ស្ត្រី​ចំណាស់​រង​បណ្ដឹង​ប្រើ​ហិង្សា​កាល​ពី​២​ឆ្នាំ​មុន​នៅ​បឹងកក់​រំពឹង​ថា​ទទួល​បាន​យុត្តិធម៌

ដោយ រ៉ាន់ សំណាង
2017.01.25
ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី ២០១៧ ៨៥៥ សកម្មជន​ដីធ្លី​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ហៅ​ឡើង​បំភ្លឺ​រឿង​ហិង្សា ដែល​ប្ដឹង​ដោយ​អ្នក​រស់នៅ​តំបន់​បឹងកក់​ជាមួយ​គ្នា ចោទ​ថា​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ខ្លួន​កាល​ពី ២​ឆ្នាំ​មុន។

ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ដែល​រងគ្រោះ​របួស​បែក​ក្បាល និង​រង​បណ្ដឹង​នៅ​តុលាការ​ទៀត​នេះ សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​រូប​គាត់។

បន្ទាប់​ពី​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជិត ១​ម៉ោង​មក សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា រូប​គាត់​អាច​នឹង​មាន​វាសនា​ដូច​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ស្ត្រី​វ័យ​ជាង ៧០​ឆ្នាំ​រូប​នេះ ចាត់​ទុក​ការ​កោះ​ហៅ​រូប​គាត់​មក​បំភ្លឺ​រឿង​ហិង្សា​ដោយ​ចេតនា ប្ដឹង​ដោយ​អ្នកស្រី តុល ស្រីពៅ ថា​ជា​ការ​ដាក់​គំនាប​មក​លើ​ពួក​គាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​នានា​ក្នុង​សង្គម និង​ខាតបង់​ពេលវេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោកស្រី​នៅ​តែ​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ពិត​ប្រាកដ៖ «គេ​គំរាម​កំហែង​ខ្ញុំ​យ៉ាង​ម៉េច​ក៏ដោយ ខ្ញុំ​នៅ​តែ​ចេញ​តវ៉ា​ដែរ។ ខ្ញុំ​នៅ​តែ​ទាមទារ​រក​យុត្តិធម៌ ជន​ដៃ​ដល់​ហ្នឹង​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ខ្ញុំ​នេះ ក៏​ខ្ញុំ​នៅ​តែ​មក​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌ ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។ ប្រសិន​បើ​ជា​តុលាការ​ឯករាជ្យ យុត្តិធម៌​ហ្នឹង ត្រូវ​តែ​ចាប់​ជន​ល្មើស​មក​ឲ្យ​ដល់​ដៃ មក​ផ្ដន្ទាទោស​តាម​ច្បាប់»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី តុល ស្រីពៅ បាន​ទេ។

សកម្មជន​ដីធ្លី​ម្នាក់​នៅ​តំបន់​បឹងកក់ លោកស្រី គង់ ចន្ថា ដាក់​ការ​សង្ស័យ​ថា ការ​ប្ដឹង​ផ្ដល់​រវាង​អ្នក​បឹងកក់​នេះ មិន​មែន​កើត​ចេញ​ពី​អ្នក​បឹងកក់​នោះ​ទេ គឺ​មាន​អាជ្ញាធរ​នៅ​ពី​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​បែកបាក់​សាមគ្គី​គ្នា កាល​ពី​មាន​ការ​តវ៉ា​ដំណោះស្រាយ​ដីធ្លី​ពី​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)

ខណៈ​រឿង​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​នៅ​ឡើយ ចៅក្រម​ស៊ើបសួរ លោក អ៊ី ថាវរៈ ថ្លែង​ឲ្យ​ដឹង​ថា នឹង​បន្ត​សាកសួរ​មនុស្ស​មួយ​ចំនួន​ទៀត។ គិត​មក​ដល់​ពេល​នេះ លោក អ៊ី ថាវរៈ បាន​សាកសួរ​លោកស្រី តុល ស្រីពៅ ដែល​ជា​ដើម​ចោទ លោកស្រី ង៉ែត ឃុន ជា​ចុង​ចម្លើយ លោកស្រី គង់ ចន្ថា និង​អ្នកស្រី ទេព វន្នី ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ឲ្យ​លោកស្រី ង៉ែត ឃុន រួម​ទាំង​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ជា​សាក្សី​ឲ្យ​លោកស្រី តុល ស្រីពៅ។ ចំពោះ​ពេលវេលា​ដែល​ត្រូវ​បិទ​ការ​ស៊ើបសួរ​លើ​រឿង​នេះ លោក អ៊ី ថាវរៈ នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ៖ «បាទ! ជា​ធម្មតា​មាន​ចៅក្រម​ស៊ើបសួរ​លុះត្រា​តែ​មាន​ការ​បើក​ការ​ស៊ើបសួរ​ពី​តំណាង​អយ្យការ ទាក់ទង​នឹង​អង្គ​ហេតុ​អី បាន​ចៅក្រម​ស៊ើបសួរ​គាត់​ស៊ើបសួរ​រក​ទាំង​ចំណុច​ដាក់​បន្ទុក និង​ដោះ​បន្ទុក​ទាក់ទង​ជាមួយ​នឹង​អង្គ​ហេតុ​ហ្នឹង។ តើ​មាន​ពិរុទ្ធភាព ឬ​បទល្មើស​លើ​អង្គ​ហេតុ​ហ្នឹង​មែន​ឬ​អត់? បើ​មាន​ចៅក្រម​ស៊ើបសួរ នឹង​បញ្ជូន​ទៅ​ជំនុំ​ជម្រះ បើ​សិន​ជា​អត់​មាន​អង្គ​ហេតុ ឬ​បទល្មើស​ហ្នឹង​ទេ នោះ​ចៅក្រម​ស៊ើបសួរ​នឹង​ចេញ​ដីកា​ដំណោះស្រាយ និង​លើកលែង​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា អ៊ីចឹង​ទៅ»

ទោះ​បី​ជា​យ៉ាង​ណា គេ​តែង​មើល​ឃើញ​ថា រាល់​បណ្ដឹង​លើ​ក្រុម​ស្ត្រី​បឹងកក់ ដូចជា​ករណី​ហិង្សា​មុខ​សាលា​ក្រុង​ភ្នំពេញ និង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នក​ទាំងនោះ​កម្រ​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ហើយ​កាត់​ទោស​ពី​តុលាការ​ក្រុង​ភ្នំពេញ​ណាស់។

តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ​រូប​នេះ​ពន្យល់​ថា ករណី​ដែល​នាំ​ឲ្យ​មាន​បើក​ការ​ស៊ើបសួរ​លើ​រឿង​ណា​មួយ​នោះ លុះត្រា​តែ​មាន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ពី​តំណាង​អយ្យការ​ជា​មុន​សិន។ តំណាង​អយ្យការ​ដែល​កាន់​សំណុំ​រឿង​ចោទ​ថា លោកស្រី ង៉ែត ឃុន ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​លោកស្រី តុល ស្រីពៅ គឺ​ព្រះរាជអាជ្ញា​រង លោក សៀង សុខ។ នៅ​ពេល​សាកសួរ​លោក សៀង សុខ រឿង​នេះ លោក​ឆ្លើយ​វិញ​ដោយ​ខ្លី​ថា កំពុង​ជាប់​ប្រជុំ។

ក្នុង​រឿង​ក្ដី​ក្ដាំ​នេះ លោកស្រី ង៉ែត ឃុន អះអាង​ថា រូប​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​លោកស្រី តុល ស្រីពៅ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​ជិត​កន្លះ​ខែ ក្រោយ​លោកស្រី​រង​របួស​បែក​ក្បាល​ដោយសារ​លោកស្រី តុល ស្រីពៅ ចោល​ដុំ​ថ្ម​ត្រូវ ខណៈ​មាន​ភាព​ចម្រូងចម្រាស​គ្នា​នៃ​ការ​សង់​បន្ទាយ​កង​រាជ​អាវុធហត្ថ​នៅ​តំបន់​បឹងកក់។ លោកស្រី ង៉ែត ឃុន និយាយ​ថា តុលាការ​ធ្វើ​ការ​តែ​លើ​បណ្ដឹង​ណា​ដែល​ប្ដឹង​រូប​គាត់ ដែល​ទើប​តែ​ដាក់​ប្ដឹង​នៅ​ចុង​ឆ្នាំ​២០១៦ ចំណែក​បណ្ដឹង​របស់​លោកស្រី​កាល​ពី​ជាង ២​ឆ្នាំ​មុន តុលាការ​ក្រុង​ភ្នំពេញ​មិន​សូវ​គិតគូរ​ប៉ុន្មាន​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) មើល​ឃើញ​ថា អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី ពោល​គឺ​ស្ត្រី​នៅ​តំបន់​បឹងកក់​នោះ តែងតែ​រង​បណ្ដឹង​ជា​បន្តបន្ទាប់។ លោក អំ សំអាត យល់​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​គំនាប ឬ​គំរាម​កំហែង​អ្នក​បឹងកក់​តាម​ផ្លូវ​ច្បាប់ ដើម្បី​រារាំង​កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​សង្គម​នោះ មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​យន្តការ​ដោះស្រាយ​រាល់​ជម្លោះ​ដោយ​សន្តិវិធី និង​បើក​ផ្លូវ​ឲ្យ​ប្រព័ន្ធ​តុលាការ​ធ្វើ​ការ​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ជា​ជាង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។