តុលាការ​ខេត្ត​កំពង់ឆ្នាំង​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា

0:00 / 0:00

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លើក​យក​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា លោក សួន ចាន់ មក​ជំនុំ​ជម្រះ​ដោយ​គ្មាន​វត្តមាន​ជន​ជាប់​ចោទ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា។

បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញ​ដោល​ជាង​ពីរ​ម៉ោង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម សាន សុផាត សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ចៅក្រម និង​តំណាង​អយ្យការ បាន​បន្ត​នីតិវិធី​ដោយ​ចោទ​សួរ​សំខាន់​តែ​ទៅ​លើ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ឪពុក​ម្ដាយ​ជន​ជាប់​ចោទ និង​សាក្សី​មួយ​ចំនួន​ទៀត។ ចៅក្រម​ប្រកាស​ថា ការ​អវត្តមាន​ជន​ជាប់​ចោទ​ទាំង ៦​នាក់​ក្នុង​សំណុំ​រឿង​នេះ​ក្នុង​បន្ទប់​សវនាការ គឺ​ដោយសារ​ពួក​គេ​មាន​ដីកា​តាម​ចាប់​ខ្លួន។

នៅ​អំឡុង​ពេល​នៃ​ដំណើរ​ការ​សវនាការ កូន​របស់ លោក សួន ចាន់ ដែល​ជា​សាក្សី​ដាក់​បន្ទុក បាន​ឆ្លើយ​ចំៗ​ឈ្មោះ​ជន​ជាប់​ចោទ។ ចំណែក​សាក្សី​ដោះ​បន្ទុក ហាក់​មិន​ច្បាស់​លាស់ និង​ឆ្លើយ​មិន​ស៊ី​សង្វាក់​ទៅ​នឹង​អង្គ​ហេតុ ដែល​កើត​ឡើង​លើ លោក សួន ចាន់។

តំណាង​អយ្យការ លោក ឯក ស៊ុនរស្មី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន និង​សំណូមពរ​ចុង​ក្រោយ​របស់​លោក​ដល់​ចៅក្រម​ជំនុំ​ជម្រះ​ថា លោក​មាន​ការ​កោត​សរសើរ​ចំពោះ លោក សួន ចាន់ ដែល​មាន​ភាព​ក្លាហាន និង​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​នេសាទ។ លោក​បន្ត​ថា ការ​ស្លាប់​របស់ លោក សួន ចាន់ គឺ​អាច​មក​ពី​លោក​ជា​អ្នក​កាសែត និង​ជា​ឆ្អឹង​ទទឹង​ក​របស់​ក្រុម​អ្នក​រក​ស៊ី​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន ជាពិសេស​ជាមួយ​ជន​ជាប់​ចោទ។ ដូច្នេះ លោក​ស្នើ​ឲ្យ​ចៅក្រម ពិចារណា និង​តាម​ចាប់​ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ចំណែក​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ ក៏​បាន​លើក​សេចក្ដី​សន្និដ្ឋាន និង​សំណូមពរ​ដល់​ចៅក្រម​ដែរ គឺ​សូម​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ចំនួន​ពីរ​នាក់ ក្នុង​ចំណោម​៦​នាក់ គឺ​ឈ្មោះ យីម នុន និង​យីម ណាក់ ដោយ​លោក​យល់​ថា ចម្លើយ​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ គឺ​ស្ថិត​នៅ​ក្នុង​វិមតិ​សង្ស័យ ខណៈ​ដែល​ឪពុក​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​នោះ​អះអាង​ថា ជន​ជាប់​ចោទ​ទាំង ៦​នាក់ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់ លោក សួន ចាន់ នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែង​គាំទ្រ​ការ​លើក​ឡើង​របស់​តំណាង​អយ្យការ​នេះ។ លោក​ស្នើ​ឲ្យ​ចៅក្រម ពិចារណា និង​ធ្វើ​ការ​សម្រេច​សេចក្ដី​ប្រកប​ដោយ​ភាព​យុត្តិធម៌ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ស្លាប់៖ «ក្នុង​នាម​សង្គម​ស៊ីវិល យើង​សូម​ទទូច​ឲ្យ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ ពិចារណា​ទៅ​លើ​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​តាម​មាត្រា​២០០ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ (ខាង​មុខ)។ យើង​សង្ឃឹម​ថា ផ្ដល់​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ»

កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ក្រុម​ជនល្មើស​មាន​គ្នា​ប្រហែល ១០​នាក់ ព្រួត​គ្នា​វាយ​សម្លាប់ លោក សួន ចាន់ អ្នក​កាសែត​មាគ៌ា​កម្ពុជា នៅ​តាម​ផ្លូវ​ក្បែរ​ផ្ទះ​របស់​គាត់ ស្ថិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​សាច់ញាតិ​របស់​លោក​ចំនួន​ពីរ​នាក់​ទៀត គឺ​ឈ្មោះ គូ អ៊ិន និង​ឈ្មោះ សួន ឌីម ក៏​ត្រូវ​ជនល្មើស​វាយ​ឲ្យ​រង​របួស​ធ្ងន់​ដែរ នៅ​ពេល​ចូល​ទៅ​ជួយ លោក សួន ចាន់។

ក្នុង​វ័យ​ជាង ២០​ឆ្នាំ ជា​កូនប្រុស​របស់ លោក សួន ចាន់ គឺ​លោក ដុស ជីម ថ្លែង​បញ្ជាក់​ថា ខ្លួន​ក៏​ជា​អ្នក​ដែល​បាន​ចូល​ទៅ​ជួយ​ឪពុក​ម្នាក់​ដែរ ហើយ​ឃើញ​ជនល្មើស ៤​នាក់​ក្នុង​ចំណោម ៦​នាក់ គឺ​ទី​១​ឈ្មោះ រ៉ុម រ៉ា ទី​២​ឈ្មោះ សាំង សេងអៀង ទី​៣​ឈ្មោះ យីម នុន និង​ទី​៤​ឈ្មោះ យីម ណាក់ កំពុង​ព្រួត​គ្នា​វាយ​ឪពុក​របស់​ខ្លួន​ដោយ​ដំបង​គ្រប់​ដៃ។ បច្ចុប្បន្ន លោក​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ ខណៈ​ដែល​ខាង​តុលាការ និង​សមត្ថកិច្ច មិន​ទាន់​តាម​ចាប់​ខ្លួន​ជនល្មើស​បាន៖ «សូម​សំណូមពរ​ឲ្យ​តុលាការ​ជួយ​រក​ខុស​ត្រូវ ហើយ​ចាប់​វា​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ កុំ​ឲ្យ​ពុក​ខ្ញុំ​ខូច​ទៅ​អសារបង់។ ខ្ញុំ​ទៅ​រក (ដាក់​មង) អី​ពិបាក​អត់​មាន​អ្នក​នៅ​ផ្ទះ រក​អត់​បាន​ទៀត​ឆ្នាំ​នេះ រក​អង្ករ​គេ​ហូប​អត់​ចង់​បាន​ទេ​ឥឡូវ»

តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង សម្រេច​ចោទ​ជន​សង្ស័យ​ចំនួន ៦​នាក់ ពី​បទ​ហិង្សា​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់ ប៉ុន្តែ​មក​ដល់​ចៅក្រម​ស៊ើបសួរ បាន​ដូរ​បទ​ចោទ​មក​ឃាតកម្ម​គិត​ទុក​ជា​មុន។ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​បទ​ចោទ​ប្រកាន់ តាម​មាត្រ​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ជន​សង្ស័យ​ទាំង ៦​នាក់ អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។