មន្ត្រី​រដ្ឋាភិបាល​ថា​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អាមេរិក

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​បារម្ភ​ថា​សមត្ថកិច្ច​សហរដ្ឋអាមេរិក ឃាត់ខ្លួន​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត តាម​ពាក្យ​បណ្តឹង​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង ដាក់​ទៅកាន់​តុលាការ​សហរដ្ឋអាមេរិក​ឡើយ។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ភរិយា​លោក មាជ សុវណ្ណារ៉ា ប្ដឹង​ពី​ការប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន ខណៈ​អង្គរក្ស​របស់​លោក​ក៏​កំពុង​ប្រឈម​នឹង ការស៊ើបអង្កេត​ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្មៀន​មេធាវី​អាមេរិក​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ទៅកាន់​តុលាការ​អាមេរិក និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​ដោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ទីនោះ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​តាមដាន​ពី​បញ្ហា​នេះ បើ​ទោះ​បី​ជា​កំពុង​រីករាយ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្ដី។

កាល​ពី​ពេល​ថ្មីៗ​នេះ ភរិយា​របស់​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន តុលាការ​ខ្មែរ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​នោះ បាន​ប្ដឹង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ទៅកាន់​តុលាការ​អាមេរិក ដោយ​ចោទប្រកាន់ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ការ​ធ្វើ​ទុក្ខ​បុក ម្នេញ​បក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។ បន្ថែម​ទៅលើ​បណ្ដឹង​នេះ អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត ក៏​កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​សហរដ្ឋអាមេរិក ក្រោយពី​បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្មៀន​មេធាវី​អាមេរិក​ម្នាក់​នៅ​ពេល​ស្មៀន​រូប​នេះ យក​ដីកា​កោះហៅ របស់​តុលាការ​ប្រគល់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត។

ទោះជា​បែបនេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មេសា ថា រដ្ឋាភិបាល​មិន​បារម្ភ​ថា​តុលាការ នៅ​សហរដ្ឋអាមេរិក នឹង​អាច​ឃាត់ខ្លួន​លោក ហ៊ុន ម៉ាណែត នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា បណ្ដឹង ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត មិន​មាន​ភស្តុតាង​ពិតប្រាកដ​ទៅតាម​អង្គហេតុ និង​អង្គច្បាប់​ឡើយ។ មួយវិញទៀត លោក​ថា លោក ហ៊ុន ម៉ាណែត មាន​អភ័យឯកសិទ្ធិ​ក្នុង នាម​ជា​ឥស្សរ​ជន​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​នៅ​បរទេស ដែល​លោក​ថា​ត្រូវតែ​ទទួល​បាន​ការ​គាំពារ៖ «រហូត​មក​ទល់​ពេលនេះ យើង​អត់​ទាន់​មាន​វិធានការ ឬ​ចាប់អារម្មណ៍​នឹង​សាច់រឿង នៃ​បណ្ដឹង​ដែល​គ្មាន​ភស្តុតាង ឬ​អង្គហេតុ​នោះ​ទេ ទី​២​យើង​ចាត់ទុកថា ការងារ​ឯកឧត្ដម ហ៊ុន ម៉ាណែត ជា​ឥស្សរជន​ដែល​ទទួល​បាន​អភ័យឯកសិទ្ធិ​ការពារ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដូច្នេះ​យើង​មិន​ចាប់អារម្មណ៍ មិន​ឲ្យ​តម្លៃ ហើយ​យើង​ចាំ​មើលៗ តើ​នីតិវិធី​តុលាការ​វិវត្ត​យ៉ាងម៉េច ?»។

មេធាវី​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ដាក់ពាក្យ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​អាមេរិក ឲ្យ​ដឹង​ថា គេ​មិន​អាច​ដាក់​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅកាន់​តុលាការ​កម្ពុជា​បានទេ ដោយសារតែ តុលាការ​កម្ពុជា មិន​ឯករាជ្យ ទទួល​សំពាធ​ពី​លោក ហ៊ុន សែន ដែល​មិន​អាច​ស្វែងរក​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ​បាន​ឡើយ។

ក្រៅពី​ទទួលរង​នូវ​ការ​ប្តឹង​ផ្តល់ លោក ហ៊ុន ម៉ា​ណែ​ត ក៏​កំពុង​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​របស់ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​វត្តមាន​របស់​លោក​ជា​បន្ត​បន្ទាប់។ ចំណែក​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កាណាដា ក៏​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​ផង​ដែរ​។ ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ សមុទ្រ យល់ថា លោក ហ៊ុន ម៉ាណែត គឺជា​សភាវៈ​អវិជ្ជមាន ដែល​វត្តមាន​របស់​លោក អាច​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​បរទេស​បែកបាក់​គ្នា។ ពិសេស​បំផុត​នោះ ដោយសារតែ​លោក ហ៊ុន ម៉ាណែត គឺជា​កូនប្រុស​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពលរដ្ឋ​ចោទ​ថា​កំពុង ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វិនាសកម្ម និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី លោក ផៃ ស៊ីផាន ចាត់​ទុក​បណ្ដឹង​និង​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​ធ្វើឡើង​គ្រាន់​តែ​មាន​គោលដៅ​ប្រមែប្រមូល​លុយ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ជា​ការ​បំបាក់មុខ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត មាស នី ពន្យល់​ថា មូលហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​តវ៉ា​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ សារ​ពួកគេ​មើល​ឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការរំលោភ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល ទៅលើ​ជនរួមជាតិ​ពួកគេ​នៅ​ក្នុង​ស្រុក​ក្នុង​ពេល​កន្លងមក ដែល​ធ្វើ​ឲ្យ​ពួកគេ​អស់​ជំនឿ​លើ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ លោក​ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក្នុង​ការ​ឈឺឆ្អាល​ពី​រឿងរ៉ាវ​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កំណើត។

លោក​បណ្ឌិត មាស នី ក៏​សម្ដែង​ការ​ខកចិត្ត​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​បណ្ដោយ​ឲ្យ អង្គរក្ស​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ជនបរទេស​នៅ​ក្រៅ​ប្រទេស។ លោក​បណ្ឌិត មាស នី ថា​នេះ​បញ្ជាក់​ឲ្យ​គេ​ឃើញ​រឹត​តែ​ច្បាស់​ថា អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត មិន​មាន​ការ​អប់រំ​ពី​ប្រជាធិបតេយ្យ​ឡើយ ហើយ​គិត​ថា​ពួកគេ​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​បាន​ដូចដែល​ធ្លាប់ ធ្វើ​នៅ​កម្ពុជា​អញ្ចឹង​ដែរ៖ «ខ្ញុំ​គិត​ថា គេ​បាន​ដឹង​ច្បាស់​ហើយ​ថា បើ​ប្ដឹង​មក​តុលាការ​ខ្មែរ​វា​ប្រាកដជា​មិនបាន ប្រយោជន៍​អ្វី​ទេ សូម្បី​ករណី​ពលរដ្ឋ​ខ្មែរ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ជា​បន្តបន្ទាប់ តុលាការ​ខ្មែរ មិន​មាន​សមត្ថភាព​រក​ឲ្យ​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នោះ​ផង បើ​ប្ដឹង​មក​ក៏​ខ្ញុំ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដែរ គេ​យក​មក​ធ្វើ​កំប្លែង​លេង​នៅ​ស្រុក​ខ្មែរ​ឥលូវ​ហ្នឹង»។

លោក​បណ្ឌិត មាស នី ថ្លែង​ថា អ្វីៗ​សុទ្ធ​តែ​មាន​ហេតុ​មាន​ផល​របស់​វា។ លោក​ថាបើ​គ្មាន​ការ គាបសង្កត់​នៅ​ក្នុង​ស្រុក​ទេ វា​ក៏​គ្មាន​បាតុកម្ម​វ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​នោះ​ដែរ។ លោក​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​នូវ​ការ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ និង​បក្ស​ប្រឆាំង ពិសេស​ត្រូវ​គោរព​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​គ្រប់​រូប ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។