មេធាវីការពារក្ដីឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា លោកនឹងប្ដឹងសារទុក្ខទៅតុលាការកំពូល បន្តទៀតនៅថ្ងៃទី១១ មេសា ប្រឆាំងសាលក្រមនៃតុលាការក្រុងភ្នំពេញ។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ដោយមិនអនុញ្ញាតឲ្យបានចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ វាជាផ្នែកមួយនៃការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ។
លោក ជូង ជូងី អះអាងថា កូនក្ដីរបស់លោក គឺលោក មាជ សុវណ្ណារ៉ា ត្រូវមានសិទ្ធិសេរីភាពពេញលេញ ដើម្បីទទួលបានការពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ។ ម្យ៉ាង សេចក្ដីសម្រេចនៃសាលក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលកន្លងទៅ ប្រឆាំង លោក មាជ សុវណ្ណារ៉ា គឺវាពុំមែនជាសាលក្រមស្ថាពរថែមទៀតផង។
លោក ជូង ជូងី ឲ្យដឹងទៀតថា នៅថ្ងៃទី១១ មេសា លោកនឹងប្ដឹងសារទុក្ខទៅតុលាការកំពូល ដោយទាមទារឲ្យតុលាការជាន់ខ្ពស់នេះ ទាត់ចោលសាលក្រមនៃតុលាការក្រុងភ្នំពេញ ដែលហាមមិនឲ្យ លោក មាជ សុវណ្ណារ៉ា ចេញទៅបរទេស សូម្បីទទួលការព្យាបាលក៏ដោយ។ លោក ជូង ជូងី ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការជាន់ទាបនេះថា ជាសាលក្រមដែលរំលោភសិទ្ធិលើកូនក្ដីរបស់ខ្លួន។ លោកបន្តថា « ខ្ញុំយល់ថាចាប់គាត់ហ្នឹងបំពានគាត់ខ្លាំងណាស់ហើយ រហូតមកដល់ឥឡូវនេះ សាលក្រមមិនទាន់ចូលស្ថាពរនៅឡើយដែរ។ ពេលដែលតុលាការកាត់ចេញសាលក្រមកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅនោះ ថ្ងៃនោះឥតមានមេធាវីការពារទេ។ ដូច្នេះកាលដែលតុលាការបន្តនីតិវិធីដោយឥតមានមេធាវីបែបនេះ គឺវាបំពានច្បាប់ធ្ងន់ធ្ងរណាស់ »។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ កាលពីឆ្នាំ២០១៥ ក្រោមបទចោទដឹកនាំកុបកម្មនាំឲ្យមានអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលសវនាការនេះពុំមានមេធាវីតតាំងនៅក្នុងសវនាការឡើយ។ កាលពីខែមីនា ឆ្នាំ២០១៥ មេធាវីការពារក្ដីឲ្យ លោក មាជ សុវណ្ណារ៉ា ក៏ធ្លាប់ស្នើសុំតុលាការកំពូល ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្នម្ដងរួចហើយដែរ ប៉ុន្តែការស្នើសុំកាលណោះ មិនត្រូវបានតុលាការជាន់ខ្ពស់នេះអនុញ្ញាតឡើយ។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺជុំវិញសំណុំរឿងនេះតាមទូរស័ព្ទពីមន្ត្រីនាំពាក្យនៃតុលាការក្រុងភ្នំពេញ លោក លី សុផាន់ណា ក៏ប៉ុន្តែទូរស័ព្ទពុំមានអ្នកទទួលនៅថ្ងៃទី១០ មេសា។
ជុំវិញសំណុំរឿងនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ តុលាការក្រុងភ្នំពេញ បានចេញសាលក្រមថ្មីមួយទៀត បន្ទាប់ពីមានសាលក្រមមុនចាប់ឃុំខ្លួនម្ដងរួចហើយ ដែលហាមមិនឲ្យ លោក មាជ សុវណ្ណារ៉ា ចាកចេញទៅក្រៅប្រទេសដូចគ្នាដែរ។
ទាក់ទិនករណីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា តុលាការត្រូវពិចារណាឲ្យ លោក មាជ សុវណ្ណារ៉ា ទទួលបានសេវាព្យាបាល និងពិនិត្យសុខភាពនៅខាងក្រៅតាមការស្នើសុំបាន។ ម្យ៉ាងវិញទៀត ក្នុងសំណុំរឿងបទឧក្រិដ្ឋដូចនេះ កាលណាជំនុំជម្រះដោយពុំមានមេធាវីការពារក្តីនៅចំពោះមុខទេ សាលក្រមនោះមិនមែនជាសាលក្រមដែលស្ថាពរឡើយ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) កត់សម្គាល់ថា ដោយសារនេះជារបៀបនយោបាយ ហេតុនេះសេចក្ដីសម្រេចដែលបានចេញរួចហើយ ក៏មានលក្ខណៈជានយោបាយដែរ។ លោកបន្ថែមថា បើផ្អែកលើអង្គហេតុសាលក្រម រកពុំឃើញធាតុផ្សំនៃបទល្មើសដែលឈានទៅដល់ការចោទប្រកាន់ និងឃុំខ្លួនឡើយ។ ម្យ៉ាងទៀត ការឃុំខ្លួនដោយពុំមែនជាសាលក្រមស្ថាពរនេះទៀតសោត វារឹតតែប៉ះពាល់ទៅលើសិទ្ធិបុគ្គលរបស់មនុស្សម្នាក់ៗថែមទៀតផង។ លោកបន្តថា « ដោយសាររឿងនេះវាពាក់ព័ន្ធនឹងរឿងនយោបាយ អ៊ីចឹងយើងឃើញថា សាលក្រមដែលសម្រេចហើយ ឬក៏ការសម្រេចហ្នឹងមិនហ៊ានសម្រេចណាមួយឲ្យខុសអំពីផ្នែកនយោបាយទេ »។
កាលពីខែមីនា ឆ្នាំ២០១៥ មេធាវីការពារក្ដីឲ្យ លោក មាជ សុវណ្ណារ៉ា ធ្លាប់ស្នើសុំតុលាការកំពូល ម្ដងរួចហើយដែរ ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែការស្នើសុំកាលណោះមិនត្រូវបានតុលាការជាន់ខ្ពស់នេះ អនុញ្ញាតទេ។ ក្រោយមកទៀត កាលពីដើមឆ្នាំ២០១៦ កន្លងទៅ បណ្ដឹងរបស់មេធាវីបក្សប្រឆាំងដែលសូមឲ្យសាលាឧទ្ធរណ៍ ច្រានចោលសាលក្រមតុលាការក្រុងភ្នំពេញ មិនឲ្យ លោក មាជ សុវណ្ណារ៉ា ចាកចេញទៅក្រៅប្រទេស ត្រូវបរាជ័យជាថ្មីទៀត។ លោក ជូង ជូងី អះអាងថា បើទោះបីជាបណ្ដឹងរបស់លោក ត្រូវបានតុលាការទម្លាក់ចោលបែបនេះជាញឹកញាប់ក្តី លោកនៅតែបំពេញតាមវិជ្ជាជីវៈ និងបច្ចេកទេសក្នុងនាមជាមេធាវីដែរ។
បញ្ហានេះ អង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា នេះជាសំណុំរឿងដែលជាប់ទាក់ទងនឹងនយោបាយ ហើយករណីនេះ ទាល់តែមានការសម្របសម្រួលផ្នែកនយោបាយឲ្យត្រូវរ៉ូវគ្នាជាមុនសិន ទើបមន្ត្រីជាន់ខ្ពស់ និងសកម្មជនទាំង ១៥នាក់របស់បក្សប្រឆាំង អាចមានវាសនារួចផុតពីការចោទប្រកាន់នេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
