វិនិយោគិនមកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) និងសមាគមពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា ខែមហ្វ៊ីបា (CAMFEBA) បង្ហាញក្ដីបារម្ភរបស់ខ្លួនមួយចំនួនចំពោះសេចក្ដីព្រាងច្បាប់សហជីព។ ទន្ទឹមគ្នានេះ វិនិយោគិនក៏ជំរុញឲ្យរដ្ឋសភា កែសម្រួលមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលនៅមានភាពចម្រូងចម្រាស ប៉ុន្តែសំណើសុំរបស់វិនិយោគិន ត្រូវបានសហជីពចាត់ទុកថា មានចេតនាជ្រៀតជ្រែកការងារសហជីពកម្ពុជា។
វិនិយោគិនក្នុងវិស័យកាត់ដេរ ជំរុញឲ្យរដ្ឋសភាកែមាត្រាមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់សហជីពចំនួន ៧ចំណុច គឺមាត្រាចែងអំពីការកំណត់ចំនួនសមាជិកក្នុងការបង្កើតសហជីព ការផ្ដល់ប្រភពថវិកាដល់ក្រសួងការងារ ការរក្សាបញ្ជិកា ការលុបបញ្ជិកា និងការផ្ដល់សិទ្ធិដល់ក្រសួងការងារ ដើម្បីព្យួរការចុះបញ្ជិការបស់សហជីព ជាដើម។
ការលើកឡើងរបស់វិនិយោគិនក្នុងវិស័យកាត់ដេរនៅពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីជំហរ និងសំណើរបស់និយោជកចំពោះសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែមីនា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងក្រុមប្រឹក្សាភិបាលនៃសហព័ន្ធវិនិយោគ និងសមាគមពាណិជ្ជកម្មកម្ពុជា ខែមហ្វ៊ីបា លោក ណាង សុធី មានប្រសាសន៍ថា ការដាក់ជូនសំណូមពរទាំង ៧ចំណុច គឺចង់ធ្វើឲ្យការកែប្រែច្បាប់ស្ដីពីសហជីពមានភាពស្មើគ្នារវាងសហជីព និងនិយោជក និងដើម្បីការពារផលប្រយោជន៍កម្មករ។ លោកអះអាងថា មាត្រាទាំងនេះមិនទាន់បានការពារផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតនៅឡើយ។ លោកបញ្ជាក់ថា ជាក់ស្តែងក្នុងមាត្រា១០ រដ្ឋសភាត្រូវកែសម្រួលការកំណត់ចំនួនសមាជិកចំនួន ២០% នៃកម្លាំងពលកម្មសរុបក្នុងសហគ្រាសមួយ ទើបអាចបង្កើតសហជីពបាន ព្រោះថា បើកំណត់ត្រឹមចំនួន ១០នាក់ អាចបង្កើតសហជីពបាន ដូចក្នុងសេចក្ដីព្រាងនៃច្បាប់នេះ គឺនាំឲ្យមានសហជីពច្រើនពេកក្នុងរោងចក្រសហគ្រាសមួយ និងធ្វើឲ្យកង្វល់ទៅលើស្ថិរភាពនៃបរិយាកាសអាជីវកម្មកម្ពុជា៖ « យើងជឿជាក់ថា បញ្ហាដែលយើងប្រឈមជាមួយសហជីព នឹងនៅតែដដែល គុណភាពនៃមេដឹកនាំសហជីពនៅតែមិនទាន់សមស្រប អ្នកវិនិយោគ គេនឹងពិចារណា ហើយទន្ទឹមនឹងអ្នកវិនិយោគិនក្នុងស្រុកគេកំពុងតែឈប់បណ្ដាក់ទុនបណ្ដើរនៅក្នុងស្រុក ដោយសារពលកម្មកាន់តែថ្លៃ និងដោយសារតែច្បាប់មិនទទួលការអភិវឌ្ឍ »។
ក្រៅពីនេះ ខាងក្រុមវិនិយោគិនក្នុងវិស័យកាត់ដេរ ក៏យល់ថា មាត្រា២០ នៃសេចក្តីព្រាងច្បាប់នេះ អាចបង្កក្តីបារម្ភសម្រាប់និយោជកផងដែរ ពីព្រោះច្បាប់នេះបានកំណត់កម្រិតអប់រំទាបពេកសម្រាប់មេដឹកនាំសហជីពដែលត្រូវកាន់តួនាទីគ្រប់គ្រងក្នុងសហជីពមួយៗ។ មិនតែប៉ុណ្ណោះ វិនិយោគិនក៏សុំឲ្យរដ្ឋសភាកែសម្រួលមាត្រា១៩ ដែលចែងថា មានតែតុលាការការងារប៉ុណ្ណោះដែលអាចព្យួរបញ្ជិកាសហជីពមិនឲ្យប្រតិបត្តិការ ប្រសិនបើសហជីពត្រូវបានរកឃើញថា បានអនុវត្តការងារដោយរំលោភច្បាប់។
ទាក់ទងនឹងការលើកឡើងរបស់វិនិយោគិនចំពោះចំណុចនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ចំណុចនានាដែលខាងវិនិយោគិនលើកឡើង គឺចង់បំផ្លាញសហជីព និងសិទ្ធិកម្មករក្នុងការបង្កើតសហជីព ពិសេសជាចេតនាជ្រៀតជ្រែកការងាររបស់សហជីពនៅកម្ពុជា ប៉ុណ្ណោះ៖ « បច្ចុប្បន្នច្បាប់មិនទាន់ទាំងកំណត់ ១នាក់ ឬ ៣នាក់ ដើម្បីបង្កើតសហជីពបានផង សម្រាប់សហជីពឯករាជ្យ ចឹងអានេះជាចេតនាអាក្រក់មួយដែលរារាំងសិទ្ធិសហជីព និងកម្មករនៅកម្ពុជា »។
ឆ្លើយតបនឹងការស្នើសុំរបស់ក្រុមអ្នកវិនិយោគិន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វិទ្យុអាស៊ីសេរី ថា ការស្នើសុំរបស់តំណាងវិនិយោគិន វាមានទិសដៅផ្ទុយគ្នាពីការស្នើសុំរបស់ក្រុមសហជីព។ លោកថា គណៈកម្មការចំពោះកិច្ចគណបក្សទាំងពីរគណបក្ស បានឯកភាពគ្នាថា ការកំណត់ចំនួនសមាជិកបង្កើតសហជីពមូលដ្ឋានមួយបាន គឺមានសមាជិកយ៉ាងតិច ១០នាក់នៃកម្មករក្នុងរោងចក្រ ឬសហគ្រាសមួយ។ ដូចនេះ ការសម្រេចកែ ឬមិនកែយ៉ាងណា គឺអាស្រ័យលើរដ្ឋសភា៖ « ឥឡូវបើសភាពេញអង្គបានជជែកគ្នាហើយ ដូច្នេះទុកលទ្ធភាពឲ្យសភាពេញអង្គពិភាក្សាគ្នា ហើយចុងបញ្ចប់ យកការអនុម័តពាក្យបានការ ៥០ %+ ១ នៃចំនួនសមាជិកសភា »។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ គឺមានភាពចម្រូងចម្រាសរវាងតំណាងកម្មករ និងតំណាងថៅកែ ដែលភាគីទាំងពីរកំពុងទាមទារឲ្យកែសេចក្ដីព្រាងច្បាប់នេះ ដើម្បីការពារផលប្រយោជន៍រៀងៗខ្លួន។
ទោះបីជាបែបនេះក្ដី រដ្ឋសភាគ្រោងនឹងលើកយកសេចក្ដីព្រាងច្បាប់នេះមកពិភាក្សា ពិនិត្យ និងសម្រេចអនុម័តនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ ប៉ុន្តែក្រុមវិនិយោគិនក្នុងវិស័យកាត់ដេរ ប្រកាន់ជំហរថា ប្រសិនបើរដ្ឋសភាមិនមានការកែប្រែមាត្រាមួយចំនួនដែលបានស្នើសុំនេះ វិនិយោគិនអាចនឹងពិចារណាបញ្ឈប់វិនិយោគក្នុងវិស័យកាត់ដេរនៅកម្ពុជា ហើយងាកទៅបោះទុនវិនិយោគនៅបណ្ដាប្រទេសដទៃទៀត។ រីឯខាងសហជីពវិញប្រកាសដែរថា បើសិនជារដ្ឋសភាមិនទទួលសំណើដែលពួកគេបានទាមទារឲ្យកែប្រែចំណុចមួយចំនួនទេនោះ ក្រុមកម្មករនឹងធ្វើការបាតុកម្មប្រឆាំងនឹងច្បាប់នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
