សាលាឧទ្ធរណ៍​សម្រេច​ដោះលែង លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ឡេង ម៉ាលី
2017-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​លោក ឌិន ពុទ្ធី ដែល​ជាប់​ចោទ​ថា បើក​ឡាន​បុក​ប៉ូលិស​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មន្ត្រី​សហជីព​ថា តុលាការ​គួរ​ទម្លាក់​ចោទ​បទ​ទាំង​ស្រុង។

សេចក្ដី​សម្រេច​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ក្នុង​សវនាការ​បិទ​ទ្វារ​ជា​មួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី គឺ​លោក គីម សុជាតិ ថ្លែង​នៅ​ក្រោយ​សវនាការ​នោះ​ថា ការ​ដោះ​លែង​នេះ ជា​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន៖ «គឺ​មិន​ឲ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​គ្មាន​ការ​សម្រេច​ពី​តុលាការ ហើយ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ​គ្រប់​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ មាន​ន័យ​ថា ត្រូវ​បង្ហាញ​ខ្លួន។ ក្នុង​សេចក្ដី​សម្រេច​ចៅក្រម​អម្បាញ់មិញ គឺ​ឲ្យ​ដោះលែង​ភ្លាម។ អ៊ីចឹង​បើ​ដីកា​សម្រេច​ធ្វើ​បាន​ថ្ងៃ​ហ្នឹង គឺ​ដោះលែង​ថ្ងៃ​ហ្នឹង»

ការ​ដោះ​លែង​លោក ឌិន ពុទ្ធី ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប៉ុន្តែ​លោក​ចង់​បាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក ឌិន ពុទ្ធី និង​ដោះលែង​ទាំង​ស្រុង​តែ​ម្ដង៖ «នៅ​ពេល​នេះ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ខាង​សាលាឧទ្ធរណ៍​បាន​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព។ ប៉ុន្តែ​យ៉ាង​ណា​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ បាន​ន័យ​ថា សិទ្ធិ​របស់​គាត់​ត្រូវ​បាន​ដក​មួយ​ចំនួន​ហើយ។ ដល់​ពេល​អ៊ីចឹង យើង​ចង់​ឲ្យ​តុលាការ​ហ្នឹង​ស្វែង​រក​ភស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បន្ទាប់​មក គឺ​ថា ដោះលែង ហើយ​បន្ទាប់​មក​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​កុំ​ឲ្យ​បាត់បង់​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​សមាគម ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ ក្នុង​នាម​ជា​ពលរដ្ឋ​របស់​គាត់»

មេធាវី​ការពារ​ក្ដី គឺ​លោក គីម សុជាតិ ថ្លែង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក ងួន រតនា បាន​ចេញ​សេចក្ដី​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ក្រោយ​ពេល​ដែល​លោក​លើក​សម្អាង​ហេតុ ៦​ចំណុច៖ «ទី​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ចៅក្រម​សាលា​ដំបូង ដែល​គេ​លើក​ឡើង​ថា រឿង​ហ្នឹង​អត់​ទាន់​ជឿនលឿន ហើយ​បើ​សិន​ជា​ត្រូវ​ដោះលែង​អាច​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​សាក្សី។ ប៉ុន្តែ​រឿង​នេះ គឺ​អត់​ទេ។ បាន​ន័យ​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​បំពេញ​កិច្ច​អស់​ហើយ សាក្សី​បាន​ចូល​ឆ្លើយ​ដូច​យើង​បាន​ដឹង​ហើយ។ ទី​ពីរ ខ្ញុំ​បាន​លើក​ពី​សេរីភាព​របស់​ជន​ត្រូវ​ចោទ ហើយ​ចំណុច​មួយ​ទៀត យើង​បាន​ពី​លើក​ព្យសនកម្ម ព្រោះ​អី តាម​អ្វី​ដែល​យើង​បាន​ដឹង ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ឆ្លើយ​ហ្នឹង គឺ​គាត់​អត់​មាន​អី​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ ហើយ​គាត់​មិន​បាន​ប្ដឹង​ទាមទារ​សំណង​ទេ។ មួយ​ទៀត យើង​លើក​អំពី​ស្ថានភាព​ជីវភាព​គ្រួសារ​របស់​គាត់។ គាត់​មាន​កូន​ក្នុង​បន្ទុក​ជា​ដើម។ ចំណុច​សំខាន់​មួយ​ទៀត យើង​លើក​ឡើង​អំពី​មជ្ឈដ្ឋាន​ទូទៅ ដែល​គេ​យល់​ថា រឿង​ហ្នឹង វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ឃុំ​ខ្លួន​អ៊ីចឹង​ទេ។ អា​ហ្នឹង​សម្អាង​ហេតុ​ទាំង​អស់​ខ្ញុំ​បាន​លើក​ឡើង​ជូន​អង្គ​សវនាការ»

ទាក់ទង​នឹង​វីដេអូ​ឃ្លិប ដែល​បង្ហាញ​ពី​ហេតុការណ៍ លោក ឌិន ពុទ្ធី បើក​ឡាន នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នោះ លោក​មេធាវី​មិន​បាន​លើក​មក​ទេ ព្រោះ​លោក​ថា បាន​ដាក់​បង្ហាញ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ រួច​ហើយ។

លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក ឌិន ពុទ្ធី ជា​សកម្មជន​មាន​ឥទ្ធិពល​មួយ​រូប​ដែល​បាន​តស៊ូ​មតិ​ជាមួយ​ប៉ូលិស​ខ្មែរ និង​ថៃ ដើម្បី​ជួយ​ពលករ និង​អ្នក​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា លោក ឌិន ពុទ្ធី នៅ​តែ​មិន​ទាន់​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ​ទេ ព្រោះ​ដីកា​សម្រេច​មិន​ទាន់​ទៅ​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល