មន្ត្រី​បក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ឆ្នាំង​ប្ដឹង​ករណី​គំរាម​សម្លាប់​ទៅ​តុលាការ

ដោយ ជិន ជេដ្ឋា
2016.06.24
ដួង ចន្ដ្រា ៨៥៥ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង លោក ដួង ចន្ដ្រា ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ចូល​សាលាដំបូង ដើម្បី​វែក​រក​មុខ​ជន​អនាមិក​ដែល​គំរាម​សម្លាប់​ខ្លួន តាម​រយៈ​ទូរស័ព្ទ​កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦។ មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ ឬ​សមត្ថកិច្ច​ប៉ូលិស​បើក​ការស៊ើបអង្កេត​លើ​ករណី​គំរាម​កំហែង​នេះ។

អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង ថា​បណ្ដឹង​ដែល​បាន​ដាក់​ចូល​ស្ថាប័ន​អយ្យការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា មិន​សង្ឃឹម​ថា​តុលាការ​ចាត់ការ​ឡើយ ព្រោះ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស និង​ជន​អនាមិក​ពីរ​ករណី​ផ្សេង​គ្នា​កាល​ពី​ពេល​កន្លង​ទៅ តុលាការ​មិន​បាន​ចាត់​ការ​ឡើយ បើ​ទោះ​ជា​បណ្ដឹង​កាល​ណោះ​មាន​ការ​គំរាមកំហែង និង​វាយដំ​លើ​រាងកាយ​ធ្ងន់ធ្ងរ​ជាង​នេះ។

លោក ដួង ចន្ដ្រា ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​រៀបរាប់​ថា គ្រប់​ករណី​គំរាមកំហែង និង​ប្រើ​ហិង្សា​មក​លើ​រូប​លោក គឺ​ផ្ដើម​ចេញ​ពី​រឿង​នយោបាយ។ លោក​សង្ឃឹម​ថា​នៅ​ថ្ងៃ​ណាមួយ​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ជូន​លោក​ដោយ​មិន​រើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ ប៉ុន្តែ​បើ​តុលាការ​នៅ​តែ​មិន​ចាត់​ការ​បណ្ដឹង​លើក​នេះ​ទៀត គឺ​បង្ហាញ​ច្បាស់​ថា​តុលាការ​រើសអើង​បក្ស​នយោបាយ៖ «ថ្វីត្បិត​ថា ចំណាត់​ការ​នេះ (បណ្ដឹង) មិន​បាន​ចាត់ការ​ជូន​រូប​ខ្ញុំ​ក៏​មែន​ពិត ប៉ុន្តែ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ខ្ញុំ​ត្រូវ​តែ​ដាក់​ជូន​គាត់ (តុលាការ) ដើម្បី​ឲ្យ​គិត​ថា ការ​រំលោភ​បំពាន និង​ការ​គំរាមកំហែង​លើ​រូប​ខ្ញុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ដោះស្រាយ ឬ​ស្រាវជ្រាវ​ពី​អាជ្ញាធរ​មូលដ្ឋាន»

ពាក្យ​បណ្ដឹង​ដែល​វាយ​ត្រា​ចូល​របស់​អយ្យការ​ខេត្ត​កំពង់​ឆ្នាំង ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​រៀបរាប់​ដំណើរ​រឿង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ គ្រា​ដែល​លោក ចន្ដ្រា និង​ក្រុម​ការងារ​បញ្ជូន​ស្នាមមេដៃ​ពលរដ្ឋ​ទៅ​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ​សុំ​អន្តរាគមន៍​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​កំពុង​ជាប់​ឃុំ។ ស្រាប់​តែ​មាន​ជន​អនាមិក​ប្រើ​ទូរស័ព្ទ​លេខ​០៦៧ ៧៥៥ ០៦៥ ហៅ​ចូល​ទូរស័ព្ទ​ដៃ​លោក​គំរាម​ថា អ្ហែង! ឈប់​ដើរ​ផ្ដិត​មេដៃ​ប្រយ័ត្ន​ងាប់។ អ្ហែង​អត់​រៀង​ទេ​អី​កាល​ពី​ឆ្នាំ​២០១៣ ចេង ញ៉ាន់ បញ្ជា​ឲ្យ​ប៉ូលិស​វ៉ៃ​អ្ហែង​នៅ​អត់​រៀង​ទៀត ពេល​នេះ​អ្ហែង​ងាប់​មិន​ខាន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង​លោក ចេង ញ៉ាន់ ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​របស់​ជន​អនាមិក​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​ទូរស័ព្ទ​លោក​ហៅ​មិន​ចូល។

ចំណែក​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ នៃ​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​លោក ឡុង ស៊ីថា ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បណ្ដឹង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ពន្យល់​យ៉ាង​ខ្លី​ថា នីតិ​វិធី​ក្នុង​ការ​ចាត់ការ​លើ​បណ្ដឹង ឬ​មិន​ចាត់ការ​នោះ គឺ​មិន​អាច​កំណត់​ពេល​វេលា​បាន​ទេ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ឆ្នាំង​លោក គង់ ច័ន្ទមុនី ថ្លែង​ថា ព្រះរាជ​អាជ្ញា​អាច​ចាត់ការ​បណ្ដឹង ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ក្រោយ​ពិនិត្យមើល​លើ​ធាតុផ្សំ នៃ​បទល្មើស ហើយ ​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​ដើម​បណ្ដឹង ដើម្បី​ឲ្យ​ដើម​បណ្ដឹង​មាន​លទ្ធភាព​ប្ដឹង​ទៅ​ខាង​ណា​ទៀត។ ប៉ុន្តែ​លោក​ថា ស្ថាប័ន​តុលាការ​គួរ​ចាត់ការ​លើ​រឿង​នេះ ព្រោះ​វា​ជា​បទល្មើស​គំរាម​សម្លាប់៖ «កាលណា​មាន​បណ្ដឹង​ដាក់​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត! នេះ​វា​គួរ​ចាត់ការ​រឿង​ហ្នឹង​ហើយ ព្រោះ​មាន​លេខ (ទូរស័ព្ទ) ព្រោះ​រដ្ឋបាល​នគរបាល​យុត្តិធម៌​ត្រូវ​បើក​ការ​ស៊ើបអង្កេត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​នីតិ​រដ្ឋ ដោយ​តាម​រក​ជន​សង្ស័យ​ឲ្យ​បាន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​មាន​និទ្ទណ្ឌភាព»

ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​២៣៣ ចែង​ថា​ការ​គំរាមកំហែង​ថា​នឹង​សម្លាប់ កាល​បើ​ការ​គំរាមកំហែង​នេះ​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ឬ​សម្ដែង​ចេញ​តាម​លិខិត រូប​ភាព ឬ​វត្ថុ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំមួយ​ខែ ទៅ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល ទៅ​បួន​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។