អ្នកច្បាប់​ថា ការ​ចាប់ខ្លួន​លោក គឹម សុខ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​និង​សន្ធិសញ្ញា​អន្តរជាតិ

អ្នកច្បាប់​អះអាង​ថា ការ​ចាប់ខ្លួន​លោក គឹម សុខ អ្នកឃ្លាំមើល​សង្គម គឺ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ចែងថា ជន​គ្រប់រូប​មាន​សិទ្ធ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ។

មេធាវី​ដែល​តែង​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្សប្រឆាំង លោក សំ សុគង់ បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​សុក្រ ទី​១៧ កុម្ភៈ ថា ព្រះរាជអាជ្ញា​ហាក់​ប្រញាប់ប្រញាល់ ក្នុង​ការ​កោះហៅ លោក គឹម សុខ ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ទាំង​មិនបាន​ផ្ដល់​ពេលវេលា គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់៖ «លើកលែងតែ​ករណី​ជាក់ស្ដែង​ដែល​គេ​ត្រូវ​ឃាត់ខ្លួន​ជន់​សង្ស័យ​ហ្នឹង យក​មក​តុលាការ​ទេ ដែល​គេ​ថា​ខ្លាច​ឃុំខ្លួន​លើស ឬ​មិន​លើស​។ ប៉ុន្តែ​ករណី​លោក គឹម សុខ​នេះ​គឺ​បទល្មើស​មិន​ជាក់ស្ដែង​ទេ ហើយ​បទល្មើស ហ្នឹង​មាន​រយៈពេល​វែង​ក្នុង​ការ​ស៊ើបអង្កេត​ដើម្បី​ឈាន ទៅ​រក​ការ​ឃាត់ខ្លួន»។

តុលាការ កាល​ពី​ថ្ងៃ​សុក្រ បាន​សម្រេច​ឃុំខ្លួន​លោក គឹម សុខ ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​បក្ស​កាន់អំណាច​តាម​បណ្ដឹង​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ហ៊ុន សែន ប្ដឹង​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​បង្ក​ចលាចល ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ និង​មួយ​ករណី​ទៀត ក្រោម​បណ្ដឹង​របស់​រដ្ឋាភិបាល​ពី​បទ​បរិហារកេរ្តិ៍ ដែល​ទាមទារ​សំណង ១០​លាន​រៀល ឬ​ស្មើនឹង​២​ពាន់ ៥០០ដុលា្លរ។

កាលពីដើម​សប្ដាហ៍​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ជាមុន​ដែរ​ថា ទោស​កំហុស របស់​លោក គឹម សុខ អាច​ជាប់ទោស​រយៈ​ពីរ​ឆ្នាំ និង​តម្រូវ​ឲ្យ​ផ្ដល់​សំណង​ទាំងឡាយ​ដែល​លោក​ទាមទារ បើ​មិន​ដូច្នោះ​ទេ នោះ​លោក​នឹង​រឹបអូស ទ្រព្យសម្បត្តិ។

លោក ហ៊ុន សែន៖ « ស្អី​ ! អ្នកឯង​បញ្ចេញមតិ​ ? មក​ចោទ​គណបក្ស​ប្រជាជន​សម្លាប់​មនុស្ស​ ! អត់​ទេ ទារ​កន្លះ​លាន​ដុល្លារ។ បើ​យើង​កុំ​ប៉ះ​គេ អាណា​គេ​ប្រើ តុលាការ​ទៅ​ធ្វើ​អី។ ដូច​ម្សៀ​ដែល​ត្រូវ ប្ដឹង​ព្រឹក​នេះ វា​ទៅ​ឡើង អាស៊ីសេរី វា​ថា​គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​លោក កែម ឡី។ ម្នាក់​នេះ​ខ្ញុំ​បញ្ជា​ឲ្យ​នគរបាល អោយ​តាម​តាំង​ពី​ម្សិល​ហើយ​។ កុំ​រត់​ ! ទៅ​ជាប់គុក​ត្រឹម​ពីរ​ឆ្នាំ អី​តើ កុំ​ថា​អត់​លុយ​សង​វើ​យ»។

លោក គឹម សុខ បាន​ប្រាប់​អ្នកគាំទ្រ​នៅមុន​លោក​ត្រូវ​បាន​បញ្ជូន ទៅ​ពន្ធនាគារ​ព្រៃស​ថា លោក​មាន​លុយ​តែ​ជាង​២៤០ ដុល្លារ អាមេរិក ក្នុង​ធនាគារ​អេស៊ីលីដា (ACLEDA) ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ទូរស័ព្ទ​ពីរ​គ្រឿង និង អាយផេត (ipad) មួយ​គ្រឿង និង​ផ្ទះ​ជួល​គេ ប៉ុណ្ណោះ ហើយ​លោក សំណូមពរ​ឲ្យ​លោក ហ៊ុន សែន កុំ​ធ្វើបាប​គ្រួសារ របស់​លោក​ក្នុង​ករណី​ក្ដីក្ដាំ​នេះ​អី។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​១៧ កុម្ភៈ ថា តុលាការ​គួ​តែ​ដោះលែង​លោក គឹម សុខ ឲ្យ​មាន​សេរីភាព​ទៅវិញ​ទេ ពីព្រោះ​តុលាការ​មួយ​នេះ​បាន​រក ការ​ជ្រៀតជ្រែក​ឯករាជ្យ​ភាព​របស់​ខ្លួន​ធ្ងន់ធ្ងរ ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ឡៅ ម៉ុងហៃ៖ «ហ្នឹង​ប៉ះពាល់​ដល់​ការ​កាត់ទោស​ដោយ​យុត្តិធម៌។ អា​ហ្នឹង​គេ​អាច សុំ​អោយ​តុលាការ​លើកលែង​ការចោទប្រកាន់​ទាំងអស់។ ព្រោះ​ហ្នឹង ប៉ះពាល់​ដល់​ឯករាជ្យភាព របស់​តុលា​ការដែល​ធ្វើ​ឲ្យ​តុលាការ​លែង​ឯករាជ្យ លែង​ឥត​លំអៀង។ វា​ទៅជា​លំអៀង​ហើយ​។ នីតិវិធី​ហ្នឹង​គេ អាច​សុំ​បដិសេធ​ដោយសារ​មានការ​ជ្រៀតជ្រែក​ការប្រើប្រាស់​ឥទ្ធិពល សឹងតែ​ថា​ការ​បង្គាប់​បញ្ជារ​អោយ​តុលាការ​កាត់​តាម​គាត់​ទៅ។ ករណី​ហ្នឹង​ត្រូវ​ឲ្យ​ជនសង្ស័យ ឬ​ជនជាប់ចោទ​រួចខ្លួន»។

ពាក់​ពន្ធ​ទៅ​នឹង​ការ​ចាប់ខ្លួន​លោក គឹម សុខ នេះ​ដែរ តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) កាលពី​ថ្ងៃ​សុក្រ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន អ្នកឃ្លាំមើល​សង្គម រូប​នេះ ហើយ​ថា​ក្រុម​របស់​អ្នកស្រី​នឹង​បន្ត​តាមដាន ករណី​នេះ​យ៉ាង យកចិត្តទុកដាក់។

ក្នុង​សារ​អេឡិចត្រូនិក​របស់​អ្នកស្រី មក​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ បញ្ជាក់​ថា ការ​កាត់​សេចក្តី​ដោយ​តុលាការ​ឯករាជ្យ នឹង​អាច​វិនិច្ឆ័យ​បាន​ថា លោក គឹម សុខ មាន​ទោស ឬ​គ្មាន​ទោស។

អ្នកស្រី​បន្ត​ថា ភាព​ខ្វះខាត​ស្តង់ដារ​ច្បាស់លាស់​ក្នុង​ការ​ចោទប្រកាន់ ពី​បទ​បរិហារកេរ្តិ៍ គឺជា​ការរំលោភ​ទាំងស្រុង​ទៅដល់​សិទ្ធិ​របស់​បុគ្គល​ដែល​ហ៊ាន​បញ្ចេញមតិ។ កាលពី​ឆ្នាំ​២០១៥ គណៈកម្មាធិការ សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​កម្ពុជា បញ្ឈប់ ការ​ធ្វើ​ទុក្ខ​បុកម្នេញ សង្គម​ស៊ីវិល​ដោយសារ​ការ​បញ្ចេញមតិ​ទស្សនៈ តាមរយៈ​ការ​ចោទ​ប្រកាន់ ពី​បទ​បរិហារកេរ្តិ៍។

មហាជន​ជាច្រើន​បាន​ស្រែក​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា តុលាការ​អយុត្តិធម៌ តុលាការ​លំអៀង និង​តុលាការ​អាយ៉ង​ជាដើម ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទៀត​បាន ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ថវិកា​ដើម្បី​ជួយ​សម្រាល​បន្ទុក​លោក គឹម សុខ ផង​ដែរ។ ពួកគេ​ចង់​ឲ្យ​មានការ​បង្កើត ជា​មូលនិធិ​គឹម សុខ ដោយមាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ធ្វើជា​ប្រធាន​គណៈកម្មការ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា ថា​ការ​បង្កើត​មូលនិធិ គឹម សុខ នេះ​គឺ​ត្រូវ​មាន ការ​ពិចារណា ផែនការ និង​យុទ្ធសាស្ត្រ​ខ្ពស់​បំផុត បើ​មិន​ដូច្នេះ​ទេ នោះ​មូលនិធិ​នេះ នឹង​រង​ការ​ធ្វើ​វិទ្ធង្សនា ឬ​ការ​បំផ្លាញ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។