លោក ឈូក បណ្ឌិត ប្ដឹង​ទាស់​នឹង​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង

ជិត​មួយ​ខែ​ហើយ​ដែល​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​បង្គាប់​អោយ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ត្រូវ​កាត់​អោយ​មាន​ទោស​ចំពោះ​ការ​បាញ់​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​របួស។ មក​ដល់​ពេល​នេះ លោក ឈូក បណ្ឌិត នៅ​តែ​មាន​សេរីភាព​នៅ​ឡើយ និង​បាន​បន្ត​សំណុំ​រឿង​របស់​លោក​ទៅ​កាន់​សាលា​ឧទ្ធរណ៍។

0:00 / 0:00

អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាន​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទាស់​នឹង​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដែល​កាត់​អោយ​លោក​មាន​ទោស​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា បន្ទាប់​ពី​បាន​ចាត់​ទុក​សាលក្រម​នោះ​ថា​មិន​មាន​ភាព​យុត្តិធម៌។

មេធាវី​ការពារ​អោយ លោក ឈូក បណ្ឌិត គឺ​លោក ស៊ុន ប៊ុណ្ណារិទ្ធ មាន​ប្រសាសន៍​ថា លោក​កំពុង​រង់ចាំ​ការ​កំណត់​ពេល​វេលា​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍ បន្ទាប់​ពី​បាន​ដាក់​បណ្ដឹង​ទាស់​ទៅ​ស្ថាប័ន​នេះ​បាន​រួច​រាល់។

លោក ស៊ុន ប៊ុណ្ណារិទ្ធ ធ្លាប់​បាន​បញ្ជាក់​ភ្លាមៗ​បន្ទាប់​ពី​ចៅក្រម​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​អោយ លោក ឈូក បណ្ឌិត ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​សរុប ៣៨​លាន​រៀល ថា​ជា​សេចក្ដី​សម្រេច​ដោយ​អយុត្តិធម៌។ លោក ស៊ុន ប៊ុណ្ណរិទ្ធ បាន​បញ្ជាក់​ហេតុ​ផល​ថា សវនាការ​ពុំ​បាន​កោះ​ហៅ​សាក្សី​សំខាន់ ដែល​ជា​សាក្សី​ដោះ​បន្ទុក លោក ឈូក បណ្ឌិត ដែល​លោក​គិត​ថា បាន​ធ្វើ​អោយ​សវនាការ​ពុំ​គ្រប់​ជ្រុងជ្រោយ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ប្ដឹង​ឧទ្ធរណ៍ គឺ​ជា​សិទ្ធិ​របស់ លោក ឈូក បណ្ឌិត ប៉ុន្តែ​ក៏​បាន​បង្ហាញ​ដែរ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ធ្វេសប្រហែស​ក្នុង​ការ​តាម​ចាប់​ខ្លួន លោក ឈូក បណ្ឌិត តាម​សាលក្រម​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។

នៅ​ពេល​ដែល លោក ឈូក បណ្ឌិត បន្ត​ស្ថិត​នៅ​ក្រៅ​ឃុំ កម្មការិនី​រងគ្រោះ​ដែល​ត្រូវ លោក ឈូក បណ្ឌិត បាញ់​អោយ​របួស ក៏​បន្ត​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​ខ្វះខាត​ថវិកា​ក្នុង​ការ​ព្យាបាល នៅ​ពេល​ដែល​ស្នាម​របួស​ធ្វើ​ទុក្ខ​ម្ដងៗ។

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា បាន​កាត់​អោយ លោក ឈូក បណ្ឌិត មាន​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ អោយ​មក​ទទួល​ទោស និង​បាន​បង្គាប់​អោយ​បង់​ប្រាក់​សំណង​ទៅ​អោយ​ជន​រងគ្រោះ ប៊ុន ចិន្ដា ចំនួន ២០​លាន​រៀល នុត សុខន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។