លោក ហ៊ុន សែន សន្យា​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ខុស​ច្បាប់

ដោយ វណ្ណ វិចារ
2015.03.13
ស្លាក​លេខ​ខេមរភូមិន្ទ ៦២០ ឡាន​ពាក់​ស្លាក​លេខ ខ.ម. (កង​យោធ​ពល​ខេមរ​ភូមិន្ទ) បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​អំឡុង​ខែ​កញ្ញា ២០០៨។
RFA File

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ជា​លាយលក្ខណ៍​អក្សរ​ចំពោះ​ប្រធាន​រដ្ឋសភា​ថា នឹង​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​អ្នក​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ដោយ​ខុស​ច្បាប់។

ការ​សន្យា​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដែល​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ នគរបាល​ជាតិ និង​ស្លាក​លេខ​រាជការ។

លិខិត​មួយ​ច្បាប់​របស់​រដ្ឋាភិបាល រៀបរាប់​លម្អិត​ពី​របៀប​ផ្តល់​ស្លាក​លេខ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​រួម​មាន ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ស្លាក​លេខ​រដ្ឋ។ ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ការ​ផ្តល់​ស្លាក​លេខ​ពិសេស​ឲ្យ​អ្នក​ណា​ម្នាក់ សុទ្ធតែ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់។

លិខិត​បន្ត​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ដល់​ការ​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ នគរបាល រដ្ឋ និង​រាជ​រដ្ឋាភិបាល ក្នុង​គោលដៅ​ការពារ​ជាតិ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ផល​ប្រយោជន៍​សាធារណៈ។ លិខិត​បន្ថែម​ថា ការ​ចេញ​អាជ្ញាប័ណ្ណ​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​យានយន្ត​ទាំង​នោះ​នាំ​ចូល​ស្រប​ច្បាប់ និង​បាន​បង់​ពន្ធ​ត្រឹមត្រូវ។ លិខិត​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ពុំ​ទាន់​មាន​លទ្ធភាព​ទិញ​យានយន្ត​ឲ្យ​មន្ត្រី​ជិះ​បាន​គ្រប់គ្រាន់​នៅ​ឡើយ ហើយ​ពេល​នេះ ការ​បរិច្ចាគ​យាន​ជំនិះ​គ្រប់​ប្រភេទ​ពី​សាធារណជន គឺ​ជា​ការ​ចាំបាច់ និង​មាន​ប្រយោជន៍​ធំធេង។

ឆ្លើយ​តប​នឹង​លិខិត​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​ការ​ដោះសា​របស់ លោក ហ៊ុន សែន បាន​ឡើយ។ លោក​បន្ត​ថា ការ​ផ្តល់​ស្លាក​លេខ​ពិសេស ភាគ​ច្រើន​មាន​ភាព​មិន​ប្រក្រតី​នៅ​ពី​ក្រោយ​ខ្នង។ លោក​បញ្ជាក់​ថា ឡាន​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ នគរបាល​ជាតិ រដ្ឋ និង​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នានា ដូចជា ការ​ជួញ​ដូរ​ឈើ​ប្រណីត ជួញ​គ្រឿង​ញៀន និង​រំលោភ​ច្បាប់​ចរាចរណ៍ ជាដើម។

ចំណែក​ឯ​ប្រធាន​បណ្ដាញ​រួបរួម​គណនេយ្យ​ភាព​សង្គម​អាស៊ី-បូព៌ា និង​អាស៊ី-ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា អ្នក​ប្រើប្រាស់​ស្លាក​លេខ​ពិសេស​ទាំង​នេះ ភាគ​ច្រើន​គឺ​ដើម្បី​យក​ទៅ​សំញែង​គេ​ឯង ឬ​យក​ទៅ​កាង​មុខ​របរ​រក​ស៊ី​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា គេ​ប្រើ​រថយន្ត​ទំនើប​ដែល​ពាក់​ស្លាក​លេខ​ពិសេស មិន​មែន​ដើម្បី​យក​ទៅ​បម្រើ​ប្រយោជន៍​ជាតិ​ដូច​ការ​អះអាង​របស់ លោក ហ៊ុន សែន ឡើយ។

កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ចេញ​ប្រកាស​ជា​សាធារណៈ​ពី​ចំណាត់​ការ​លើ​អ្នក​ប្រើប្រាស់​ស្លាក​លេខ​ពិសេស​ម្តង​ជា​ពីរ​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​បញ្ជា​នេះ​មិន​មាន​ប្រសិទ្ធភាព​រយៈពេល​យូរ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។