ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានសម្រេចទម្លាក់បទចោទមួយក្នុងចំណោមពីរករណី លើសកម្មជនការពារបរិស្ថាន លោក វ៉ែន វ៉ន ដែលជាជនជាតិដើមភាគតិចជង។ មេធាវីការពារជនជាប់ចោទ និងសង្គមស៊ីវិល ស្នើទៅតុលាការឲ្យទម្លាក់បទចោទទាំងពីរករណីនេះចោល ព្រោះថា សកម្មជនការពារបរិស្ថានរូបនេះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។
នៅថ្ងៃទី៣ ខែមីនា ខាងមុខ សាលាដំបូងខេត្តកោះកុង នឹងប្រកាសសាលក្រមថា តើវាសនារបស់សកម្មជនការពារបរិស្ថាន គឺលោក វ៉ែន វ៉ន នឹងត្រូវដេកគុកបន្ត ឬទទួលបានសេរីភាពឡើងវិញ?
សវនាការសួរដេញដោលពេញមួយព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដែលមានវត្តមានជនជាប់ចោទ លោក វ៉ែន វ៉ន ក្នុងសម្លៀកបំពាក់ឈុតពណ៌ទឹកក្រូច ដៃជាប់ខ្នោះ ចូលរួមដែរនោះ គឺទាក់ទងករណីប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត និងបទល្មើសលុបបំបាត់វត្ថុតាង ទាក់ទងការសាងសង់ទីស្នាក់ការសហគមន៍នៅតំបន់អារ៉ែង។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក អ៊ីវ ត្រាយ ឲ្យវិទ្យុអាស៊ីសេរី ដឹងតាមទូរស័ព្ទក្រោយបញ្ចប់ការជំនុំជម្រះថា មូលហេតុដែលលោកទម្លាក់បទចោទមួយករណីចោល ព្រោះលក្ខខណ្ឌផ្លូវច្បាប់មិនគ្រប់គ្រាន់ឲ្យចោទប្រកាន់ពីបទលុបបំបាត់ភស្តុតាង។ ដូច្នេះ លោកត្រូវទម្លាក់បទចោទនេះចោល។ លោកបន្តថា តុលាការសម្រេចយ៉ាងនោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលប្រកាសសាលក្រមនាពេលខាងមុខ៖ « ករណីនេះ ខ្ញុំអត់អាចឆ្លើយបានទេ។ ខ្ញុំរង់ចាំការប្រកាសសាលក្រមសិន ប្រសិនបើចៅក្រមយកតាមមាត្រា៩៨ មកផ្ដន្ទាទោស ទណ្ឌកម្មនឹងទទួលដូចមាត្រានោះ »។
លោក វ៉ែន វ៉ន ជាសកម្មជនការពារបរិស្ថាន និងជាសមាជិកក្រុមប្រឹក្សាឃុំ ត្រូវបានតុលាការចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) ចេញការវិភាគផ្លូវច្បាប់អំពីការចោទប្រកាន់ និងការឃុំខ្លួន លោក វ៉ែន វ៉ន ថាជាការបំពានសិទ្ធិ និងល្មើសច្បាប់ជាតិ និងអន្តរជាតិ។
ប្រធានក្រុមមេធាវីសំរិទ្ធដែលការពារក្តី លោក វ៉ែន វ៉ន គឺអ្នកស្រី អ៊ិត មធុរា ទាមទារឲ្យតុលាការទម្លាក់គ្រប់បទចោទលើកូនក្តីរបស់អ្នកស្រី។ អ្នកស្រីអះអាងថា ផ្អែកលើអង្គហេតុ ភស្តុតាង និងផ្លូវច្បាប់ លោក វ៉ែន វ៉ន គ្មានទោសនោះទេ ព្រោះសកម្មភាពធ្វើផ្ទះសហគមន៍ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ហើយទទួលបានការអនុញ្ញាតពីអភិបាលស្រុកអារ៉ែង៖ « យើងមើលមាត្រា២៤ នៃច្បាប់ព្រៃឈើ គឺបានចែងច្បាស់ណាស់ បើសិនប្រមូលផលអនុផលព្រៃឈើដើម្បីធ្វើពាណិជ្ជកម្ម ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប៉ុន្តែប្រមូលផលអនុផលព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងជីវភាពក្នុងសហគមន៍ មិនបាច់សុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើទេ »។
ជារឿងចៃដន្យមួយ ខណៈតុលាការចោទប្រកាន់សកម្មជនការពារព្រៃឈើនៅពេលនេះ សាកលវិទ្យាល័យមួយនៅភ្នំពេញ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសឲ្យថៅកែកាប់ព្រៃឈើ ទ្រី ភាព ដែលត្រូវបានរងការចោទប្រកាន់ថា ជាអ្នកបំផ្លាញព្រៃឈើនៅកម្ពុជា។ ការផ្តល់សញ្ញាបត្រឲ្យ លោក ទ្រី ភាព ពេលនេះ ត្រូវបានសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ និងសម្ដែងការសោកស្ដាយ និងថាជាការលើកទឹកចិត្តដល់អ្នកបំផ្លាញព្រៃឈើ។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត យល់ថា ការលើកទឹកចិត្តដល់អ្នកកាប់ព្រៃឈើ ប៉ុន្តែដាក់ទោសទណ្ឌសកម្មជនការពារព្រៃឈើបែបនេះ នឹងធ្វើឲ្យព្រៃឈើរបស់កម្ពុជា វិនាសកម្ម។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ គិតគូរឡើងវិញលើរឿងនេះ៖ « សកម្មជនដែលការពារបរិស្ថានមិនបានផ្តល់ប្រយោជន៍អ្នកដឹកនាំ អ្នកកាន់អំណាចទេ ប៉ុន្តែមានតែអ្នកឧកញ៉ាទេដែលផ្តល់ផលប្រយោជន៍។ ចឹងទៅអ្នកការពារធនធានធម្មជាតិ គឺរងគ្រោះបែបនេះ »។
បើតាមមេធាវីការពារក្តីរបស់ លោក វ៉ែន វ៉ន អ្នកស្រី អ៊ិត មធុរា ថា ប្រសិនតុលាការចោទប្រកាន់ លោក វ៉ែន វ៉ន ករណីប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ដូចដែលព្រះរាជអាជ្ញាចោទប្រកាន់នោះ នឹងត្រូវជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល។ ប៉ុន្តែក្នុងករណីតុលាការបន្តចោទប្រកាន់បទល្មើសលុបបំបាត់វត្ថុតាង លោក វ៉ែន វ៉ន នឹងត្រូវជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ៦លានរៀល។ មេធាវីការពារជនជាប់ចោទសង្ឃឹមថា តុលាការនឹងទម្លាក់ចោលគ្រប់បទចោទទាំងអស់ ប្រសិនបើតុលាការកាត់ក្តីតាមវិជ្ជាជីវៈរបស់ខ្លួន និងមិនស្ថិតក្រោមគំនាបរបស់អ្នកណាម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។