លោកមេធាវី មួង សុគន្ធ៖ «ដោយសារព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ។ ការលើកលែងទោសរបស់គាត់នេះ ខ្ញុំមិនបានទទួលដំណឹងផ្ទាល់ទេ ខ្ញុំបានទទួលដំណឹងដោយប្រយោលដែរទេ។ ខ្ញុំបានទទួលដំណឹងចុងក្រោយថា គាត់បានចេញផុតពីពន្ធនាគារហើយ»។
ដំណឹងទាក់ទង លោកស្រី ផេង គន្ធាបូរី បានរួចផុតពីពន្ធនាគារនេះ បានផ្សាយមុនគេដោយកាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាអង់គ្លេស នៅទំព័រមុខរបស់ខ្លួន។
ចៅក្រមតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ បានកាត់ទោស លោកស្រី ផេង គន្ធាបូរី ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពីបទឆបោក។ លោកស្រីត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ នៅច្រកចាំយាម ខេត្តកោះកុង។ លោកស្រី ផេង គន្ធាបូរី និងបក្ខពួកចំនួន ៣នាក់ផ្សេងទៀត ត្រូវ លោក ជា ស៊ីម ប្តឹងឲ្យចាប់ខ្លួន គឺក្រោយអាជ្ញាធរបានរកឃើញថា អ្នកទាំង ៤នាក់នោះបានជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ក្លែងបន្លំចំនួន ៥គម្រោង ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត ៦០០លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគទុនពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី ដើម្បីសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវលំ និងរោងចក្រផលិតគ្រឿងយន្ត តាមរយៈអង្គការមូលនិធិខ្មែរអភិវឌ្ឍន៍របស់ លោកស្រី ផេង គន្ធាបូរី និងក្រុមហ៊ុនសាងសង់របស់ លោក ចាន់ កុសល្យ។
គម្រោងអភិវឌ្ឍន៍មួយដែលបានបែកធ្លាយរឿងអាស្រូវនោះ គឺគម្រោងអភិវឌ្ឍន៍រោងចក្រផលិតគ្រឿងយន្តតម្លៃ ១២០លានដុល្លារអាមេរិក ដែលជនជាប់ចោទបានកុហក លោក ជា ស៊ីម ថា ជាគម្រោងជំនួយពីអ្នកវិនិយោគទុននៅប្រទេសម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី និងឈ្មោះ សែម៉ា។ លោក ជា ស៊ីម បានចុះហត្ថលេខាលើគម្រោងនោះ។ ប៉ុន្តែក្រោយមក បានដឹងថា គម្រោងនោះជាការកុហក។
ប្រធានមជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានហៅការដោះលែងនោះថា ជារឿងមិនត្រឹមត្រូវ ហើយអាចធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿលើប្រព័ន្ធតុលាការរបស់កម្ពុជា ដោយសារមនុស្សមានទោសបានរួចខ្លួន ហើយមនុស្សគ្មានទោសបែរជាជាប់ទោសទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
