អ្នក​បឹងកក់​តវ៉ា​ដាក់​បណ្ដាសា​តុលាការ​ក្រុង​ភ្នំពេញ

ក្រុម​ស្ត្រី​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ដាក់​បណ្ដាសា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មេសា នៅ​ពេល​ដែល​អ្នក​ភូមិ ៣​នាក់ ត្រូវ​តុលាការ​កោះ​ហៅ​អោយ​ចូល​ទៅ​បំភ្លឺ។

0:00 / 0:00

ពួក​គេ​បាន​ហៅ​ដីកា​កោះ​ហៅ​របស់​តុលាការ​ថា ពុំ​បាន​ឈរ​លើ​ការ​ស៊ើប​អង្កេត ប៉ុន្តែ​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​ទឹក​ប្រាក់។ ស្រប​គ្នា​នោះ ពួក​គេ​បាន​ទាមទារ​អោយ​តុលាការ​ត្រូវ​ឈរ​លើ​គោលការណ៍​ឯករាជ្យ។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ប្រកាស​បូជា​សព​តុលាការ​ខ្មែរ និង​បាន​បន់ស្រន់​អោយ​តុលាការ​នេះ​កើត​សារ​ជា​ថ្មី​ប្រែ​ក្លាយ​ជា​តុលាការ​ដែល​ឯករាជ្យ​មាន​យុត្តិធម៌​ត្រឹមត្រូវ។

ក្នុង​ពេល​តវ៉ា​នោះ គេ​ឃើញ​ស្ត្រី​អ្នក​បឹងកក់ បាន​ទូល​ក្អម និង​ល្អី មាន​ដាក់​លាជ អង្ករ ម្ទេស អំបិល ទៀន ធូប និង​ប្រាក់​ដុល្លារ​ថត​ចម្លង ដើរ​ចេញ​តាម​ផ្លូវ​ខាង​មុខ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្រែក​រំពង​ថា តុលាការ​ខ្មែរ​ស្លាប់​ហើយ និង​ត្រូវ​ដល់​ពេល​បូជា។ បន្ទាប់​មក​ពួក​គេ​បាន​លុត​ជង្គង់​នៅ​ខាង​មុខ​អគារ​តុលាការ អុជ​ធូប បាច​ក្រដាស​ដុល្លារ​ថត​ចម្លង បោក​បំបែក​ក្អម និង​សុំ​អោយ​តុលាការ​កើត​សារ​ជា​ថ្មី​អោយ​ខុស​ពី​ការ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន។

ការ​តវ៉ា​របស់​អ្នក​ភូមិ បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បឹងកក់ ២​នាក់ និង​អ្នក​បុរីកីឡា ម្នាក់ ត្រូវ​កោះ​ហៅ​អោយ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។ ក្នុង​នោះ គឺ​អ្នកស្រី គង់ ចន្ថា និង​លោក ស៊ូ សុផល ត្រូវ​បំភ្លឺ​ពី​បណ្ដឹង​អំពើ​ហិង្សា​ចេតនា​ទៅ​វិញ​ទៅ​មក ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៤ មករា ឆ្នាំ​២០១២។ អ្នកស្រី ស ស៊ន អ្នក​បុរីកីឡា ត្រូវ​បំភ្លឺ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត ប្ដឹង​ដោយ​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច។ យ៉ាង​ណា ការ​តវ៉ា​នោះ​បាន​រំសាយ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពី​មេធាវី​ថា ការ​សាកសួរ​ត្រូវ​លើក​ពេល។

សកម្មជន​ទាមទារ​សិទ្ធិ​ដី​ធ្លី អ្នកស្រី គង់ ចន្ថា បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ថា អ្នកស្រី​អស់​ជំនឿ​លើ​តុលាការ​បច្ចុប្បន្ន និង​ចង់​បាន​តុលាការ​ថ្មី​ដែល​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ស្លូត​ត្រង់ ពុំ​មែន​ធ្វើ​តាម​ខ្សែ​ញាក់​របស់​អ្នក​មាន​ប្រាក់​មាន​អំណាច។

ចំណែក​អ្នកស្រី ស ស៊ន បាន​លើក​ឡើង​ដែរ​ថា បើ​តុលាការ​យុត្តិធម៌ គួរ​តែ​ចាត់​ការ​រឿង​ក្តី​របស់​អ្នកស្រី​ដែល​ប្ដឹង​អ្នកស្រី ស៊ុយ សុផាន ថា​បាន​រំលោភ​កិច្ច​សន្យា​សាងសង់​អគារ​មិន​បាន​គ្រប់​ចំនួន។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​តុលាការ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មេសា។

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន ប្រសាសន៍​ថា នៅ​ពេល​ដែល​ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​លើ​តុលាការ ស្ថាប័ន​នេះ​គួរ​តែ​ពិចារណា​រក​វិធី កែទម្រង់​ដើម្បី​ផ្ដល់​ជំនឿ​ដល់​ប្រជាពលរដ្ឋ​ឡើង​វិញ។

ក្នុង​ពេល​ទាមទារ​នៅ​ល្ងាច​នេះ អ្នក​តវ៉ា​មិន​ភ្លេច​ដង្ហោយ​ហៅ​តុលាការ​អោយ​ពិចារណា​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ក្នុង​តំបន់​បឹងកក់ នា​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។