ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ឃុំខ្លួនពលរដ្ឋ ៣នាក់ក្នុងចំណោម ៤នាក់ពីករណីជម្លោះដីធ្លីនៅភូមិអូរសំពង់ ឃុំដំរីផុង ស្រុកឆ្លូង។ ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីអាជ្ញាធរចោទថា ក្រុមពលរដ្ឋរារាំងប្រតិបត្តិការសមត្ថកិច្ចពេលកំពុងឈូសឆាយផ្ទះសម្បែងពលរដ្ឋកាលពីថ្ងៃទី១០ មីនា។
ពលរដ្ឋ ១០៤គ្រួសាររស់នៅភូមិអូរសំពង់ ឃុំដំរីផុង នៅថ្ងៃទី១៣ មីនា បន្តស្វែងរកអន្តរាគមន៍ពីស្ថាប័នកំពូលថ្នាក់ជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ករណីអាជ្ញាធរខេត្តក្រចេះ បានឈូសឆាយផ្ទះសម្បែងពួកគាត់ជិត ២០ខ្នង និងចាប់ឃុំខ្លួនអ្នកភូមិ ៣នាក់។
កាលពីថ្ងៃទី១០ និងថ្ងៃទី១១ មីនា អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយអភិបាលរងខេត្ត លោក ខណ្ឌ ចំណាន បានឈូសឆាយផ្ទះពលរដ្ឋ ១៩ខ្នង និងចាប់ខ្លួនពលរដ្ឋ ៤នាក់ ដោយចោទថា រារាំងប្រតិបត្តិការសមត្ថកិច្ច។ ប៉ុន្តែនៅថ្ងៃទី១៣ មីនា នេះ តុលាការបានដោះលែងបុរសពិការភ្នែកម្នាក់វិញក្នុងចំណោមអ្នកទាំង ៤នាក់នោះ។
ពលរដ្ឋម្នាក់ពិការភ្នែកសងខាង គឺលោក លន់ ផន់។ លោកអះអាងថា តំណាងអយ្យការខេត្តក្រចេះ តម្រូវឲ្យលោកផ្ដិតមេដៃយល់ព្រមចាកចេញពីដីដែលកំពុងមានជម្លោះ ជាថ្នូរនៃការដោះលែងឲ្យនៅក្រៅឃុំ។ លោកថា លោកសម្រេចចិត្តផ្ដិតមេដៃដោយសារពុំមានជម្រើស៖ « ខ្ញុំគ្រាន់តែទទូចសុំអង្វរកុំឲ្យឈូសឆាយផ្ទះខ្ញុំសិន ចាំខ្ញុំយកអង្ករ យកចាន យកឆ្នាំចេញពីទីនោះសិន។ ខ្ញុំឃាត់មិនស្តាប់ ហើយតែគាត់ចាប់ទាញយើងត្រណាត់ត្រណែង។ ពលរដ្ឋរារាំងមិនឈ្នះ បានរុញផ្ទះដួល ហើយក៏ខ្ញុំសន្លប់ ហើយបងបីនាក់ដែលគាត់ចោទប្រកាន់ហ្នឹង គាត់ជួយខ្ញុំទេ »។
ពលរដ្ឋ ៣នាក់ដែលតំណាងអយ្យការខេត្តក្រចេះ ឃុំខ្លួនមានឈ្មោះ ចេត វិត ឈ្មោះ ជិន ជា និង ប៉ុញ ពីន។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ លោក ទុន វីនីត មិនធ្វើអធិប្បាយពីករណីឃុំខ្លួនពលរដ្ឋទាំង ៣នាក់នេះទេ នៅថ្ងៃទី១៣ មីនា ដោយលោកប្រាប់ថាកំពុងជាប់រវល់។
អភិបាលរងខេត្តក្រចេះ លោក ខណ្ឌ ចំណាន ធ្លាប់មានប្រសាសន៍ថា ក្រុមពលរដ្ឋទាំងនោះបានចូលទន្ទ្រានដីឡូត៍ដែលអាជ្ញាធរបានធ្វើបច្ចុប្បន្នភាពដីចំនួន ៦៤ឡូត៍ស្មើជាង ១០០ហិកតារ រក្សាទុកផ្ដល់ជូនពលរដ្ឋ ៩៩៨គ្រួសារ។ លោកថា អាជ្ញាធរខេត្តបានជូនដំណឹងផ្សព្វផ្សាយ និងអប់រំពលរដ្ឋមិនឲ្យចូលទន្ទ្រានដីដែលអាជ្ញាធរធ្លាប់បានធ្វើអត្តសញ្ញាណកម្មកាលពីខែកក្កដា ឆ្នាំ២០១៥៖ « ករណីគាត់ខ្វះខាតផ្សេងៗដែលគាត់ចូលមកទន្ទ្រាន ហើយគាត់ក្រីក្រខ្វះខាតដី គឺយើងមាននីតិវិធីរបស់យើង គឺស្នើសុំដីសម្បទានសង្គមកិច្ចតាមនីតិវិធី »។
ពលរដ្ឋ ១០៤គ្រួសារជាពលរដ្ឋចំណាកស្រុកមកពីខេត្តត្បូងឃ្មុំ បានមកសម្អាតដីឋិតនៅភូមិអូរសំពង់ ឃុំដំរីផុង ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១១ និងគ្រប់គ្រងដីនៅតំបន់នោះ។ គ្រួសារខ្លះគ្រប់គ្រងដីចាប់ពីជាង ១ហិកតារដល់ជាង ៣ហិកតារ។ ផ្ទៃដីជម្លោះសរុបទាំងអស់ចំនួន ៣១២ហិកតារជាប្រភេទដីកសិកម្ម។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា គម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរ មិនបានបិទប្រកាសជាតំបន់ដីសម្បទានសង្គមកិច្ចត្រង់ចំណុចណាមួយឲ្យជាក់លាក់ទេ។ ទន្ទឹមនឹងនេះ ពលរដ្ឋចំនួន ១០៤គ្រួសារ បានកាប់រានកាលពីឆ្នាំ២០១១ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ពុំហាមឃាត់ទេ រហូតពលរដ្ឋអាស្រ័យផលជាបន្តបន្ទាប់ អាជ្ញាធរទើបហាមឃាត់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ រិះគន់វិធានការរបស់អាជ្ញាធរខេត្តក្រចេះ ថាការចាប់ខ្លួនពលរដ្ឋ គឺដើម្បីជាថ្នូរនៃការដោះស្រាយជម្លោះដីធ្លីបែបនេះថា មិនមែនជាដំណោះស្រាយត្រឹមត្រូវផ្អែកលើមូលដ្ឋានច្បាប់នោះទេ ថែមទាំងរំលោភសិទ្ធិពលរដ្ឋ និងប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរទៀតផង។ លោកថា ប្រសិនបើតំណាងអយ្យការបង្ខំឲ្យជនពិការផ្ដិតមេដៃយល់ព្រមចាកចេញពីដីកំពុងអាស្រ័យផល ដើម្បីជាថ្នូរនៃការដោះលែងដូច្នេះ ជាករណីគំរាមកំហែងសិទ្ធិជនពិការដែលជាជនងាយរងគ្រោះ៖ « បាទ ! គំរាមកំហែង ព្រោះគាត់ឋិតក្នុងភាពទាល់ច្រកហើយ។ ឥឡូវឲ្យគាត់ចាកចេញទេ អត់មានសំណងឲ្យគាត់បន្តិចសោះ។ យើងគិតថាវាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់ទៅលើជនពិការដែលជាក្រុមមួយងាយរងគ្រោះ »។
អនុក្រឹត្យរបស់រដ្ឋាភិបាលលេខ៥៤ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២ សម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ៣.៦៧១ហិកតារកាលពីឆ្នាំ២០១២ ឲ្យទៅក្រុមពលរដ្ឋ ៩៩៨គ្រួសារនៅភូមិប្រម៉ា និងភូមិអូរសំពង់ ឃុំកំពង់ដំរី និងឃុំដំរីផុង ស្រុកឆ្លូង ដែលអាជ្ញាធរខេត្តបណ្ដេញចេញកាលពីឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។