អតីត​ប្រធាន​ចលនា​CFF​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​នៅ​អាមេរិក

សាលា​ឧទ្ធរណ៍​សហរដ្ឋ​អាមេរិក បាន​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ផ្ដន្ទាទោស​ឲ្យ​អតីត​ប្រធាន​ចលនា ស៊ី.អែហ្វ.អែហ្វ (CFF) លោក ឈុន យ៉ាសិទ្ធ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​គ្មាន​ការ​ដោះ​លែង ដោយ​ដាក់​លក្ខខណ្ឌ​ឡើយ។

លោក ឈុន យ៉ាសិទ្ធ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៥ ពី​បទ​រៀប​ចំ​ការ​វាយ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០០ បណ្ដាល​ឲ្យ​មនុស្ស ៨​នាក់​ស្លាប់ និង ១៤​នាក់​រង​របួស។

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​ប្រឹក្សា​ចៅក្រម​សាលា​ឧទ្ធរណ៍ (The Ninth Circuit) រក​ឃើញ​ថា លោក ឈុន យ៉ាសិទ្ធ មាន​បំណង​ចង់​សម្លាប់ លោក ហ៊ុន សែន ក្នុង​ប្រតិបត្តិការ​ភ្នំ​ភ្លើង ប៉ុន្តែ​នៅ​ក្នុង​សវនាការ​នោះ លោក ឈុន យ៉ាសិទ្ធ បាន​បដិសេធ​ថា ប្រតិបត្តិការ​ភ្នំ​ភ្លើង​របស់​លោក មាន​បំណង​ឲ្យ​មាន​មនុស្ស​រងគ្រោះ​តិចតួច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ភស្តុតាង​នៅ​ឯ​សាលា​ឧទ្ធរណ៍​បង្ហាញ​ថា លោក ឈុន យ៉ាសិទ្ធ ពិត​ជា​មាន​បំណង​សម្លាប់​មនុស្ស។

ក្នុង​លិខិត​ចំនួន ២៦​ទំព័រ របស់ លោក ឈុន យ៉ាសិទ្ធ បាន​បញ្ជា​ក្នុង​ផែន​ការ​យោធា​របស់​លោក​ថា ត្រូវ​ស្វែង​រក​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ក្រោយ​ពី​ការ​វាយ​ប្រហារ ដើម្បី​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង ឬ​ក៏​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។ លោក ឈុន យ៉ាសិទ្ធ បន្ត​ថា ការ​វាយ​ប្រហារ​កាល​ពី​ឆ្នាំ​២០០០ សត្រូវ​របស់​លោក​មាន​សំណាង​ដែល​អាច​រស់​មាន​ជីវិត​បាន ប៉ុន្តែ​នៅ​ពេល​ក្រោយ លោក​នឹង​បញ្ជូន​ពួក​គេ​ទៅ​នរក​ទាំងអស់។

ក្នុង​សវនាការ ចៅក្រម​បដិសេធ​សំណើ លោក ឈុន យ៉ាសិទ្ធ ឲ្យ​រួច​ពី​ការ​កាត់​ទោស ដោយសារ​ការ​វាយ​ប្រហារ​របស់​លោក​បណ្ដាល​ឲ្យ​ជន​ស្លូត​ត្រង់​មួយ​ចំនួន​បាន​ស្លាប់ ហើយ​ការ​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ជា​ការ​សម​ហេតុ​សម​ផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។