ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ជាខួបបីឆ្នាំដែលអតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត បានបាញ់រះទៅលើក្រុមបាតុករនៅរោងចក្រកៅវ៉េ (Kaoway) ឋិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។ រហូតមកដល់ពេលនេះ លោក ឈូក បណ្ឌិត នៅមិនទាន់ចាប់ខ្លួនបាន ដើម្បីយកមកអនុវត្តទោសតាមដីកាបង្គាប់ចាប់ខ្លួននៅឡើយ។
កម្មការិនីដែលរងគ្រោះដោយការបាញ់ប្រហារពីអតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត បានអំពាវនាវនៅថ្ងៃទី២០ ខែកុម្ភៈ ជាថ្ងៃខួប ៣ឆ្នាំនៃការបាញ់ប្រហារ សុំឲ្យរដ្ឋាភិបាលជួយផ្ដល់យុត្តិធម៌ដល់ពួកគាត់ ដោយតាមចាប់ខ្លួនអតីតអភិបាលក្រុងរូបនោះដាក់ពន្ធនាគារ តាមដីការបស់តុលាការ។
កម្មការិនី កែវ នា អ្នករងគ្រោះដែល លោក ឈូក បណ្ឌិត បាញ់ចំដៃស្ដាំ បានថ្លែងថា រហូតមកដល់ពេលនេះ ពួកគាត់នៅតែមានអារម្មណ៍ភ័យខ្លាច ហើយឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត នៅពេលដែល លោក ឈូក បណ្ឌិត ជាជនដៃដល់ក្នុងការបាញ់ប្រហារពួកគាត់នោះនៅក្រៅឃុំនៅឡើយ៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងជួយរកយុត្តិធម៌សម្រាប់នាងខ្ញុំទាំងបីនាក់ ព្រោះថា រឿងរបស់ពួកខ្ញុំមានរយៈពេល ៣ឆ្នាំហើយ។ ពួកខ្ញុំនៅមានអារម្មណ៍ឈឺចាប់ណាស់ និងភ័យខ្លាច ព្រោះគាត់អាចសម្លាប់ពួកនាងខ្ញុំនៅពេលណាក៏បានដែរ ព្រោះគាត់មានលុយ។ ខ្ញុំសំណូមពរម្ដងហើយម្ដងទៀតឲ្យរដ្ឋាភិបាលជួយចាប់ លោក ឈូក បណ្ឌិត មកទទួលទោស ហើយសងជំងឺចិត្តពួកខ្ញុំទាំងបី»។
ទាក់ទងករណីនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានរកឃើញថា លោក ឈូក បណ្ឌិត ជាអ្នកបាញ់រះទៅលើក្រុមកម្មករដែលតវ៉ា បណ្ដាលឲ្យមានអ្នករងរបួស ៣នាក់។ សាលាដំបូងខេត្ត បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួន លោក ឈូក បណ្ឌិត មកទទួលទោស ១៨ខែ និងបង់ប្រាក់សរុប ៣៨លានរៀលដល់ជនរងគ្រោះ ចោទពីបទបង្ករបួសស្នាមដោយអចេតនា។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ តុលាការកំពូល សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង និងសាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនល្មើស គឺលោក ឈូក បណ្ឌិត ឋិតនៅក្រៅឃុំនៅឡើយ។
ស្នងការរងនគរបាលខេត្តស្វាយរៀង លោក ហែម សាបាន មានប្រសាសន៍ថា សមត្ថកិច្ចមិនបោះបង់ការតាមចាប់ខ្លួនជនល្មើសនោះទេ៖ «សមត្ថកិច្ចតាមចាប់ខ្លួនរហូត តែជនល្មើសគេចខ្លួនតាមរកមិនឃើញ»។
បើទោះបីជាសមត្ថកិច្ចអះអាងថាមិនបោះបង់សកម្មភាពតាមចាប់ខ្លួន លោក ឈូក បណ្ឌិត ក៏ដោយ តែ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានថ្លែងឲ្យដឹងថា ករណី លោក ឈូក បណ្ឌិត បាញ់កម្មការិនី ៣នាក់នោះ គឺលោកចូលរួមសោកស្ដាយជាមួយកម្មការិនី ហើយសមត្ថកិច្ចហាក់មិនមានឆន្ទៈតាមចាប់ខ្លួន លោក ឈូក បណ្ឌិត ទេ៖ «បើទោះបីជាតុលាការបានផ្ដន្ទាទោសហើយក៏ដោយ តែករណីនេះយើងមើលឃើញថា គេធ្វើគ្រាន់តែដើម្បីបិទបាំងមតិជាតិ និងអន្តរជាតិឲ្យមើលឃើញថា គេបានដំណើរការតាមផ្លូវច្បាប់ហើយ ប៉ុន្តែផ្ទុយទៅវិញ បើយើងមើលតាមឆន្ទៈពិតប្រាកដមកដល់ពេលនេះ លោក ឈូក បណ្ឌិត មិនបានចាប់ខ្លួនទេ។ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដនោះ លោក ឈូក បណ្ឌិត មិនអាចគេចផុតឡើយ ជាក់ស្ដែងដូចជា លោក ហេង ពៅ ជាដើម មិនអាចគេចផុត»។
លោកបន្ថែមទៀតថា លោក ឈូក បណ្ឌិត នៅក្រៅការឃុំឃាំងនេះ គឺបានបង្ហាញដល់មតិជាតិ និងអន្តរជាតិថា ប្រទេសកម្ពុជា គឺនៅមាននិទ្ទណ្ឌភាព ហើយវាអយុត្តិធម៌សម្រាប់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។