រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីលេខាធិការដ្ឋានសាលាដំបូង អនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានទំនួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយមនសិការខ្ពស់ គោរពនូវក្រមសីលធម៌ ដោយធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត និងការគោរពពីសាធារណជនមកលើវិស័យតុលាការ។
ការស្នើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ធ្វើឡើងតាមរយៈសុន្ទរកថាបើកអង្គសិក្ខាសាលាស្ដីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងនៅសណ្ឋាគារសាន់វ៉េ (Sunway) ព្រឹកថ្ងៃទី៣១ កក្កដា។
សិក្ខាសាលាដែលចូលរួមដោយមន្ត្រីតុលាការ និងតំណាងអយ្យការអមសាលាដំបូងទូទាំងប្រទេសនេះ ដើម្បីឲ្យមានកិច្ចពិភាក្សាស្វែងរកចំណុចល្អ និងបញ្ហាប្រឈម ដោយធ្វើយ៉ាងណាឲ្យកិច្ចដំណើរការការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូង កាន់តែមានភាពប្រសើរឡើងថែមទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់សារព័ត៌មានថា ការសហការល្អរវាងស្ថាប័នទាំងបី គឺសាលាដំបូង (ផ្នែកចៅក្រម) អយ្យការអមសាលាដំបូង (ផ្នែកព្រះរាជអាជ្ញា) និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ដើម្បីកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ពលរដ្ឋ៖ « ដើម្បីជាបទពិសោធន៍ល្អក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយឲ្យអង្គភាពបីហ្នឹង គឺសហការគ្នាដោយរលូនក្នុងការបម្រើសេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ »។
ការស្វែងរកចំណុចល្អ និងបញ្ហាប្រឈមនៃស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូង ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចាត់ទុកថា ជាការរួមចំណែកក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលស្ថិតក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យរួមចំណែកក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ លោកស្នើឲ្យសាលាដំបូង និងអយ្យការអមសាលាដំបូង ព្រមទាំងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ចាំបាច់ត្រូវតែអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានទំនួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋប្រកបដោយមនសិការខ្ពស់ និងក្រមសីលធម៌ ដោយធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត និងការគោរពពីប្រជាពលរដ្ឋលើវិស័យតុលាការ។
របាយការណ៍ស្ដីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសកម្ពុជា នេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួនជាង ១ពាន់នាក់ (១.០០៣នាក់) បានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ លទ្ធផលនៃរបាយការណ៍នេះបង្ហាញថា ស្ថាប័នសាធារណៈដែលបង្កើតឡើងក្នុងគោលបំណងការពារប្រជាពលរដ្ឋដើម្បីផ្តល់យុត្តិធម៌ និងលើកកម្ពស់សិទ្ធិមនុស្ស ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ជាស្ថាប័នដែលរំលោភអំណាច និងមុខងារទៅវិញ។ ស្ថាប័នទាំងនោះក៏មានស្ថាប័នតុលាការដែរ។
នាយកផ្នែកច្បាប់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ មើលឃើញថា កន្លងទៅ ការកាត់ក្ដីមិនមែនសុទ្ធតែអយុត្តិធម៌នោះទេ ប៉ុន្តែសំណុំរឿងទាក់ទងនឹងនយោបាយ ឬអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ហាក់ត្រូវបានរងភាពអយុត្តិធម៌ពីតុលាការ។ លោកលើកករណីសកម្មជនជម្លោះដីធ្លីបឹងកក់ និងអ្នកវិភាគ លោក គឹម សុខ ជាដើម៖ « បញ្ហាដែលប្រឈម ភាគច្រើនគឺប្រសិនបើរឿងហ្នឹងពាក់ព័ន្ធជាមួយនឹង ដូចថាបញ្ហាអ្នកនយោបាយ ជាប់ពាក់ព័ន្ធនៅក្នុងហ្នឹង គឺប្រហែលក្នុងការសម្រេចក្ដី ព្រោះថាតុលាការប្រហែលជាជួបនូវបញ្ហាលំបាកបន្តិច ដោយសារតែអាចរងនូវឥទ្ធិពលមួយចំនួនពីអ្នកនយោបាយ ហើយអាចមកពីទំនុកចិត្តមន្ត្រីតុលាការមួយចំនួនអាចជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយ ដែលធ្វើឲ្យគាត់ពិបាកក្នុងការធ្វើការសម្រេចចិត្តដោយឈរលើគោលការណ៍ឯករាជ្យ អាចនឹងប៉ះពាល់ទៅដល់ផលប្រយោជន៍របស់គាត់ ឬក៏ក្រុមរបស់គាត់ជាដើម ដែលយើងមានការព្រួយបារម្ភ »។
សង្គមស៊ីវិលមិនទាន់អាចវិនិច្ឆ័យបានថា ការជួបគ្នារវាងស្ថាប័នទាំងបីនៃសាលាដំបូង អាចនឹងធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើវិស័យតុលាការវិញ ឬអត់នោះទេ ដោយរង់ចាំមើលសកម្មភាពក្រោយជួបគ្នាសិន។ តែយ៉ាងណា លោក ឌុច ពិសិដ្ឋ មើលឃើញថា ការប្រជុំគ្នានេះ ក៏ជាសញ្ញាល្អសម្រាប់វិស័យតុលាការដែរ។
បើទោះជារដ្ឋធម្មនុញ្ញចែងថា ស្ថាប័នតុលាការជាអំណាចឯករាជ្យ ប៉ុន្តែសង្គមស៊ីវិលយល់ថា ច្បាប់បីដែលទាក់ទងនឹងវិស័យតុលាការ អនុម័តកាលពីឆ្នាំ២០១៤ បានរាំងខ្ទប់អំណាចឯករាជ្យរបស់តុលាការ ដោយឲ្យស្ថិតក្រោមអំណាចនីតិប្រតិបត្តិវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។