មន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ម៉ៅ ដែលចែកខិត្តប័ណ្ណឃោសនាគណបក្សសង្គ្រោះជាតិ ហើយឆ្លៀតអង្អែលស្មាក្មេងស្រីអាយុ ១៥ឆ្នាំ នៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងថ្ងៃឃោសនា ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារហើយ។
លោក យង់ នីវ មន្ត្រីព្រហ្មទណ្ឌបន្តថា សមត្ថកិច្ចមិនអាចបន្តឃុំខ្លួន លោក គង់ ម៉ៅ លើស ៤៨ម៉ោងទេ។ ទើបបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី១១ ខែកក្កដា ដើម្បីឲ្យតុលាការចាត់ការបន្ត៖ «តែអត់បានឃើញគាត់មកទេ។ អីចឹងនីតិវិធីត្រូវបញ្ជូនគាត់ទៅសាលាដំបូងពីព្រឹកមិញ។ ហើយខាងសាលាដំបូងនោះ មិនដឹងថាបានកោះហៅខាងនោះមក ឬយ៉ាងម៉េច ខ្ញុំអត់បានដឹងដែរ»។
ក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ម៉ៅ សុផល ឲ្យដឹងថា លោក គង់ ម៉ៅ ត្រូវប៉ូលិសចាប់ឃុំកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ លោក គង់ ម៉ៅ ត្រូវក្រុមគ្រួសារកុមារីប្ដឹងទៅសាលាឃុំបានកាម ដើម្បីសម្របសម្រួល។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋានស្រុកភ្លាមៗ ដោយគ្មានការដោះស្រាយ។ លុះដល់ថ្ងៃទី១០ ខែកក្កដា បញ្ជូនបន្តទៅស្នងការខេត្ត ហើយថ្ងៃទី១១ ខែកក្កដា បញ្ជូនទៅពន្ធនាគារខេត្ត ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។
ពាក់ព័ន្ធការបញ្ជូន លោក គង់ ម៉ៅ អាយុ ៧៥ឆ្នាំ ទៅតុលាការនេះ ឪពុកកុមារីដែលជាដើមចោទ គឺលោក ម៉ី ខន ថ្លែងថា គាត់ និងលោក គង់ ម៉ៅ នៅក្នុងគណបក្សជាមួយគ្នា ហើយក៏បានដើរឃោសនាជាមួយគ្នានៅថ្ងៃទី៩ ខែកក្កដា នោះ។ លោកមិនបានប្ដឹងរឿងនោះទេ ប៉ុន្តែប៉ូលិសឃុំមានការចាប់ខ្លួនលោក គង់ ម៉ៅ នៅរសៀលថ្ងៃទី៩ ខែកក្កដា។ ប៉ូលិសបានហៅគាត់ និងលោក គង់ ម៉ៅ ព្រមទាំងសាក្សីទៅសាកសួរ រួចចាប់លោក គង់ ម៉ៅ បញ្ជូនទៅអធិការដ្ឋានស្រុកព្រៃកប្បាស។
លោក ម៉ី ខន ដើមចោទបន្តថា គាត់ចង់បញ្ចប់រឿងនោះនៅត្រឹមឃុំ ដោយគាត់ទារឲ្យលោក គង់ ម៉ៅ បង់ប្រាក់ ២លានរៀល។ ប៉ុន្តែប៉ូលិសបានបញ្ជូន លោក គង់ ម៉ៅ បន្តទៅអធិការដ្ឋានស្រុក ហើយទៅស្នងការដ្ឋានខេត្ត ក្រោយមកឮថា បញ្ជូនទៅតុលាការ។ លោកបន្តថា គាត់មិនបានដាក់ពាក្យប្ដឹង លោក គង់ ម៉ៅ ទៅតុលាការទេ៖ «ខ្ញុំអត់បានដាក់ពាក្យប្ដឹងទៅតុលាការទេ ព្រោះថា កាលណោះប៉ូលិសសួរខ្ញុំដែរ ពាក្យហ្នឹងឲ្យខ្ញុំធ្វើឡើង ឬមួយក៏និយាយគ្នាត្រឹមឃុំ ដល់ហើយខ្ញុំថាអត់ទេ និយាយគ្នាត្រឹមឃុំទៅ បានខ្ញុំដាក់តម្លៃ ២លានហ្នឹង»។
ក្រុមគ្រួសារ លោក គង់ ម៉ៅ គឺលោក គង់ ស៊ីម បានថ្លែងថា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ប៉ូលិសស្នងការខេត្តតាកែវ បានកោះហៅដើមចោទ និងចុងចោទមកសម្របសម្រួល។ ប៉ូលិសបានប្រាប់គាត់ថា ខាងដើមចោទទារ ៣លានរៀលបញ្ចប់រឿង។ គាត់បានយកប្រាក់មកត្រៀម ដើម្បីសុំដោះលែងលោក គង់ ម៉ៅ។ ប៉ុន្តែខាងដើមចោទមិនមកសម្របសម្រួលនៅស្នងការ ទើបប៉ូលិសបញ្ជូនគាត់ទៅពន្ធនាគារតែម្តង៖ «ថាឪពុករងគ្រោះទារ ២លាន ខាងដោះស្រាយទារ ១លាន ទាំងអស់វា ៣លាន។ ហើយដល់ឥឡូវ វាអត់ស្រេចទៀត វាអត់រួចទៀត គេអត់យកទេណា លុយហ្នឹងគេអត់យកទេ គ្រាន់តែថាទេ ព្រោះដើមចោទគេអត់មក គេអត់យកនាំជាប់ឈ្មោះគេ»។
លោក ម៉ៅ សុផល បានថ្លែងថា ប៉ូលិសបញ្ជូនលោក គង់ ម៉ៅ បន្តទៅតុលាការជាការសម្លុតស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះដើមចោទ និងចុងចោទនៅក្នុងគណបក្សសង្គ្រោះជាតិ ជាមួយគ្នា។ លោកថាជាការឆ្លៀតចំណេញនយោបាយ ព្រោះដើមចោទមិនបានប្ដឹងទៅតុលាការទេ។
ប្រធានគណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោត ប៉ិច (PEC) លោក នួន សារ៉ែម បានឲ្យដឹងថា ចាប់ពីថ្ងៃផ្ដើមឃោសនាមកដល់ថ្ងៃទី១២ ខែកក្កដា ប៉ិច មានតែពាក្យបណ្ដឹង ៣គត់។ ក្នុងនោះ បណ្ដឹងគណបក្សសង្គ្រោះជាតិ ប្ដឹងគណបក្សប្រជាជនកម្ពុជា យកសាលារៀនឃោសនា។ បណ្ដឹងនោះបានដោះស្រាយបញ្ចប់ហើយ។ បណ្ដឹងទី២ កំពុងផ្សះផ្សា គឺប្រធានគណបក្សសង្គ្រោះជាតិ ឃុំធ្លក ស្រុកទ្រាំង ប្ដឹងគណៈកម្មការរៀបចំការបោះឆ្នោតឃុំធ្លក ស៊ិក (CEC) ពីការជេរប្រមាថ។ ភាគីដើមចោទមិនសុខចិត្ត ប៉ិចនឹងបើកសវនាការនៅព្រឹកថ្ងៃទី១៣ ខែកក្កដា បន្តទៀត។ បណ្ដឹងទី៣ គណបក្សប្រជាជនកម្ពុជា ប្ដឹង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រើពាក្យឃោសនាធ្វើឲ្យប៉ះពាល់សិទ្ធិថ្នាក់ដឹកនាំភូមិរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
