គ្រួសារ​ជន​សង្ស័យ​គំរាម​សម្លាប់​លោក សុខ ទូច អំពាវនាវ​ឲ្យ​លើក​លែង​ទោស​ស្វាមី

0:00 / 0:00

ភរិយា និង​សាច់ញាតិ​ជន​សង្ស័យ​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ការ​ចោទ​ប្រកាន់​ស្វាមី​គាត់​ដែល​កំពុង​ជាប់​ឃុំ និង​ស្នើ​ឲ្យ លោក សុខ ទូច ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ។ តែ លោក សុខ ទូច លើក​ឡើង​ថា លោក​មិន​មែន​ជា​ដើម​បណ្ដឹង​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ​ទេ។

ជន​សង្ស័យ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច បាន​សរសេរ​លិខិត​អំពាវនាវ​ពី​ពន្ធនាគារ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី លោក សុខ ទូច សុំ​ដោះ​លែង​ឲ្យ​មាន​សេរីភាព។

ភរិយា​របស់​បុរស​ជា​ជន​សង្ស័យ​ឈ្មោះ ផង់ សីហា លោកស្រី ម៉ៅ សុភ័ក្ត្រ ដែល​មាន​កូន​ក្នុង​ផ្ទៃ​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ទួលសុភី ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ថ្លែង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ស្វាមី​របស់​នាង​ដែល​កំពុង​ជាប់​ឃុំ បាន​សរសេរ​លិខិត​មួយ​ស្នើសុំ​ឲ្យ​លោក​បណ្ឌិត សុខ ទូច ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន ដក​ពាក្យ​បណ្ដឹង និង​លើក​លែង​ទោស​ចំពោះ​ស្វាមី​គាត់​ដែល​បាន​គំរាម​សម្លាប់ លោក សុខ ទូច តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ហេតុផល​នៃ​ការ​ស្នើសុំ​នេះ លោកស្រី​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ជីវភាព​គ្រួសារ​ក្រ​លំបាក ហើយ​ស្វាមី​របស់​គាត់​ចែក​រំលែក ឬ​ស៊ែ (Share) បន្ត​ពី​គេ​ដើម្បី​បង្ហោះ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​ជិត​គ្រប់​ខែ និង​បាន​ឲ្យ​គាត់​មក​រក​ស៊ី​ចិញ្ចឹម​នាង​ខ្ញុំ​វិញ។ គាត់​ធ្វើ​សំណង់​នៅ​ខ្មែរ ក៏​ធ្វើ នៅ​ថៃ ក៏​ធ្វើ។ នាង​ខ្ញុំ​ទៅ​ចង​ការ​ប្រាក់​គេ​ទៅ​មិន​ទាន់​ដោះ​ហើយ ក៏​ត្រូវ​ជាប់​ពន្ធនាគារ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា លោក​បណ្ឌិត សុខ ទូច ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ ផង់ សីហា សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​គំរាម​សម្លាប់​នេះ។ ភ្លាមៗ​នោះ ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ខ្មែរ និង​ប៉ូលិស​ថៃ សហការ​គ្នា​ចាប់​ខ្លួន​បញ្ជូន​ពី​ក្រុង​ថេប ប្រទេស​ថៃ ក្នុង​ពេល​កំពុង​ធ្វើ​ការ ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ជន​សង្ស័យ ផង់ សីហា ក៏​បាន​សរសេរ​លិខិត​សុំ​អភ័យ​ទោស​ពី​ពន្ធនាគារ ស្នើសុំ​ឲ្យ​លោក​បណ្ឌិត សុខ ទូច លើក​លែង​ទោស​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា លោក​មិន​អាច​ដក​ពាក្យ​បណ្ដឹង និង​លើក​លែង​ទោស​ឲ្យ​បុរស​នេះ​ទេ ពីព្រោះ​លោក​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ឡើយ គឺ​ជា​ចំណាត់​ការ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​អាច​ជួយ​សម្រប​សម្រួល បន្ទាប់​ពី​តុលាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ៖ «ក្រោយ​ពី​តុលាការ​សម្រេច​ហើយ តួនាទី​តុលាការ​អស់​ហើយ។ ខ្ញុំ​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល ឬ​ក៏​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ជួយ​សម្រួល។ តែ​បើ​អត់​ឆ្លង​កាត់​ទោស​ទេ ហ្នឹង​មាន​តែ​រឿង​នយោបាយ​ទេ»

មេធាវី​នៃ​សមាគម​អាដហុក (ADHOC) ការពារ​ក្ដី លោក ផង់ សីហា អ្នកស្រី មុត ពិសិដ្ឋ ថ្លែង​ថា ការ​ជេរ​ប្រមាថ គឺ​ជា​បទល្មើស ប៉ុន្តែ​តុលាការ​អាច​ពិចារណា និង​សម្រាល​ទោស​ដោយ​យោង​ទៅ​លើ​ការ​ដឹង​កំហុស និង​ការ​សុំ​អភ័យ​ទោស​របស់​ជន​ត្រូវ​ចោទ។ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

ការ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច បាន​កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម បាន​ផ្ទុះ​ឡើង និង​ទំនង​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន មិន​ពេញ​ចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​លោក។ ក្រៅ​ពី​នេះ អ្នកស្រី កុយ ពិសី ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក៏​រង​ការ​ប្រមាថ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​គ្នា។ ពាក់ព័ន្ធ​នឹង​រឿង​គំរាម​សម្លាប់​តាម​ហ្វេសប៊ុក​នេះ​ដែរ កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ដោះ​លែង​ឲ្យ​យុវជន​ឈ្មោះ តៅ សាវឿន ដែល​គំរាម​ដាក់​គ្រាប់​បែក​សម្លាប់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​តែ ១​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។