តុលាការ​ខែត្រ​ក្រចេះ​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​ម្នាក់​និង​ពលរដ្ឋ​៤​នាក់​ករណី​ឃាត់​ឡាន​ដឹក​ឈើ

0:00 / 0:00

មន្ត្រី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​រូប និង​ពលរដ្ឋ ៤​នាក់ ត្រូវ​បាន​សាលា​ដំបូង​ខែត្រ​ក្រចេះ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន បន្ទាប់​ពី​ពួក​គេ​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​មក​រក្សា​ទុក ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជា​មុន និង​សង្ស័យ​ថា​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​ឈើ។

ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ម្ចាស់​រថយន្ត​ដឹក​ឈើ​ទៅ​តំណាង​អយ្យការ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​មក​ពី​អង្គការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ និង​ពលរដ្ឋ ៤​នាក់​ផ្សេង​ទៀត​រស់នៅ​ស្រុក​សំបូរ ខែត្រ​ក្រចេះ ត្រូវ​បាន​សាលា​ដំបូង​ខែត្រ​នេះ​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទ​កំហែង​យក និង​បង្កើត​ឲ្យ​មាន​ក្រុម​ប្រដាប់​អាវុធ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី សុវណ្ណនី បង្ហាញ​ជំហរ​ថា លោក​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​អយ្យការ​ខែត្រ​ក្រចេះ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាក់ទិន​បទល្មើស​ព្រៃ​ឈើ តែ​លោក​ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​តម្លាភាព ដ្បិត​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​ខែត្រ​ក្រចេះ កើត​មាន​គគ្រឹកគគ្រេង​ច្រើន​ឆ្នាំ​កន្លង​ទៅ លោក​កម្រ​ឃើញ​ស្ថាប័ន​អយ្យការ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បំពេញ​កាតព្វកិច្ច​ផ្អែក​តាម​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ចំណែក​ម្ចាស់​រថយន្ត​ដឹក​ឈើ ក៏​ពុំ​ឃើញ​ស្ថាប័ន​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ។ បញ្ហា​នេះ​លោក​ចាត់​ទុក​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ជំនាញ និង​ស្ថាប័ន​អយ្យការ ហាក់​ពុំ​មាន​តម្លាភាព និង​លម្អៀង​ទៅ​រក​អ្នក​ទន់​ខ្សោយ ពោល​បើ​ពលរដ្ឋ​ធម្មតា​មិន​អាច​គេច​ផុត​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទេ តែ​បើ​ចំពោះ​អ្នក​មាន​ឥទ្ធិពល ច្រើន​តែ​គេច​ផុត​ពី​សំណាញ់​ច្បាប់៖ « ការ​ផ្ដើម​ចាប់ ( អនុវត្ត​ច្បាប់ ) ចាប់​បាន​តែ​ពលរដ្ឋ​អត់​មាន​លុយ​សូកប៉ាន់​គេ ដែល​គេ​ចាប់​បាន ហើយ​ចំពោះ​អ្នក​ដែល​មាន​ខ្នង​បង្អែក​ធំៗ គេ​មិន​ដែល​ឃើញ​ចាប់​បាន​ទេ ហើយ​យើង​ឃើញ​ថា​មាន​ទាំង​ឡាន​យីឌុប ទាំង​ឡាន និង​ម៉ូតូ​ដឹក​ឈើ​ទៅ​លក់ »

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក ធុច បញ្ចសន្តិភាព បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​ចៅក្រម​ស៊ើបសួរ។ ចំណែក​ប្រធាន​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក ឌិន សុវុទ្ធី ក៏​មិន​អធិប្បាយ​ករណី​នេះ​ដែរ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​តំណាង​អយ្យការ​វិញ៖ « ជម្រាប​សួរ​គាត់​សិន គាត់​អ្នក​ផ្ដើម​ចោទ​ប្រកាន់ សុំ​ឲ្យ​គាត់​ឆ្លើយ។ សុំ​ឲ្យ​គាត់​ឆ្លើយ​សិន »

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក ធុច បញ្ចសន្តិភាព បង្គាប់​ឲ្យ​អធិការ​ស្រុក​សំបូរ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឃាត់​រថយន្ត​សាំយ៉ុង​ដឹក​ឈើ​សសរ​ចំនួន ៨​ដើម និង​ឈើ​ក្ដារ ១៩​សន្លឹក ដែល​មាន​ឈ្មោះ សៀក ឆៃ ជា​ម្ចាស់​រថយន្ត មក​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ នៃ​ស្រុក​សំបូរ ក្រោយ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ៤​នាក់​ទៀត​ឃាត់​រថយន្ត​នោះ មក​រក្សា​ទុក​នៅ​ផ្ទះ​របស់​លោក ស៊ីម គឹមស៊ា ដែល​ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ។ ចំណែក​បុរស ៥​នាក់ ក្នុង​នោះ ៤​នាក់​ជា​ពលរដ្ឋ និង​ម្នាក់​ឈ្មោះ ស៊ីម គឹមស៊ា ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​គ្រា​ពួក​គេ​កំពុង​បរិភោគ​អាហារ​នៅ​ភូមិ​ស្រែស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខែត្រ​ក្រចេះ ហើយ​ប្រតិបត្តិការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​រក​ឃើញ​កាំបិត​ខ្វែវ និង​កាំបិត​ប៉័ងតោ​ចំនួន ៥​ដើម​ក្នុង​រថយន្ត​លោក ស៊ីម គឹមស៊ា។

មេ​ប៉ុស្តិ៍​ឃុំ​ក្បាលដំរី លោក ម៉ៅ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា ពលរដ្ឋ​ធ្លាប់​ផ្តល់​ព័ត៌មាន​ថា កន្លង​ទៅ មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​ទាំងនោះ តែងតែ​ប្រដេញ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ និង​តម្រូវ​ឲ្យ​បង់​ប្រាក់​ដើម្បី​ជា​ថ្នូរ​ដោះលែង៖ « ចេះ​តែ​ឲ្យ​ការណ៍​មក​ថា ធ្លាប់​ដេញ​អី​គេ​ចឹង ប៉ុន្តែ​យើង​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ »

នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​ពីរ​ហើយ​ទាក់ទង​នឹង​រឿង​ដឹក​ឈើ​នៅ​ខែត្រ​ក្រចេះ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខែត្រ​ស្ទឹងត្រែង បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខែត្រ​ក្រចេះ ៣​នាក់ និង​រថយន្ត ១​គ្រឿង ដែល​ផ្ទុក​ឈើ​សុក្រំ​ជាង​មួយ​ម៉ែត្រ​គូប (១,២២៧​ម៉ែត្រ​គូប) ដោយ​ចោទ​ថា ប្រមូល​ផល និង​ដឹក​ជញ្ជូន​ឈើ​គ្មាន​លិខិត​អនុញ្ញាត។ អ្នក​ទាំងនោះ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។