មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី មានប្រសាសន៍នៅរសៀលថ្ងៃទី២១ កុម្ភៈ ថា កាលពីពេលព្រឹកថ្ងៃដដែលនេះ លោកបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ហើយ ប្រឆាំងនឹងដីកាសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យឃុំកូនក្ដីរបស់លោក។
ក៏ប៉ុន្តែលោកបញ្ជាក់ថា ការសុំឲ្យលោក គឹម សុខ នៅក្រៅឃុំជាបណ្ដោះអាសន្ននោះ លោកមិនទាន់បានដាក់ទេ ព្រោះកំពុងរៀបចំនៅឡើយ៖ « យើងត្រូវរង់ចាំបានសំណុំឯកសារពីតុលាការ ពាក់ព័ន្ធរឿង ក្ដីមកសិន។ ខ្ញុំបានដាក់ពាក្យសុំថត សំណុំរឿង ពាក់ព័ន្ធរឿងក្ដីហ្នឹងពីតុលាការមកបាន ទើបយើង ស្រណុកសរសេរក្នុងការសុំឲ្យដោះលែងនៅក្រៅឃុំ។ អ៊ីចឹងអាសុំឲ្យដោះលែងនៅក្រៅឃុំ អត់ទាន់ បានដោះលែងនៅឡើយទេ យើងនៅរង់ចាំសិទ្ធិសំណុំឯកសារមកសិន » ។
លោក ជូង ជូងី ថ្លែងថា លោកមិនអាចកំណត់ពេលវេលាសម្រាប់ដាក់ពាក្យសុំនៅក្រៅឃុំបានជាក់លាក់នៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោកជាមេធាវីពេញសិទ្ធិការពារក្ដីឲ្យលោក គឹម សុខ ក្រោយពេលដែលលោកបានដាក់ពាក្យសុំតាមផ្លូវរដ្ឋបាល តាំងខ្លួនជាមេធាវីការពារក្ដី កាលពីថ្ងៃទី២០ កុម្ភៈ។
កូនក្ដីរបស់លោក គឺលោក គឹម សុខ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួនលោក កាលពីថ្ងៃទី១៧ កុម្ភៈ ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សប្រជាជនកម្ពុជា តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
