សេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត នៅតែមានភាពចម្រូងចម្រាស និងជាក្ដីព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងការការពារសិទ្ធិមនុស្ស និងអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ គឺជាការរឹតត្បិតដល់សិទ្ធិបញ្ចេញមតិ និងជាការគំរាមកំហែងដល់អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បែរជាលើកឡើងថា ក្រសួងមិនទាន់បានរៀបចំធ្វើសេចក្ដីព្រាងច្បាប់នេះជាផ្លូវការនៅឡើយ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ព្រោះថា សេចក្ដីព្រាងច្បាប់នេះជាការរឹតបន្តឹងក្នុងការបញ្ចេញមតិ និងការប្រើប្រាស់អ៊ីនធឺណិត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យា ឬអ៊ីនធឺណិត ជាមធ្យោបាយដ៏សំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាន និងស្វែងរកព័ត៌មានពីគ្រប់ទិសទី ប៉ុន្តែរដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតនោះ នឹងធ្វើឲ្យប៉ះពាល់ដំណើរការប្រជាធិបតេយ្យ៖ «ប្រទេសមួយចំនួនគេបានដាក់បញ្ញត្តិទៅលើប្រព័ន្ធអ៊ីនធឺណិតនេះមែន តែជាទូទៅគេគ្រាន់តែដាក់ជាយន្តការទេ ដើម្បីឲ្យមានភាពច្បាស់លាស់ថា ឥឡូវនៅពេលមានករណីណាមួយមានគេហទំព័រប៉ះពាល់លើអ្នកដទៃហ្នឹង គេមានគណៈកម្មការគេមួយដើម្បីត្រួតពិនិត្យ គេមានអ្នកឯកទេសមើលថា តើត្រឹមត្រូវអត់?»។
ការលើកឡើងបែបនេះនៅក្នុងវេទិកាស្ដីពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋអ្នកសារព័ត៌មាន អ្នកសារព័ត៌មានវិជ្ជាជីវៈ និងអ្នកការពារសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ី.ស៊ី.អាយ.អឹម (CCIM) នៅថ្ងៃទី២៤ ធ្នូ។
នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកំពុងរីករាលដាលនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋសប្បាយក្នុងការចែករំលែកព័ត៌មាន និងទទួលព័ត៌មានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ។ បញ្ហានេះ លោកបញ្ជាក់ថា បើសិនជារដ្ឋាភិបាលដកសិទ្ធិប្រជាពលរដ្ឋវិញ ដោយរឹតត្បិតការប្រើប្រាស់អ៊ីនធឺណិតនេះ រដ្ឋាភិបាលនឹងប្រឈមនឹងប្រជាពលរដ្ឋ៖ «ទោះបីជាមានច្បាប់ ឬមិនមានក៏ដោយ ផលប៉ះពាល់នឹងមាន ប៉ុន្តែខ្ញុំមិនជឿថា រដ្ឋាភិបាលបិទសេរីភាពក្នុងការបញ្ចេញមតិតាមរយៈអ៊ីនធឺណិតនេះបានទេ ធម្មតាយើងមើលបទពិសោធន៍ពិភពលោក លុះត្រាតែប្រទេសនោះផ្លាស់ប្ដូររបបតាមរយៈសង្គ្រាម ព្រោះថា សេរីភាពប្រៀបដូចនំអ៊ីចឹង កាលណាឲ្យនំគេហូបហើយ មិនអាចដកវិញបានទេ»។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ហ៊ុន សារឿន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតនេះ ក្រសួងមិនទាន់បានធ្វើនៅឡើយ។ លោកបញ្ជាក់ថា កន្លងមក ក្រសួងបានត្រឹមតែផ្គុំឯកសារតែប៉ុណ្ណោះ តែមកទល់ពេលនេះ មិនទាន់មានគោលការណ៍ណែនាំពីរដ្ឋាភិបាលឲ្យបន្តធ្វើសេចក្ដីព្រាងច្បាប់នេះទេ៖ «គឺឋិតនៅក្នុងផ្គុំឯកសារ ពីមុនធ្លាប់មានការផ្គុំឯកសារ។ តែឥឡូវនេះ មិនទាន់មានដំណើរអីទាំងអស់ ឯកសារដែលផ្គុំហ្នឹងក៏មិនមានយកមកតាក់តែងអ្វីទាំងអស់»។
កាលពីខែវិច្ឆិកា អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា សម្រាប់សេរីភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) ឆ្នាំនេះ ទាបជាងឆ្នាំ២០១៤។ អង្គការ ហ្វ្រីដឹម ហៅស៍ កត់សម្គាល់ការវិវឌ្ឍជាគន្លឹះ ៤ចំណុច ដែលអាចជាកត្តាគំរាមកំហែងដល់សេរីភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥។ កត្តាទាំងនោះ គឺសេចក្ដីស្នើច្បាប់ ការបង្កើតយន្តការសម្រាប់ដាក់កំហិត ចាប់កំហុសបរិហារកេរ្តិ៍ និងច្រោះព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យទម្លាក់ចោលសេចក្ដីស្នើច្បាប់បែបនេះ ដោយសារតែកាលពីពេលថ្មីៗនេះ តុលាការបានចាប់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពេលដែលយុវជនរូបនេះសរសេរអំពីបដិវត្តន៍ពណ៌នៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន។ ករណីដោយឡែកមួយទៀត គឺសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ រួមទាំង លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងផង ត្រូវបានតុលាការចោទពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង បទញុះញង់ឲ្យមានភាពវឹកវរ និងអសន្តិសុខសង្គម ក្រោយពេលដែលលោកបង្ហោះសំណៅឯកសារមិនត្រឹមត្រូវ នៃសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
