មេធាវីការពារក្តីឲ្យលោក គឹម សុខ គ្រោងនឹងដាក់ពាក្យស្នើសុំឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណាត់ការរបស់មេធាវីនេះ គឺបន្ទាប់ពីតុលាការ កាលពីថ្ងៃទី១៧ កុម្ភៈ បានសម្រេចឃុំខ្លួនលោក គឹម សុខ ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាចតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយពីទទួលបានការពឹងពាក់ពីលោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយនោះ លោកមេធាវី ជូង ជូងី នឹងដាក់ពាក្យការពារក្តីឲ្យលោក គឹម សុខ ទៅតុលាការនៅថ្ងៃទី២០ ខែកុម្ភៈ។
លោកមេធាវី ជូង ជូងី ឲ្យដឹងបន្ថែមថា បន្ទាប់មកទៀត គឺលោកនឹងដាក់ពាក្យស្នើសុំឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំ។ រីឯដំណើរការទៅមុខទៀតយ៉ាងណានោះ គឺនៅរង់ចាំជជែកជាមួយកូនក្តីជាមុនសិន៖ « ខ្ញុំដាក់ពាក្យការពារក្តីគាត់សិន ហើយប្រហែលជាត្រូវដាក់ពាក្យស្នើសុំឲ្យដោះលែងនៅក្រៅឃុំ។ នេះគ្រាន់តែជាគម្រោង តែយើងមិនទាន់ទៅដល់រឿងក្តីនៅឡើយទេ ទាល់តែស្អែកបានយើងដំណើរការ »។
លោក គឹម សុខ បានពឹងពាក់លោក ជូង ជូងី ឲ្យធ្វើជាមេធាវីការពារក្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ជាថ្ងៃដែលលោកបានដើរចូលទៅបំភ្លឺនៅតុលាការ ប៉ុន្តែលោកមេធាវីមិនបានចូលរួមការពារក្តីឲ្យនោះទេ ដោយសារជាប់រវល់ការពារក្តីមួយករណីទៀតនៅខេត្តបន្ទាយមានជ័យ។ ទោះបីជាលោក គឹម សុខ ស្នើសុំពន្យារពេលចូលបំភ្លឺ ដោយសារមិនទាន់មានមេធាវីក្តី ក៏តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួន ហើយសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
លោកមេធាវី ជូង ជូងី អះអាងថា ការបដិសេធសំណើសុំពន្យារពេល និងសម្រេចចិត្តភ្លាមៗឃុំខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលសង្គម គឺធ្វើឡើងផ្ទុយពីច្បាប់ដែលចែងថា ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ៖ « និយាយអំពីសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ជនត្រូវចោទ ឬជនសង្ស័យមានសិទ្ធិមានមេធាវី បើគាត់អាចពឹងមេធាវីបានដោយខ្លួនឯង តុលាការត្រូវផ្តល់ឱកាសឲ្យពឹងមេធាវី តែបើគាត់មិនមានលទ្ធភាពពឹងមេធាវីទេ ក្នុងករណីរឿងឧក្រិដ្ឋ គឺតុលាការត្រូវរកមេធាវីឲ្យគាត់។ ហើយការដែលទី១ ហើយគាត់ក្នុងរយៈពេលខ្លី។ ទី២ គាត់សុំពន្យារពេល ដើម្បីសុំពឹងពាក់មេធាវី បែរជាតុលាការមិនផ្តល់ឱកាសឲ្យ គឺជាការរំលោភសិទ្ធិគាត់ធ្ងន់ធ្ងរតែម្តង »។
លោក ហ៊ុន សែន ប្ដឹងលោក គឹម សុខ ពីបទញុះញង់ឲ្យបង្កចលាចល ដោយទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ និងមួយករណីទៀត ក្រោមបណ្ដឹងរបស់រដ្ឋាភិបាលពីបទបរិហារកេរ្តិ៍ ដែលទាមទារសំណង ១០លានរៀល ឬស្មើនឹង ២.៥០០ដុល្លារ ជុំវិញករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
ចំណាត់ការរបស់តុលាការទាំងតក់ក្រហល់តាមបណ្ដឹងរបស់លោក ហ៊ុន សែន នេះ ត្រូវបានពលរដ្ឋជាច្រើនសម្ដែងការសោកស្ដាយ និងរិះគន់តុលាការ ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាល និងមិនបានដើរតួនាទីផ្ដល់យុត្តិធម៌ឲ្យពលរដ្ឋទូទៅឡើយ។
ក្រៅពីការព្រួយបារម្ភរបស់ពលរដ្ឋ ចំណែកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ក៏សម្ដែងការព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកឃ្លាំមើលសង្គមរូបនេះ ទាំងមិនទាន់ឆ្លងកាត់ជំនុំជម្រះក្ដីពីតុលាការដែរ ហើយថាខ្លួននឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។ ក្នុងសារអេឡិចត្រូនិករបស់អ្នកស្រី ផ្ញើមកអាស៊ីសេរី កាលពីថ្ងៃទី១៧ កុម្ភៈ អ្នកស្រីបន្តថា ភាពខ្វះខាតស្តង់ដារច្បាស់លាស់ក្នុងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ គឺជាការរំលោភទាំងស្រុងទៅដល់សិទ្ធិរបស់បុគ្គលដែលហ៊ានបញ្ចេញមតិ។
ដោយឡែកសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពប៉ារីសអំពីកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅប្រទេសមួយចំនួនទៀត ដូចជានៅបារាំង ហូល្លង់ដ៍ (Netherlands) និងកម្ពុជា ជាដើម នៅថ្ងៃទី១៧ កុម្ភៈ ស្នើឲ្យសហគមន៍អន្តរជាតិ មិនត្រូវរង់ចាំសម្ងំស្ងៀមចំពោះករណីដែលត្រូវការអន្តរាគមន៍អន្តរជាតិ ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់ការរំលោភបំពានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
