រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានប្រតិកម្មពីពលរដ្ឋ បន្ទាប់ពីសមត្ថកិច្ចរឹតបន្តឹងច្បាប់នេះនៅតាមដងផ្លូវ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ នៅគ្រាដែលមានការកែប្រែច្បាប់នេះ អ្នកជំនាញថា ខ្លឹមសារ និងទោសបញ្ញត្តិខ្លះមានភាពប្រសើរហើយ ប៉ុន្តែលំបាកអនុវត្តក្នុងសង្គមខ្មែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួស ហើយអ្នកបង្ករត់គេចខ្លួន គឺបង្ហាញពីភាពមិនទទួលខុសត្រូវ និងមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់ខ្លួន។ ភាពមិនទុកចិត្តលើប្រព័ន្ធតុលាការ ឬអ្នកអនុវត្តច្បាប់នៅកម្ពុជា ពេលខ្លះហ្វូងមនុស្សតែងតែបង្កើតតុលាការដោយខ្លួនឯងភ្លាមៗនៅនឹងកន្លែងកើតហេតុ ដើម្បីវាយបកទៅអ្នកបង្កគ្រោះថ្នាក់ ដែលធ្វើឲ្យពួកគេភាគច្រើនភ័យខ្លាច ហើយរត់គេចខ្លួន។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា បើអ្នកបង្កគ្រោះថ្នាក់មិនខ្លាចហ្វូងមនុស្សវាយធ្វើបាបនៅនឹងកន្លែងកើតហេតុនោះទេ គឺជារឿងមួយប្រសើរ ដែលអ្នកបង្កមានឱកាសជួយសង្គ្រោះជីវិតមនុស្សតាមរយៈការសង្គ្រោះបឋម ឬបញ្ជូនទៅមន្ទីរពេទ្យ។ លោកថា ការសង្គ្រោះជីវិតមនុស្សជារឿងសំខាន់ ហើយការវែកញែករកយុត្តិធម៌ អាចធ្វើនៅពេលក្រោយ៖ «ហើយទី២ តុលាការត្រូវតែផ្ដល់ទោសទណ្ឌទៅតាមច្បាប់ចរាចរណ៍ គឺទោសអតិបរមាសម្រាប់អ្នកណាដែលបង្កគ្រោះថ្នាក់ ហើយរត់គេច។ អ៊ីចឹងបើការអនុវត្តបានត្រឹមត្រូវ អាចនឹងធ្វើឲ្យបរិយាកាសនៃការបើកបុកគេហើយរត់ នឹងមានការកាត់បន្ថយនៅប្រទេសកម្ពុជា យើងនេះ»។
មាត្រា៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចែងថា ជនណាដែលបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យមានរបួសអ្នកដទៃ ហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពការងាររយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល។
អ្នកបង្កអាចផ្ដន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌ ដូចជាករណីរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងបំណងគេចវេះពីការទទួលខុសត្រូវ។
អ្នកវិភាគ និងជាអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី ថ្លែងថា បច្ចុប្បន្ន កម្ពុជា មិនអាចធានាលើការប្រើអំពើហិង្សាលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយសារតែពលរដ្ឋលែងទុកចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈ។ លោកគិតថា រដ្ឋាភិបាលត្រូវធ្វើឲ្យពលរដ្ឋទុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដើម្បីបញ្ចៀសការវាយសម្លាប់ ឬឲ្យរងរបួសដល់អ្នកបើកបរពីសំណាក់ហ្វូងប្រជាពលរដ្ឋ៖ «ប្រជាជនយើងភាគច្រើនកាលណាបុកគោគាត់ ជ្រូកគាត់ បុកកូនគាត់ បុកបងប្អូនគាត់ គឺអត់ទាន់រកខុសត្រូវទេ គាត់ប្រមូលគ្នាទៅវាយធ្វើបាប ជួនកាលរហូតដល់ស្លាប់ ហើយបានប្ដឹងទៅប៉ូលិស ហើយអត់ទុកចិត្តប៉ូលិស អត់ទុកចិត្តប្រព័ន្ធតុលាការ»។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សរបួស និងស្លាប់ ហើយអ្នកបង្កគេចវេះក្នុងគោលបំណងមិនទទួលខុសត្រូវ មានច្រើនករណី ដែលមានទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នបង្កើតច្បាប់ទៀតផង។ សារព័ត៌មាន និងបណ្ដាញសង្គមយូធូប (YouTube) បានចុះផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់ លោក ជាម យៀប កាលពីចុងឆ្នាំ២០១៣ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកឡានគេច។
រថយន្តរបស់ លោក ជាម យៀប បានបើកបុកគេកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា នៅចំណុចស្ពានព្រែកយួន ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យបុរសឈ្មោះ មឿន ថា អាយុ ២៦ឆ្នាំជាប្ដីរបួសធ្ងន់ និងប្រពន្ធឈ្មោះ ពិន សុភា មានផ្ទៃពោះ ២ខែ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។ ក្រោយពីរត់គេចក្នុងហេតុការណ៍កាលណោះ លោក ជាម យៀប បានចេញមុខទទួលខុសត្រូវតាមរយៈមេធាវី ដោយផ្ដល់សំណងជូនគ្រួសាររងគ្រោះ។ ការវិលមកទទួលខុសត្រូវវិញនេះ គឺនៅបន្ទាប់ពីមានការរិះគន់ជាច្រើនពីសាធារណជន អំពីការគេចវេះការទទួលខុសត្រូវរបស់មន្ត្រីនៅស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។
ព្រះរាជក្រមបានប្រកាសឲ្យប្រើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៥ ហើយព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី៦ នីតិកាលទី៣។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មាន ១២ជំពូក និង ៩២មាត្រា ហើយមានការកែប្រែលើខ្លឹមសារ និងការផាកពិន័យមួយចំនួន គឺខុសពីច្បាប់ចរាចរណ៍ផ្លូវគោកចាស់ឆ្នាំ២០០៧។
យ៉ាងណា ទាំង លោក កែម ឡី និងនាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា រិះគន់ច្បាប់ចរាចរណ៍ផ្លូវគោក ថាច្បាប់ថ្មីនេះតាក់តែងឡើងដោយគ្មានការបើកចំហ និងមិនផ្អែកលើការសិក្សាស្រាវជ្រាវពិតប្រាកដ។ ការចែងនៅក្នុងមាត្រាខ្លះ មិនត្រូវទៅនឹងស្ថានភាពរបស់ប្រទេសកម្ពុជា ដែលបង្កការលំបាកដល់ដំណើរការអនុវត្តជាក់ស្ដែង ហើយត្រូវចំណាយពេលធ្វើវិសោធនកម្មថ្មីទៀត។
លោក អ៊ា ចរិយា ថាការដែលមិនបានពិភាក្សាជាមួយភាគីពាក់ព័ន្ធឲ្យទូលាយកាលពីកន្លងទៅ ទើបនៅពេលអនុវត្តមានការរអាក់រអួល។ លោកចង់ឃើញច្បាប់នេះមានការកែលំអកាន់តែប្រសើរ៖ «ជាសំណូមពររបស់ខ្ញុំ សូមឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មដោយមានការបើកចំហឲ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធ បានចូលរួមពិគ្រោះយោបល់ទាំងអស់គ្នា ដើម្បីឲ្យការធ្វើវិសោធនកម្មច្បាប់ហ្នឹង ត្រូវទៅនឹងស្ថានភាព និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ»។
ត្រង់ចំណុចនេះ អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី យល់ថា ចាប់ពីពេលនេះទៅ រដ្ឋាភិបាលត្រូវការពេលវេលាមួយ ដើម្បីពង្រឹងទំនុកទុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធរដ្ឋបាល ដំណោះស្រាយក្រៅប្រព័ន្ធ និងទំនុកទុកចិត្តលើប្រព័ន្ធតុលាការ។ លោកថា បើអាចធ្វើឲ្យពលរដ្ឋមានទំនុកទុកចិត្ត នោះពលរដ្ឋខ្មែរលែងប្រើអំពើហិង្សា ហើយអ្នកដែលប្រព្រឹត្តខុស ក៏សុខចិត្តទទួលទោសតាមច្បាប់ដែរ៖ «មូលហេតុធំមានបី គឺការប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ។ អ៊ីចឹងត្រូវទៅរៀបចំច្បាប់គ្រឿងស្រវឹងឲ្យមានប្រសិទ្ធភាព។ ទី២ រឿងល្បឿនអ៊ីចឹង ច្បាប់ត្រូវសង្កត់ធ្ងន់ទៅលើរឿងល្បឿន និងបញ្ហាទី៣ គឺដោយសារស្ថានភាពផ្លូវ»។
របាយការណ៍បូកសរុបការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានជិត ៥ពាន់លើក (៤.៥៩៥ករណី) ដែលតួលេខនេះកើនជាងឆ្នាំ២០១៤ ដែលកាលណោះមានជាង ៤ពាន់លើក (៤.១០១ករណី)។
បើទោះបីជាគេមិនដឹងថា ករណីបុកហើយរត់គេចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សបន្ថែមទៀតដោយអ្នកបង្កតែមួយនោះ របាយការណ៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥ មានជាង ២ពាន់នាក់ (២.២៦៥នាក់) និងរបួសជិត ៨ពាន់នាក់ (៧.៥១០នាក់)។ តួលេខនេះ កើនឡើងជាងឆ្នាំ២០១៤ ដែលមានអ្នកស្លាប់ជិត ២ពាន់នាក់ (១.៦៧៥នាក់) និងរបួសជិត ៦ពាន់នាក់ (៥.៩៥៨នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
