បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ក្តីឲ្យយុវជនដែលបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) ធ្វើបដិវត្តពណ៌ ឲ្យជាប់ពន្ធនាគារ ១៨ខែ អង្គការសិទ្ធិមនុស្សអន្តរជាតិ យុវជនមួយចំនួន គណបក្សប្រឆាំង រិះគន់ថា រដ្ឋាភិបាលកំពុងប្រើប្រព័ន្ធតុលាការដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត។
ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជា សាទរនឹងសេចក្តីសម្រេចរបស់តុលាការនេះ ហើយថា រដ្ឋាភិបាលមិនដែលមានបំណងបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋណាម្នាក់ទេ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូបឺតសុន (Phil Robertson) ភ្ញាក់ផ្អើលនៅពេលតុលាការកម្ពុជា ផ្ដន្ទាទោសយុវជនដែលបង្ហោះសារលើហ្វេសប៊ុកឲ្យជាប់ពន្ធនាគារ។ លោកអះអាងថា លោក គង់ រ៉ៃយ៉ា មិនបានប្រព្រឹត្តអ្វីខុសឆ្គងរហូតដល់ត្រូវជាប់ពន្ធនាគារនោះឡើយ។ លោក ហ្វីល រ៉ូបឺតសុន មើលឃើញថា រដ្ឋាភិបាលកំពុងផ្ញើសារព្រមានដល់ប្រជាពលរដ្ឋកម្ពុជា ថា រដ្ឋាភិបាលកំពុងតាមដានរាល់សកម្មភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ដែលបង្ខំឲ្យប្រជាជនមិននិយាយរិះគន់រដ្ឋាភិបាល។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ករណីប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើបដិវត្តពណ៌កាលពីខែសីហា ឆ្នាំ២០១៥។
យុវជនមួយចំនួន ក៏រិះគន់សេចក្តីសម្រេចរបស់តុលាការនេះផងដែរ។
ជានិស្សិតឆ្នាំទី២ កញ្ញា យ៉ែម ដាលីស ខកចិត្តចំពោះការកាត់ក្តីរបស់តុលាការក្រុងភ្នំពេញ។ ខកចិត្តដ្បិត កញ្ញា ដាលីស យល់ថា ការដាក់ទោសយុវជន គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ ជារឿងហួសហេតុពេក។
កញ្ញា ដាលីស ជឿថា សេចក្តីសម្រេចរបស់តុលាការនេះ ជាសារគំរាមដល់អ្នកដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើអ៊ីនធឺណិត ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក។ កញ្ញាបន្តថា វាប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ៖ « ពួកខ្ញុំមិនពេញចិត្តនូវសាលដីកានេះទាំងស្រុងតែម្ដង ព្រោះតុលាការចោទប្រកាន់ដោយមិនមានហេតុផល។ ហេតុផល ( ដែលគេចោទ ) ដោយគាត់បង្ហាញមតិយោបល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យគាត់ជាប់ទោសរហូតដល់ ១ឆ្នាំ ៦ខែ។ ចុះអ្នកដែលបុកគេស្លាប់ ២នាក់ ហេតុអីជាប់ទោសតែពីរខែ ? នេះបើយើងប្រៀបធៀប »។
បើទោះបីជាបែបនេះក្តី កញ្ញា ដាលីស និយាយថា នាងមិនបាក់ស្បាតឈប់រិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាលនោះទេ៖ « សម្រាប់គេ ខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំ ខ្ញុំរិះគន់មិនសំចៃមាត់ទេ រឹតតែខ្លាំងឡើង ពីព្រោះខ្ញុំមើលសង្គមរាល់ថ្ងៃហ្នឹង គឺបើយើងមិនបញ្ចេញមតិ មិនបញ្ចេញយោបល់ទេ ( រដ្ឋាភិបាល ) រឹតតែខ្លាំងជាងហ្នឹងទៀត »។
យុវជនម្នាក់ទៀតឈ្មោះ សម្បត្តិ ស៊ីណា ឲ្យដឹងថា តាំងពីតុលាការចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា មក លោកបានបន្ថយបញ្ចេញមតិរិះគន់ និងបង្ហាញពីមតិផ្ទាល់ខ្លួននានា ទាក់ទងនឹងការដើរថយក្រោយរបស់សង្គម ក្រោយការគ្រប់គ្រងរបស់រដ្ឋាភិបាល។ លោក ស៊ីណា ដែលជានិស្សិតឆ្នាំទី៣ រិះគន់ថា ទង្វើរបស់តុលាការនេះជាការបំបាក់ស្មារតីយុវជន មិនឲ្យឈឺឆ្អាល និងទម្លាយភាពស្ងៀមស្ងាត់នៃភាពអវិជ្ជមានរបស់រដ្ឋាភិបាល៖ « រាល់ថ្ងៃខ្ញុំជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនដែរ តែពេលខ្ញុំក្រឡេកមើលទៅតាមស្ថានភាពនៅប្រទេសកម្ពុជា ដែលធ្វើដាក់យុវជន ខ្ញុំមានអារម្មណ៍មួយមានការភ័យខ្លាចមែនទែន ដោយយើងស្ថិតនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ហើយគ្រាន់តែការបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចង់និយាយពីអ្វីដែលយើងចង់និយាយ ជាកង្វល់ផ្ទាល់របស់យើង ចឹងធ្វើឲ្យមានការភ័យខ្លាច »។
ទន្ទឹមគ្នានេះដែរ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានហៅការកាត់ក្តីរបស់តុលាការ ថាជាការបង្ហាញនូវ «ភាពសាហាវឃោរឃៅ» របស់គណបក្សកាន់អំណាច ដើម្បីបំភិតបំភ័យ គំរាមកំហែង និងគាបសង្កត់យុវជនកម្ពុជា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលរាល់ការរិះគន់ទាំងនេះ ដោយលោកថា តុលាការបានកាត់ក្តីត្រឹមត្រូវតាមអង្គហេតុ។ អង្គហេតុដែល លោក សុខ ឥសាន អះអាងនោះ គឺយុវជន គង់ រ៉ៃយ៉ា បានប្រើសេរីភាពរបស់ខ្លួនលើសកម្រិត ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថ្លែងថា រដ្ឋាភិបាលមិនដែលគំរាមកំហែង ឬរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលបានការពារដោយរដ្ឋធម្មនុញ្ញនោះទេ៖ « ពីព្រោះគាត់អត់មានអាវុធមែន តែគាត់កៀរគរកម្លាំងជាកម្លាំងមហាជន ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ហ្នឹងវាខុសបាត់ទៅហើយ គ្រាន់តែខ្លឹមសារ នឹងមិនដល់សកម្មភាព។ បើដល់សកម្មភាព គេចាប់ដល់អ្នកដែលពាក់ព័ន្ធ មិនត្រឹមតែចាប់ខ្លួន រ៉ៃយ៉ា ដែលជាមេដើមគំនិតនោះទេ »។
ក្រុមយុវជនដែលជាមិត្តភ័ក្ដិជិតស្និទ្ធរបស់យុវជន គង់ រ៉ៃយ៉ា មួយចំនួន គ្រោងសរសេរសារទៅហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏នឹងដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ដោះលែង លោក គង់ រ៉ៃយ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
