តុលាការខេត្តរតនគិរី បានចាប់ខ្លួនជនពាក់ព័ន្ធកាប់រានព្រៃឈើក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ មួយរូប។ ការចាប់ខ្លួននេះ កើតមានឡើងបន្ទាប់ពីមានការចាប់ឃុំខ្លួនក្នុងករណីដូចគ្នា ទៅលើប្រធានការិយាល័យភូមិបាលស្រុក គឺលោក ម៉ឹង មុន្ឋិន កាលពីសប្ដាហ៍មុន។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកបំភ្លឺពីករណីកាប់រានព្រៃឈើខុសច្បាប់ តាំងពីខែតុលា ឆ្នាំ២០១៣។ ជនជាប់ចោទមានឈ្មោះ ហិន ស៊ីថា ជាមន្ត្រីក្នុងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រស់នៅឃុំកាឡែង ស្រុកលំផាត់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែមីនា។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ជា សុភ័ក្រ ឲ្យដឹងពីការចាប់ខ្លួននេះថា ជនជាប់សង្ស័យត្រូវបានសមត្ថកិច្ចរកឃើញពីបទកាប់រានព្រៃឈើខុសច្បាប់ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតបន្តក្នុងរឿងក្តីនេះ។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតពីរឿងក្តីនេះទេ៖ «ឆ្លើយថាបានកាប់ព្រៃហ្នឹងមែន ដោយមានឯកសារភស្តុតាងបញ្ជាក់បានច្បាស់លាស់ អ៊ីចឹងចៅក្រមស៊ើបសួរគាត់សម្រេចឃុំខ្លួនអ៊ីចឹងទៅ»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) ខេត្តរតនគិរី ឲ្យដឹងថា ព្រៃឈើប្រមាណ ៥ហិកតារ នៅតំបន់ទឹកជ្រោះអូរសៀនឡែ ក្នុងស្រុកលំផាត់ ត្រូវបានគេកាប់រាន ដើម្បីយកដីជាកម្មសិទ្ធិ។ អ្នកកាប់រានព្រៃឈើនេះ ពាក់ព័ន្ធមន្ត្រីមូលដ្ឋានសហគមន៍អភិរក្សតំបន់ទេសចរណ៍ និងមន្ត្រីអាជ្ញាធរនៅតំបន់នោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក ឆាយ ធី កត់សម្គាល់ថា នេះគឺជាយុទ្ធនាការក្តៅមួយដែលមន្ត្រីស្ថាប័នតុលាការអនុវត្តវិធានការច្បាប់ ចំពោះអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលកន្លងទៅនេះមានបទល្មើសព្រៃឈើធំៗជាច្រើន មិនត្រូវបានស្ថាប័ននេះអនុវត្តវិធានការច្បាប់នៅឡើយ។ លោកបន្តថា នេះជាករណីគំរូ និងព្រមានដល់ជនពាក់ព័ន្ធបទល្មើសព្រៃឈើដទៃទៀត ឲ្យចៀសវាងអំពើខុសច្បាប់នេះ៖ «នេះជាចំណាត់ការល្អមួយក្នុងការកែទម្រង់កាត់បន្ថយការកាប់រានព្រៃឈើនៅតំបន់ខេត្តរតនគិរី។អ៊ីចឹង បើសិនវិធានការចាត់ការយ៉ាងក្តៅគគុកលើកនេះហើយ បើស្ថាប័នជំនាញព្រៃឈើ និងតុលាការធ្វើជាបន្ត យើងអាចទប់ស្កាត់បញ្ហាកាប់រានព្រៃឈើ និងការហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់ឲ្យមានប្រសិទ្ធភាព»។
មន្ត្រីអាដហុក ដដែលឲ្យដឹងថា ការទន្ទ្រានកាន់កាប់តំបន់ទេសចរណ៍នេះ គឺធ្វើឡើងជាប្រព័ន្ធ។ ដីត្រូវគេបែងចែករួមមាន សម្រាប់រដ្ឋបាលស្រុក ១ហិកតារ សម្រាប់សង់វិទ្យាល័យ ១ហិកតារ ចែកមន្ទីរភូមិបាល ១ហិកតារ ចែករដ្ឋបាលឃុំ ១ហិកតារ ចែកគណៈកម្មការការពាររមណីយដ្ឋាន ១ហិកតារ ចែកសហគមន៍ភូមិ ១ហិកតារ និងលក់ទៅឈ្មោះ ហិន ស៊ីថា ជាមន្ត្រីកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឈ្មោះ ណាត់ ប៊ុនណា មេប៉ុស្តិ៍អូរសៀនឡែ ៣ហិកតារ។
តំបន់រមណីយដ្ឋានទឹកជ្រោះ ៧ជាន់ ជាតំបន់ទេសចរណ៍ធម្មជាតិសុទ្ធសាធ។ កាលពីមុនឆ្នាំ២០១០ ព្រៃឈើនៅតំបន់នេះរងការកាប់រានយកដីអស់ជាច្រើនរយហិកតារ។ រហូតបច្ចុប្បន្ន មន្ទីរទេសចរណ៍ខេត្តបានអភិរក្សតំបន់នេះលើផ្ទៃដីប្រមាណ ៤០០ហិកតារ និងបានប្រគល់តំបន់នោះជូនសហគមន៍ទេសចរណ៍ជនជាតិដើមនៅតំបន់នោះអភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
