ក្រសួង​យុត្តិធម៌​និង​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ទទួល​ដំណឹង​ផ្លូវ​ការ​អំពី​អភ័យ​ឯកសិទ្ធិ​មន្ត្រី អ.ស.ប

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ក្រសួង​ទាំង​ពីរ​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​សំណើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក សឺន សាលី ជា​មន្ត្រី​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (អ.ស.ប) នៅ​ឡើយ។

ចំណែក​អង្គការ​សហប្រជាជាតិ បន្ត​សន្និដ្ឋាន​ថា តុលាការ​បាន​បញ្ឈប់​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​របស់​ខ្លួន​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហើយ ក្រោយ​ពី​ស្ថាប័ន​នេះ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស បញ្ជាក់​ថា លោក សឺន សាលី ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​សំណើ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា តែ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ប៉ុណ្ណោះ។ លោក​ថា នៅ​ពេល​ទទួល​បាន​ដំណឹង​ផ្លូវ​ការ​ពី​ក្រសួង​ការ​បរទេស ក្រសួង​យុត្តិធម៌ នឹង​បញ្ជូន​លិខិត​នោះ​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី៖ « យើង​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន ឬ​ក៏​ការ​ជូន​លិខិត​ជា​ផ្លូវ​ការ​ណា​មួយ ដើម្បី​បញ្ជាក់​លើ​បញ្ហា​នេះ ហើយ​មែន​ទែន​ទៅ​ ជា​សមត្ថកិច្ច​របស់​តុលាការ​ទេ ក្រោយ​ពី​ គាត់​ទទួល ​នូវ​ព័ត៌មាន ឬ​ការ​កំណត់​បង្ហាញ​ជា​ផ្លូវ​ការ​ណា​មួយ​ទៅ គាត់​នឹង​ពិនិត្យ​ទៅ​លើ​នីតិវិធី​ច្បាប់ ដែល​មាន​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​យើង​ដែល​មាន​ជា​ធរមាន»

ភាព​មិន​ច្បាស់លាស់​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ថា​ក្រសួង​នេះ​នឹង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ដោះស្រាយ​ករណី​លោក សឺន សាលី ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩៤៦ ស្ដី​ពី​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី និង​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក អ៊ុច បូររិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។