អង្គភាពប្រឆាំងអំពើពុករលួយ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន និងមានការទិតៀនយ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីអង្គភាពមួយនេះទទួលពាក្យបណ្ដឹងពីយុវជនមួយក្រុមដែលអះអាងថា ជានិស្សិតដែលប្ដឹងទាក់ទងទៅនឹងរឿងរ៉ាវស្នេហារបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យចូលបំភ្លឺរឿងខ្សែអាត់សំឡេងឆ្លើយឆ្លងស្នេហាជាមួយស្រីកំណាន់ជាច្រើនរូប។
ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់យុវជនមួយក្រុមដែលអះអាងថាជានិស្សិតមានឈ្មោះ ស្រី ចំរើន ជាតំណាង ធ្វើឲ្យមានការរិះគន់ជាហូរហែពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេសពីសំណាក់មជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
អ្នកប្រើប្រាស់ហ្វេសប៊ុកដ៏សកម្មម្នាក់មានគណនីឈ្មោះ ឆាំ ឆានី ដែលតែងតែរិះគន់ឥតសំចៃលើរដ្ឋាភិបាល ហៅចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះថា ជារឿងមួយដែលគួរអស់សំណើចបំផុត ដោយលោកលើកឡើងថា អំពើពុករលួយនៅប្រទេសកម្ពុជា មានរាប់រយករណី ដែលក្រសួងមួយនេះមិនព្រមធ្វើ ប៉ុន្តែបែរជាចាត់ការរឿងដែលលោកអះអាងថាជារឿងផ្ទុយស្រឡះពីអ្វីដែលអង្គភាពមួយនេះពុំគួរធ្វើទៅវិញ៖ « យើងមើលឃើញអំពីករណីអំពីពុករលួយនៅស្រុកខ្មែរយើង ពីណាក៏គេដឹងដែរថា មានរាប់រយរាប់ពាន់ករណី។ ចុះហេតុអ្វីគណៈកម្មការហ្នឹងអត់ធ្វើ ហើយចំណាយពេលធ្វើរឿងស្រីញីទៅវិញ ? ធម្មតារឿងស្រីញីវាមានពាក់ព័ន្ធទៅរឿងពុករលួយទេ វាអត់ វាផ្ទុយស្រឡះ វាអត់មានសោះ គ្រាន់តែទំនាក់ទំនងទូរស័ព្ទអូនបង វាទៅជាគណៈកម្មការប្រឆាំងអំពើពុករលួយ ធ្វើទៅវិញ ដូចគណៈកម្មការហ្នឹងគេបង្កើតឡើងដើម្បីធ្វើកិច្ចការពាក់ព័ន្ធទៅនឹងរឿងពុករលួយ ឬក៏គេបង្កើតឡើងធ្វើការងារពាក់ព័ន្ធរឿងសាសងអូនបងតាមទូរស័ព្ទ »។
ថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍មុន ប្រធានការិយាល័យមេធាវី លោក សុក សំអឿន អះអាងថា ខ្សែអាត់សំឡេងដែលអង្គភាពប្រឆាំងអំពើពុករលួយយកមកប្រើប្រាស់សម្រាប់ធ្វើជាទឡ្ហីករណ៍សម្រាប់ស៊ើបអង្កេត ជាខ្សែអាត់មិនស្របច្បាប់ឡើយ ព្រោះបានមកពីការលួចថតសំឡេងសន្ទនារបស់អ្នកដទៃ។ អ្នកច្បាប់រូបនេះបន្តថា ភស្តុតាងនានាដែលមាននៅលើខ្សែអាត់សំឡេងហាក់នៅពុំទាន់គ្រប់គ្រាន់សម្រាប់យកមកធ្វើការស៊ើបអង្កេតទេ។ លោកជំរុញឲ្យអង្គភាពកំពូលមួយនេះ ប្រមូលភស្តុតាងបន្ថែមមុននឹងបើកការស៊ើបអង្កេត៖ « ឧទាហរណ៍ថាចូលឆែកឆេរដោយខុសច្បាប់ ទោះបីឆែកឆេរឃើញកាំភ្លើង ឃើញអាភៀនអីក៏ដោយ គេមិនអាចយកអាហ្នឹងជាភស្តុតាងដើម្បីសម្រាប់ចោទប្រកាន់ទេ ដោយសារការឆែកឆេរហ្នឹងវាខុសច្បាប់ មិនមែនធ្វើកោសល្យវិច័យ ហើយឃើញអាភៀន។ ដូច្នេះប្រើជាភស្តុតាង មិនអាចអ៊ីចឹងបានទេ បើអ៊ីចឹងដដែល គឺអាចធ្វើឲ្យការឆែកឆេរដោយខុសច្បាប់ ការប្រមូលភស្តុតាងដោយខុសច្បាប់ នឹងមានតទៅទៀត »។
ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ ត្រូវបានប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ស្វាគមន៍ ប៉ុន្តែលោកក៏សម្ដែងនូវទុទ្ទិដ្ឋិនិយមចំពោះអង្គភាពមួយនេះដែរ ដោយលោកលើកឡើងថា ដើមហេតុឈានដល់ការស៊ើបអង្កេតនេះ ជារឿងមិនសមហេតុផល និងជារឿងនយោបាយ។ លោក អ៊ូ វីរៈ សម្ដែងនូវការសោកស្ដាយរបស់ខ្លួនចំពោះការអនុវត្តច្បាប់របស់ក្រសួងមួយនេះ ដោយលោកលើកឡើងថា ជាការសម្រេចចិត្តបែបបក្ខពួកនិយម ដោយផ្ទុយពីគោលការណ៍នីតិរដ្ឋ និងមិនស្មើភាពគ្នាចំពោះមុខច្បាប់ឡើយ៖ « ជារឿងមួយសោកស្ដាយដែលឆ្លុះបញ្ចាំងថា ការអនុវត្តច្បាប់ គឺអាស្រ័យទៅលើការសម្រេចចិត្តបក្ខពួកនិយម មិនមែនទាក់ទងរឿងនីតិរដ្ឋ ឬមួយស្មើមុខគ្នា ស្មើភាពគ្នាចំពោះមុខច្បាប់ ហើយនេះជារឿងមួយដែលខ្ញុំសោកស្ដាយ »។

លោក អ៊ូ វីរៈ បន្តរិះគន់ចំៗទៀតថា មានមន្ត្រីគណបក្សកាន់អំណាចដែលទទួលបានប្រាក់បៀវត្សទាបៗ ដែលមានលុយកាក់ និងទ្រព្យសម្បត្តិច្រើន ដូច្នេះបើសិនជាអង្គភាពប្រឆាំងអំពើពុករលួយ យកអ្នកមានលុយជាមូលដ្ឋានគ្រឹះក្នុងការស៊ើបអង្កេតនោះ អង្គភាពមួយនេះនឹងមានកិច្ចការរបស់ខ្លួនជាច្រើនដែលត្រូវធ្វើក្នុងពេលតែមួយ៖ « ខ្ញុំមើលទៅប្រហែលអង្គភាពប្រឆាំងអំពើពុករលួយ ប្រហែលជាបើកការស៊ើបអង្កេតរាប់រយករណីក្នុងពេលតែមួយ ហើយគួរតែពិចារណាក្នុងការបើកអង្កេតទៅលើមន្ត្រីជាច្រើនដែលមានប្រាក់ខែទាប ប៉ុន្តែមានប្រាក់ខែច្រើនហ្នឹង គឺខ្ញុំឃើញមានច្រើនពាសពេញទូទាំងប្រទេសតែម្តង។ ចៅហ្វាយខេត្ត មេប៉ូលិសខេត្ត មន្ត្រីជាច្រើនផ្សេងទៀតឡើងដល់ថ្នាក់កំពូលតែម្តង គឺសុទ្ធតែមានទ្រព្យសម្បត្តិច្រើន ហើយបើគិតជាស៊ើបអង្កេតពិតប្រាកដពីប្រភពនៃទ្រព្យសម្បត្តិ ខ្ញុំគិតថាប្រជាពលរដ្ឋនឹងស្វាគមន៍ទៅវិញ »។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយយកចិត្តទុកដាក់ និងចាត់វិធានការរហ័សបែបនេះគ្រប់បណ្ដឹងផ្សេងៗទៀត នោះគឺជាការប្រសើរ។ លោកបន្តថា បើពុំនោះទេ វាអាចនាំឲ្យមានការយល់ឃើញពីសាធារណជនថា ចំណាត់ការនេះស្ថិតនៅក្រោមឥទ្ធិពល ឬជាការលើកទឹកចិត្តបែបនយោបាយ។
ក្នុងសារដដែលនោះ លោកបន្តសរសេរដោយផ្ដោតក្តីសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងមានចំណាត់ការដូចគ្នានេះចំពោះមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋាភិបាល ដែលមានតម្រុយ ឬមានការសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ ប្រសិនបើមានទ្រព្យសម្បត្តិដែលបានមកពីប្រភពដែលមិនអាចពន្យល់បាន ឬបានមកពីប្រភពខុសច្បាប់ ដោយធៀបទៅនឹងទឹកប្រាក់ចំណូលស្របច្បាប់របស់គាត់ ដូចមានចែងក្នុងមាត្រា៣៦ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
កាលពីដើមសប្ដាហ៍នេះ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បានដាក់លិខិតទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីសុំឲ្យបដិសេធជុំវិញញត្តិរបស់តំណាងយុវជន ដែលទាមទារឲ្យកោះហៅ លោក កឹម សុខា ចូលបំភ្លឺនៅរដ្ឋសភា។ លិខិតស្នើសុំនោះសរសេរថា នៅក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពុំមានមាត្រា និងប្រការណាមួយអនុញ្ញាតឲ្យរដ្ឋសភាកោះអញ្ជើញតំណាងរាស្ត្រមកបំភ្លឺពីបញ្ហាអ្វីឡើយ។ លិខិតនេះ ធ្វើឡើងដើម្បីជំទាស់ទៅនឹងញត្តិរបស់យុវជន ស្រី ចំរើន ជាតំណាងយុវជន និងនិស្សិតប្រមាណ ១០០នាក់ ដែលបានស្នើសុំឲ្យប្រធានរដ្ឋសភា កោះហៅ លោក កឹម សុខា ចូលបំភ្លឺចំពោះខ្សែអាត់សំឡេងពាក់ព័ន្ធរឿងស្នេហានោះឲ្យបានឆាប់។

ដោយឡែកយុវជនមួយក្រុមដែលដឹកនាំដោយ លោក ស្រី ចំរើន កាលពីថ្ងៃទី២៩ មីនា នេះ បានដង្ហែក្បួនរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារឲ្យ លោក កឹម សុខា បកស្រាយខ្សែអាត់សំឡេងដែលបែកធ្លាយ និងត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតាមបណ្ដាសារព័ត៌មានមួយចំនួន។ ក្រុមយុវជនដែលត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងនោះ បានប្រើប្រាស់សញ្ញាសម្គាល់របស់គណបក្សសង្គ្រោះជាតិ ដូចជា ទង់ មួក អាវ សម្រាប់ធ្វើសកម្មភាពរបស់ខ្លួន ដែលទង្វើទាំងនេះត្រូវបានគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជាសកម្មភាពអនាធិបតេយ្យ ហើយបក្សប្រឆាំងថ្កោលទោស និងត្រៀមដាក់ពាក្យប្ដឹងទៅតុលាការ។
ស្របពេលជាមួយគ្នានេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ មីនា លោក ឱម យ៉ិនទៀង ព្រមានពីការទម្លាយព័ត៌មានសម្ងាត់ស្ដីពីអំពើពុករលួយរបស់ លោក សម រង្ស៊ី បើសិនប្រធានបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសដោយការគេចវេះពីសាលដីការបស់តុលាការ នៅតែបន្តរិះគន់លើអង្គភាពប្រឆាំងអំពើពុករលួយទៀតនោះ៖ « ខ្ញុំមានព័ត៌មានច្រើនណាស់ពីបញ្ហានេះ ហើយបើគាត់នៅតែធ្វើការបំពានលើច្បាប់ យើងខ្ញុំនឹងលាតត្រដាងម្តងឲ្យគាត់ឃើញថា មានច្រើនណាស់ដែលយើងខ្ញុំខំអត់ធ្មត់លើបញ្ហានេះ។ ករណី សម រង្ស៊ី ក៏យើងខ្ញុំអត់បញ្ហាជាមួយគាត់ទេ។ យើងខ្ញុំមាន ប៉ុន្តែកន្លងហើយយើងខ្ញុំយល់ឃើញថា ជាការងារមួយដែលទុកពេលវេលាជូនទៅគាត់លើបញ្ហានេះ។ ខ្ញុំមិនចង់និយាយទេលើបញ្ហានេះ ប៉ុន្តែបើសិនគាត់នៅតែរារាំងកិច្ចការស៊ើបអង្កេតរបស់យើងខ្ញុំបែបហ្នឹងទៀត អាហ្នឹងយើងខ្ញុំនឹងបញ្ចេញជូន »។
កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានបញ្ចេញទស្សនៈរបស់ខ្លួនថា ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើករណី លោក កឹម សុខា ជារឿងដែលគ្មានប្រយោជន៍សម្រាប់សាធារណជន និងជាអង្គភាពដែលមិនស្គាល់ពីតួនាទីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
