រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ត្រូវ​បាន​លាត​ត្រដាង​ថា​មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​បរទេស​ដោយ​អាថ៌កំបាំង

ដោយ ចេង ម៉េងជូ
2016.04.04
អង្គ វង្សវឌ្ឍានា ៦២០ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ប្រទេស នា​ទីស្ដីការ​ក្រសួង កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

ឯកសារ​សម្ងាត់​ជាង ១១​លាន​ច្បាប់ ដែល​លេច​ធ្លាយ​ចេញ​ពី​ក្រុមហ៊ុន​មេធាវី​ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) នៅ​ប្រទេស​ប៉ាណាមា (Panama) បាន​លាត​ត្រដាង​ពី​អាថ៌កំបាំង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដោយ​រក​ឃើញ​ថា លោក​មាន​ភាគ​ហ៊ុន ៥.០០០​ដុល្លារ​ក្នុង​ក្រុមហ៊ុន​មួយ​​ឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) មាន​មូលដ្ឋាន​នៅ ប៊្រីដធីស វឺជិន អាយឡេន (British Virgin Islands) ដែល លោក អង្គ វង្សវឌ្ឍានា ព្យាយាម​លាក់​បាំង។

របាយការណ៍​របស់​ក្រុម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ បង្ហាញ​ថា ក្រុមហ៊ុន​ច្បាប់ ម៉ូសាក់ ហ្វុនសេកា បាន​ជួយ​អតីត​មេ​ដឹក​នាំ និង​ប្រមុខ​រដ្ឋ​បច្ចុប្បន្ន​ចំនួន ១២​នាក់ ព្រម​ទាំង​អ្នក​នយោបាយ និង​មន្ត្រី​សាធារណៈ​ចំនួន ១២៨​នាក់​ផ្សេង​ទៀត​លើ​ពិភពលោក លាក់​បាំង​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ពួក​គេ ហើយ​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា លោក អង្គ វង្សវឌ្ឍានា ដែរ។

លោក អង្គ វង្សវឌ្ឍានា មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ នៅ​ថ្ងៃ​ទី​៤ មេសា ដោយ​ប្រាប់​ថា លោក​ជាប់​រវល់។ តែ​លោក​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ថា លោក​មិន​ដែល​ស្គាល់​ក្រុមហ៊ុន​ដែល​លោក​រង​ការ​ចោទ​ប្រកាន់​នេះ​ទេ។ លោក​ថា លោក​កំពុង​រៀបចំ​ញត្តិ​ដាក់​ទៅ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​កាត់​ថា អាយ.ស៊ី.អាយ.ជេ (ICIJ) ឲ្យ​បង្ហាញ​ភស្តុតាង​អំពី​ព័ត៌មាន​នេះ ហើយ​បើ​មិន​មាន​ភស្តុតាង​ទេ លោក​នឹង​ប្ដឹង​បក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។