តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​យុវជន​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌

0:00 / 0:00

តុលាការ​កំពូល ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ពោល​គឺ​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃយ៉ា ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ករណី​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ គិត​ត្រឹម​ថ្ងៃ​ប្រកាស​សាលដីកា​នេះ គឺ​មាន​រយៈពេល​មិន​ដល់ ២​ខែ​ទៀត​ទេ ដែល​យុវជន​រូប​នេះ​ត្រូវ​មាន​សេរីភាព (បាន​ជាប់​ទោស​គ្រប់​ចំនួន)។ រី​ឯ​យុវជន គង់ រ៉ៃយ៉ា និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ​ថា​ជា​រឿង​អយុត្តិធម៌។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​លើ​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ គឺ​ពុំ​មាន​អ្វី​ប្រែប្រួល​ពី​ការ​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍​ឡើយ ដោយ​ចាត់​ថា ការ​សម្រេច​នោះ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

មេធាវី​ការពារ​ក្តី​យុវជន គង់ រ៉ៃយ៉ា គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា ការ​បន្ត​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ទុក​ជា​បាន​ការ​ដដែល​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។ លោក​មេធាវី សំ សុគង់ បន្ត​ថា លោក​នឹង​ជជែក​ជាមួយ​កូន​ក្ដី​ដើម្បី​ស្នើ​សុំ​​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ៖ «ដោយសារ​សេចក្ដី​សម្រេច​របស់​តុលាការ ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ និង​បិទ​ផ្លូវ​តវ៉ា អ៊ីចឹង​មេធាវី​មិន​ទាន់​សិក្សា​ឲ្យ​បាន​លម្អិត​ថា នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត ប៉ុន្តែ​អ្វី​ជា​ជំហាន​បន្ទាប់ គឺ​មេធាវី​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី ហើយ​នឹង​ស្នើ​សុំ​អោយ​មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​លោក គង់ រ៉ៃយ៉ា»

​កាល​ពី​ថ្ងៃ​ទី​​១៥ ខែ​មីនា យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់​ពី​យុវជន​រូប​នេះ ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ឆ្នាំ​មុន។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ យុវជន គង់ រ៉ៃយ៉ា ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ដែល​តុលាការ​កំពូល​មិន​ព្រម​ដោះលែង​រូប​លោក​ដែល​នៅ​សល់​កម្រិត​ទោស​មិន​ដល់​ពីរ​ខែ​ទៀត​នោះ គឺ​លោក​មិន​មាន​ការ​សោកស្ដាយ​នោះ​ទេ ប៉ុន្តែ​លោក​ពិត​ជា​មាន​សោកស្ដាយ និង​ខ្មាសអៀន​ដែល​តុលាការ​នៅ​បន្ត​រក្សា​កេរ្តិ៍ឈ្មោះ​ស្អុយ​រលួយ​ទៀត៖ «អ្វី​ដែល​ខ្ញុំ​សោកស្ដាយ និង​ឈឺ​ចាប់​បំផុត គឺ​កេរ្តិ៍ឈ្មោះ​ដ៏​អសោច​កំពុង​តែ​ស្អុយ​រលួយ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​កិត្តិយស​គ្រប់គ្រាន់​ដើម្បី​ងើយ​មុខ​មើល​លើ​ឆាក​អន្តរជាតិ និង​មិន​ហ៊ាន​ងើយ​មុខ​មើល​ជនបរទេស នៅ​ពេល​ដែល​គេ​សួរ​ខ្ញុំ​អំពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅ​តែ​គិត​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​​នៅ​តែ​មាន​ភាព​អយុត្តិធម៌ សម្រាប់​លោក គង់ រ៉ៃយ៉ា ដែល​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​នៅ​តាម​បណ្ដាញ​ហ្វេសប៊ុក៖ «យើង​មើល​ថា អ្នក​ដែល​មាន​និន្នាការ​ហ៊ាន​រិះគន់​បក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល ឬ​ក៏​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង គឺ​ការ​ផ្ដន្ទាទោស​នោះ​ដាក់​សឹង​តែ​ពេញៗ​តែម្ដង មិន​មាន​ការ​ព្យួរ ឬ​ស្ថាន​សម្រាល​ទោស​ទេ តែ​បើ​យើង​មើល​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​វិញ គឺ​ដូចជា​អង្គរក្ស​បី​នាក់​ដែល​វាយ​លើ​តំណាងរាស្ត្រ​នោះ បើ​ទោះ​បី​ជា​កាត់​ទោស ៤​ឆ្នាំ​ក្តី តែ​អនុវត្ត​ទោស​តែ​មួយ​ឆ្នាំ​ទេ នៅ​សល់ ៣​ឆ្នាំ​ព្យួរ អ៊ីចឹង​ប្រៀបធៀប​ជាមួយ​រឿង គង់ រ៉ៃយ៉ា នេះ វា​មាន​ភាព​អយុត្តិធម៌»

យុវជន គង់ រ៉ៃយ៉ា អាយុ ២៤​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពី​បង្ហោះ​សារ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ សូរីយា កូកូ (Soriya Koko) ថា "តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោកទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ"។

មេធាវី និង​សង្គម​ស៊ីវិល​យល់​ថា សារ​របស់​យុវជន គង់ រ៉ៃយ៉ា នេះ គ្រាន់​តែ​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​កាតិក​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ លើស​ពី​នេះ ​ទៀត ថ្វី​ត្បិតតែ​យុវជន គង់ រ៉ៃយ៉ា បង្ហោះ​សារ​នោះ​ក៏ដោយ ក៏​ពុំ​បាន​បណ្ដាល​មាន​ព្យសនកម្ម ឬ​បណ្ដាល​ឲ្យ​ខូចខាត និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។