នេះ​បន្ទាប់​ពី​លោក​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ សាលក្រម​នោះ បង្គាប់​ឲ្យ​លោក សម រង្ស៊ី បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ១០​លាន​រៀល និង​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១៥​លាន​រៀល។ លោក សំ សុគង់ ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍ ពិនិត្យ និង​សម្រេច​ឡើង​វិញ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ជូន​ដល់​កូន​ក្តី​របស់​លោក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃ​នេះ​មាន​ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពី​មតិ​ចូល​ចិត្ត ឬ Like ក្លែងក្លាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។ លោក​ថា ចំនួន​ចូល​ចិត្ត (Like) មួយ​ចំនួន​ធំ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​គណនី​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ​ចូល​ចិត្ត (Like) ឲ្យ​លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​បន្ត​ថា អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើ​បែប​នេះ​ច្រើន​ជាង​គេ គឺ​នៅ​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines)។

ក្រោយ​ពី​ការ​សរសេរ​លាត​ត្រដាង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុច​ចូល​ចិត្ត (Like) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កើន​ចំនួន​ច្រើន​នោះ មួយ​ថ្ងៃ​ក្រោយ​មក សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ក៏​បាន​ចេញ​មុខ​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី វិញ ដោយ​ទាមទារ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​លោក សម រង្ស៊ី តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន ២០​លាន​រៀល ដែល​ស្មើ​ប្រមាណ ៥​ពាន់​ដុល្លារ​អាមេរិក។

រហូត​មក​ដល់​ពេល​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​វិល​ចូល​ស្រុក កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​តុលាការ​ចំនួន ៥​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។