តំណាងពលរដ្ឋនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ម្នាក់ ត្រូវបានចៅក្រមស៊ើបសួរខេត្តកោះកុង កោះហៅឲ្យចូលខ្លួនទៅបំភ្លឺពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ លើរឿងទំនាស់ដីធ្លីមួយកន្លែង។
តំណាងសហគមន៍ជាង ១០០នាក់ មកពីសហគមន៍ដោយផ្ទាល់ និងតំណាងសហគមន៍ចំនួន៣ទៀតមកពីភ្នំពេញ គឺសហគមន៍បុរីកីឡា បឹងកក់ និងសហគមន៍ថ្មគោល នៅថ្ងៃទី៣ ខែមិថុនា បាននាំគ្នារង់ចាំលទ្ធផលនៅមុខតុលាការខេត្ត ខ្លាចមានការចាប់ខ្លួន។ ប៉ុន្តែការសាកសួរនេះ បានធ្វើឡើងមិនដល់ ១ម៉ោងផង ក៏បញ្ចប់ទៅ។
អ្នកស្រី ផាវ ញ៉ើង ដែលត្រូវចៅក្រមស៊ើបសួរខេត្ត លោក ខាំ សុផារី កោះហៅសាកសួរថ្លែងថា អ្នកស្រីត្រូវ លោក ហេង ហ៊ុយ ដែលជាភាគីទំនាស់ដីធ្លី ប្ដឹងគាត់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ដោយសារតែគោរបស់គាត់ចូលមកស៊ីដំណាំក្នុងដីរបស់អ្នកស្រី ហើយងាប់ដោយពុលថ្នាំ។ ប៉ុន្តែ អ្នកស្រីមិនបានដឹងរឿងនេះទេ។
អ្នកស្រី ផាវ ញ៉ើង៖ «ថាសមត្ថកិច្ចហ្នឹងគេទៅដកហូតថ្នាំអីបានអ៊ីចឹងណា។ ចៅក្រមគាត់សួរខ្ញុំហើយ ខ្ញុំអត់ស្គាល់ថ្នាំហ្នឹង ហើយខ្ញុំអត់ដឹងផង ខ្ញុំអត់ដឹងថាថ្នាំហ្នឹងជាថ្នាំអីទេ ព្រោះអីផ្ទះបងអ្នកក្ររកតែអង្ករហូបអត់ផង។ ប៉ុន្តែអ្នកសាក្សីឲ្យស្បថបញ្ជាក់ថា ពិតជាថ្ងៃហ្នឹងខ្ញុំអត់នៅផ្ទះមែន ហើយអ្នកនៅកំពង់សីលា នោះ ខ្ញុំពិតជាធ្វើស្មៅធូរេនជាមួយគេមែនអត់ តែគ្រាន់តែខ្ញុំត្រូវបង្ហាញខ្លួនរៀងរាល់១ខែម្ដងនៅប៉ូលិសឃុំជខក្រោម»។
ពលរដ្ឋ ១២គ្រួសារ នៅភូមិព្រែកជីក បានចោទ លោក ហេង ហ៊ុយ ថាបានយកដីរបស់ពួកគាត់ចំនួន ៦០ហិកតារ ដាំដើមអំពៅ តាំងពីឆ្នាំ២០១០។ មន្ត្រីសង្គមស៊ីវិល បញ្ចេញយោបល់ថា ការប្ដឹងតំណាងពលរដ្ឋនេះ គឺជាការបំបាក់ស្មារតី ដោយសារអ្នកស្រីដឹកនាំសហគមន៍តវ៉ារឿងដីធ្លីកន្លងមក។ រីឯបណ្ដឹងរបស់អ្នកភូមិ តុលាការប្ដឹង លោក ហេង ហ៊ុយ ពីបទឈូសឆាយដំណាំអ្នកភូមិ មិនត្រូវបានតុលាការចាត់ការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
