អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅល្ងាចថ្ងៃទី២ ឧសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីអង្គការសហប្រជាជាតិ។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
ក្រុមសង្គមស៊ីវិលថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតឡើងដើម្បីចាត់ការករណីអំពើពុករលួយទូទៅនៅកម្ពុជា មិនមែនដើម្បីជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលនោះទេ។
ក្រុមសង្គមស៊ីវិល ទាមទារឲ្យមានការដោះលែងអ្នកទាំង ៥នាក់នោះជាបន្ទាន់ ហើយនិងផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានដល់អ្នកការពារសិទ្ធិមនុស្ស ដើម្បីឲ្យពួកគេអាចបំពេញមុខងាររបស់ខ្លួនដោយសេរី រួចផុតពីការគំរាមកំហែង និងការដាក់ទោសទណ្ឌផ្សេងៗ។ ពួកគេក៏ទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយយុត្តិធម៌លើសំណុំរឿងនេះ និងទទូចឲ្យបញ្ឈប់ការលូកដៃជ្រៀតជ្រែកពីអង្គនីតិប្រតិបត្តិមកលើតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។