ក្រសួង​ការបរទេស​កម្ពុជា​សោកស្ដាយ​ចំពោះ​ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​ពី​សហភាព​អឺរ៉ុប

ក្រសួង​ការបរទេស​កម្ពុជា ភ្ញាក់​ផ្អើល និង​សោកស្ដាយ​ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ពី​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការ​អនុវត្ត​ផ្លូវ​ច្បាប់ និង​ផ្លូវ​តុលាការ ពាក់ព័ន្ធ​​នឹង​រឿង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​ចោទ​ប្រកាន់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២ មិថុនា បង្ហាញ​ថា ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​ការទូត​មួយ​ចំនួន​នៅ​ភ្នំពេញ គឺ​ជា​ការ​មិន​យល់ ឬ​មិន​ចង់​យល់​ពី​ការ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា ហើយ​ជា​រឿង​មួយ​ដែល​មិន​សម​ហេតុផល​ទាល់​តែ​សោះ។

ក្រសួង​ការបរទេស​បន្ត​ថា ការ​សូកប៉ាន់សាក្សី និង​ការ​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ដីកា​របស់​តំណាង​អយ្យការ គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​ដូចគ្នា​ទៅ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់ ជា​ពិសេស​ដូចគ្នា​និង​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​ផង​ដែរ។

កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្លាក់​ចុះ​ស្ថានការណ៍​នយោបាយ​ដ៏​គ្រោះថ្នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា។

សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ការ​សន្ទនា​ដោយ​សន្តិវិធី និង​ប្រកប​ដោយ​ស្មារតី​ស្ថាបនា​ជាមួយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់​តាម​ដែល​ អាច​ធ្វើ​ទៅ​បាន ដែល​សហភាព​អឺរ៉ុប យល់​ថា ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​ស្រប​ច្បាប់៕

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។