នីតិវិធី​គ្រប់គ្រង​ប្រាក់​ចំណូល​បាន​ពី​ការ​ផាក​ពិន័យ​អំពើ​ល្មើស​ច្បាប់​ចរាចរណ៍

0:00 / 0:00

ខណៈ​ច្បាប់​ចរាចរណ៍​ថ្មី​កំណត់​ទឹក​ប្រាក់​ផាក​ពិន័យ​ច្រើន​ជាង​ច្បាប់​ចាស់​ជាច្រើន​ដង ហើយ​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ដៃ​ឲ្យ​ក្រសួង​មហាផ្ទៃ បែង​ចែក​ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ទៀត​នោះ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន កំពុង​មាន​មន្ទិល​ជុំវិញ​ការ​បែង​ចែក​ថវិកា​ទាំង​នោះ។

តើ​ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ នឹង​ត្រូវ​ធ្លាក់​ដល់​ដៃ​អ្នក​ណា​ខ្លះ?

ក្នុង​រយៈពេល ៦​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០១៦ ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មាន​ជាង ៤០០​លាន​រៀល។ ចំនួន​ទឹក​ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ នឹង​កាន់​តែ​ច្រើន​នៅ​ពេល​សមត្ថកិច្ច​កាន់​តែ​បង្កើន​សកម្មភាព​បង្ក្រាប​បទល្មើស​ចរាចរណ៍។

ដើម្បី​លើក​ទឹក​ចិត្ត​សមត្ថកិច្ច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ឯកភាព​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​ចែង​ផ្ដល់​ប្រាក់​ចំណូល​បាន​ពី​ការ​ផាក​ពិន័យ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​អនុវត្ត​ផ្ទាល់​តាម​ដង​ផ្លូវ និង​មន្ត្រី​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ពាក់ព័ន្ធ​នឹង​នីតិវិធី​ជាក់លាក់​នៃ​ការ​បែង​ចែក​ប្រាក់​ដែល​ផាក​បាន ក្រសួង​មហាផ្ទៃ ព្រម​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​៥ ខែ​មករា បាន​ចេញ​ផ្សាយ​ប្រកាស​អន្តរ​ក្រសួង​ដែល​បង្ហាញ​លម្អិត​ពី​របៀប​គ្រប់គ្រង​ប្រាក់​ចំណូល បាន​ពី​ការ​ពិន័យ​អ្នក​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ។

ប្រកាស​អន្តរ​ក្រសួង ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ប្រការ​៨ កំណត់​ថា ប្រាក់​ចំណូល​បាន​ពី​ការ​ពិន័យ ត្រូវ​បែង​ចែក​ជា ៣​ចំណែក។ ទី​១ គឺ​ចំណែក​សម្រាប់​ក្រសួង​មហាផ្ទៃ មាន​ចំនួន ៩៥% នៃ​ប្រាក់​បាន​ពី​ការ​ផាក​ពិន័យ​សរុប។ ទី​២ គឺ​ចំណែក ៤% ដែល​ត្រូវ​បង់​ចូល​ថវិកា​ជាតិ ឯ ១% ទៀត គឺ​ជា​ចំណែក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំពោះ​ចំណែក ៩៥% របស់​ក្រសួង​មហាផ្ទៃ ប្រកាស​អន្តរ​ក្រសួង​តម្រូវ​ឲ្យ​បែង​ចែក​ជា​ចំណែកៗ​បន្ត​ទៀត ក្នុង​នោះ ៧០% បាន​ទៅ​នគរបាល​ដែល​បំពេញ​ភារកិច្ច​តាម​ដង​ផ្លូវ ១០% បាន​ទៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៩% បាន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ៥% បាន​ទៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង ១% ទៀត​នៃ ៩៥% នោះ ត្រូវ​ផ្ដល់​ទៅ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ។

ពលរដ្ឋ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ គឺ​លោកស្រី កាន់ សុភាព មាន​ប្រសាសន៍​ថា លោកស្រី​តែង​តែ​ចង់​ដឹង​ថា តើ​ប្រាក់​ដែល​សមត្ថកិច្ច​ផាក​ពិន័យ​គាត់​ម្ដងៗ នឹង​ត្រូវ​បង់​ចូល​ថវិកា​ជាតិ​ឬ​ទេ?៖ «ឆ្ងល់​ថា ប្រាក់​ដែល​ពួក​គាត់​ផាក​ពី​ប្រជាពលរដ្ឋ ដូចជា​ផាក​ពី​ខ្ញុំ​អ៊ីចឹង តើ​គាត់​យក​លុយ​ហ្នឹង​ចូល​រដ្ឋ ឬ​ចូល​ហោប៉ៅ​ខ្លួន​ឯង? ព្រោះ​អី ពេល​ផាក​ខ្ញុំ​អ៊ីចឹង ខ្ញុំ​ទាមទារ​វិក្កយបត្រ តែ​គាត់​ថា​គាត់​អត់​មាន​ទេ បើ​ចង់​បាន​វិក្កយបត្រ ទាល់​តែ​យក​ម៉ូតូ​ចូល​ខណ្ឌ។ គាត់​និយាយ​អ៊ីចឹង គឺ​ភាគ​ច្រើន​ពូ​ប៉ូលិស គាត់​និយាយ​ភាសា​អ៊ីចឹង​មក​តែ​ម្ដង»

នៅ​ពេល​លោកស្រី​ដឹង​ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​បែង​ចែក​ប្រាក់​មួយ​ភាគ​ធំ​នៃ​ចំណូល​សរុប​បាន​ពី​ការ​ផាក​ពិន័យ ទៅ​ដល់​នគរបាល​ចរាចរណ៍​តាម​ដង​ផ្លូវ លោកស្រី​ហាក់​មិន​ពេញ​ចិត្ត​នោះ​ឡើយ៖ «បើ​សិន​ខាង​រដ្ឋ​ផ្ដល់​សិទ្ធិ​ឲ្យ​ប៉ូលិស​ឲ្យ​ខាង​ប៉ូលិស​ដល់​តែ ៩៥% អ៊ីចឹង ធ្វើ​ឲ្យ​ប៉ូលិស​ហ្នឹង​ដូច​របៀប​ឲ្យ​គាត់​រក​ស៊ី​ក្រៅ​អ៊ីចឹង។ អ៊ីចឹង​ឧទាហរណ៍​ថា គាត់​ត្រូវ​យាម​រយៈពេល ៨​ម៉ោង និយាយ​ឲ្យ​ចំ​ទៅ ការងារ​រដ្ឋ​បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​តែ ៨​ម៉ោង​ទេ​មើល​ទៅ អ៊ីចឹង​គាត់​អាច​ធ្វើ​លើស​ម៉ោង​ទៀត ដើម្បី​គាត់​រក​បាន​ប្រាក់​ចំណូល​បាន​ច្រើន»

ពលរដ្ឋ​ម្នាក់​ទៀត​គិត​ថា ក្រសួង​មហាផ្ទៃ គួរ​តែ​បង់​ប្រាក់​ចំណូល​ទាំងអស់​បាន​ពី​ការ​ផាក​ពិន័យ​ចូល​ថវិកា​ជាតិ សម្រាប់​បម្រើ​ឲ្យ​ការ​ចាយ​វាយ​របស់​រដ្ឋ​ទាំង​មូល៖ «កុំ​ឲ្យ​ដល់ ៩៥% អី ដើម្បី​យក​ទៅ​បម្រើ​អ្នក​រាជការ​ទាំងអស់​គ្នា​បាទ! កុំ​ឲ្យ​ចូល​ហោប៉ៅ​ប៉ូលិស​ច្រើន​ពេក ទាហាន គ្រូបង្រៀន​អី ឲ្យ​គាត់​មាន​ប្រាក់​ខែ​សមរម្យ​ទៅ។ មន្ត្រី​ក្រោម​ក្រសួង​ដូច​គ្នា​ទេ»

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​មួយ​ចំនួន នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រ​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ក៏ប៉ុន្តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល មាន​យន្តការ​ច្បាស់លាស់​ដើម្បី​ធានា​ថា ប្រាក់​លើក​ទឹក​ចិត្ត​នោះ​ពិត​ជា​បាន​ដល់​ដៃ​នគរបាល​ចរាចរណ៍​អនុវត្ត​ផ្ទាល់​ពិត​ប្រាកដ​មែន៖ «រឿង​ការ​ពិន័យ​ចរាចរណ៍​នេះ ចាំបាច់​វា​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ហ្នឹង​ហើយ ព្រោះ​ថា ថវិកា​ជាតិ​ហាក់​បី​ដូចជា​បាន​គិតគូរ​បែង​ចែក​តិចតួច​ដែរ​ទៅ​លើ​ប្រាក់​ខែ​របស់​ប៉ូលិស​ចរាចរណ៍។ បើ​ប្រៀបធៀប​ទំហំ​ការងារ​ហ្នឹង ហើយ​និង​ផល​ប្រយោជន៍​ដែល​បាន​ពី​ប្រាក់​ខែ​ហ្នឹង គឺ​មាន​ចំនួន​ហ្នឹង​វា​តិច»

នៅ​កម្ពុជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយ​ជា​ឃាតក​ឈាន​មុខ​គេ ដែល​សម្លាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជា​មធ្យម ៦​នាក់​ក្នុង​មួយ​ថ្ងៃ។ រដ្ឋាភិបាល​រំពឹង​ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​ជាង​មុន នឹង​អាច​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ យ៉ាង​ណា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​នគរបាល តែង​តែ​រង​ការ​រិះគន់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ពេល​ប្រាក់​បៀវត្សរ៍​របស់​ពួក​គាត់​នៅ​មាន​កម្រិត​តិចតួច។

ខណៈ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ប្រាក់​មួយ​ភាគ​ធំ​ដែល​បាន​ពី​ការ​ពិន័យ ដល់​នគរបាល​ចរាចរណ៍​អនុវត្ត​ផ្ទាល់​តាម​ដង​ផ្លូវ ក្រសួង​មហាផ្ទៃ មិន​ទាន់​មាន​យន្តការ​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​បែង​ចែក​ថវិកា​ទាំង​នោះ​ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ លោក រុន រ័ត្នវាសនា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មករា ថា បច្ចុប្បន្ន ក្រសួង​មិន​ទាន់​មាន​នីតិវិធី​ជាក់លាក់​ចំពោះ​កិច្ចការ​បែង​ចែក​ថវិកា​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ក្រសួង​កំពុង​គិតគូរ​ពី​រឿង​នេះ៖ «ឥឡូវ​ហ្នឹង​មិន​ទាន់​មាន​នីតិវិធី​នេះ​ទេ គ្រាន់​តែ​ថា ធ្វើ​ម៉េច​យើង​ដោះស្រាយ​ឲ្យ​បង​ប្អូន​ដែល​គាត់​អនុវត្ត​ផ្ទាល់ គាត់​បាន​ចាយ​ភ្លាមៗ​ដែរ ព្រោះ​ថា ធម្មតា​គាត់​ទៅ​ធ្វើ​ការ ប៉ូលិស​ចរាចរណ៍​ចេញ​ពី​ម៉ោង ៦​ព្រឹក ជួន​ណា​ម៉ោង ១១​យប់​បាន​ចូល​ផ្ទះ​វិញ។ ឃើញ​ថា ភ្នំពេញ​អី​រាល់​ថ្ងៃ​គាត់​ចេញ​មក​បិទ​ផ្លូវ​បាត់​ហើយ ហើយ​ល្ងាច​ឡើង​ម៉ោង ៥ ម៉ោង ៦ គាត់​មាន​ឈប់​ឯណា គេ​កំពុង​ស្ទះ​ចរាចរណ៍។ ពេល​ខ្លះ​យើង​ត្រូវ​រក​សម្រាប់​ឲ្យ​គាត់​ស្រួល​ដែរ។ អ៊ីចឹង​កំពុង​តែ​គិត​ថា យើង​ដក​លុយ​អប្បហារ​ដែល​គាត់​បាន​ហ្នឹង ឲ្យ​បាន​លឿន​បំផុត​ឲ្យ​ដល់​ដៃ​គាត់»

ការ​មិន​ទាន់​មាន​នីតិវិធី​ជាក់លាក់​បែប​នេះ គឺ​ជា​ក្ដី​បារម្ភ​របស់​សង្គម​ស៊ីវិល។ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ប្រសិន​បើ​មិន​មាន​យន្តការ​ជាក់លាក់​ទេ អំពើ​ពុក​រលួយ​អាច​នឹង​កើត​មាន៖ «រដ្ឋ​ត្រូវ​ធានា​ពន្លឿន​ល្បឿន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន​ហ្នឹង ហើយ​មេ​ប៉ូលិស​ចរាចរណ៍​តាម​តំបន់​គោលដៅ​នីមួយៗ តាម​ខេត្ត​នីមួយៗ គឺ​ត្រូវ​មាន​ព័ត៌មាន update ជា​ប្រចាំ​ដល់​សមាជិក​ប៉ូលិស​របស់​ខ្លួន ដែល​ចុះ​បំពេញ​ការងារ។ ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​នូវ​ការ​ច្បាម​យក​ផល​ប្រយោជន៍​មួយ​ដែល​មាន​ការ​សង្ស័យ​ថា កាល​ណា​ថវិកា​ហ្នឹង​ចូល​ដល់​កម្រិត​ខ្ពស់​ហើយ ពេល​ហ្នឹង​ធ្វើ​ឲ្យ​ពិបាក​នឹង​ដក​យក​មក​ចាយ​វិញ ហើយ​ការ​ដក​ថវិកា​យក​មក​ចាយ​ហ្នឹង វា​តែង​តែ​មាន​ការ​បាត់ ឬ​ក៏​ការ​កាត់​មិន​ប្រក្រតី អា​ហ្នឹង​ជា​ចំណុច​បទពិសោធន៍​កន្លង​មក​ដែល​យើង​ឃើញ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បែង​ចែក​ប្រាក់​ចំណូល​បាន​ពី​ការ​ផាក​ពិន័យ​ឲ្យ​មាន​តម្លាភាព ក្នុង​ពេល​ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​ដំបូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។