សមាជិកសភាសហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះភាពបរាជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
សេចក្ដីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១២ កុម្ភៈ សរសេរថា ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក និងជាអ្នកដឹកនាំជើងចាស់ផ្នែកប្រឆាំងការជួញដូរមនុស្ស លោក អិដ រ៉យស៍ (Ed Royce) បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក ចន ឃែររី (John Kerry) ដោយបង្ហាញពីក្ដីបារម្ភធ្ងន់ធ្ងរ ចំពោះតុលាការកំពូលកម្ពុជា ដែលឱ្យជនជួញដូរមនុស្ស ឈ្មោះ អៀម រតនា រួចទោស។
លោក អៀម រតនា ជាអតីតប្រធានអង្គភាពនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ និងជន ៣នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដោយកំបាំងមុខ ឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ កាលពីឆ្នាំ២០១១ ពីបទពាក់ព័ន្ធការជួញដូរមនុស្ស និងពេស្យាចារអនីតិជន។ សាលាដំបូងរាជធានីភ្នំពេញ ចោទ លោក អៀម រតនា សមគំនិតជាមួយជន ៣នាក់ទៀត ក្នុងការបើកបនពេស្យាចារមួយកន្លែង។
លិខិតរបស់ លោក អិដ រ៉យស៍ ជូនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី បន្តថា ជាបញ្ហាគ្រប់គ្រាន់មួយដែល លោក អៀម រតនា នៅរួចខ្លួនរហូត និងមិនដឹងនៅទីណាច្បាស់លាស់។ លោក អិដ រ៉យស៍ ថ្លែងថា ព័ត៌មានការសម្រេចរបស់តុលាការកំពូល ឱ្យជននេះរួចខ្លួន គឺធ្វើឡើងក្នុងសវនាការស្ងាត់ៗ ដោយគ្មានជូនដំណឹងដល់ភាគីពាក់ព័ន្ធណាមួយឡើយ។
លោក អិដ រ៉យស៍ មានប្រសាសន៍ថា ការឱ្យ លោក អៀម រតនា រួចខ្លួននេះ ធ្វើឱ្យបាក់ទឹកចិត្តដល់ជនរងគ្រោះដោយការជួញដូរ អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីនានា ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ លោកថា បញ្ហានេះសភាអាមេរិក គួរតែលើកយកទៅពិភាក្សាជាមួយមន្ត្រីកម្ពុជា ជាន់ខ្ពស់បំផុត គឺមិនត្រឹមតែមន្ត្រីដែលទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទេ។
វិទ្យុអាស៊ីសេរី នៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីមន្ត្រីកម្ពុជា ទេ នៅថ្ងៃទី១៣ កុម្ភៈ នេះ ដោយមន្ត្រីខ្លះជាប់ប្រជុំ និងខ្លះទៀតរុញឱ្យទៅថ្នាក់លើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
