ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី បានរៀបចំពាក្យប្ដឹងក្រុមសមត្ថកិច្ច ពីបទដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ និងធ្វើលិខិតជូនអាជ្ញាធរខេត្ត ជួយអន្តរាគមន៍បញ្ឈប់សកម្មភាពប្រើអំពើហិង្សាលើប្រជាពលរដ្ឋតទៅទៀត ហើយផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋចាកចេញពីភូមិក្នុងព្រៃ មកតាំងទីលំនៅនៅតាមដងផ្លូវទើបអភិវឌ្ឍថ្មីនៅតំបន់នោះ។
តំណាងប្រជាពលរដ្ឋរស់នៅភូមិចំនួនបីក្នុងឃុំស្រែឈូក ស្រុកកែវសីមា លោក ញៀន មី នៅព្រឹកថ្ងៃទី៤ ខែធ្នូ បាននាំយកស្នាមមេដៃអ្នកភូមិជាង ៣០០នាក់ តំណាងប្រជាពលរដ្ឋ ១៦០គ្រួសារ មកការិយាល័យអង្គការការពារសិទ្ធិមនុស្ស ដើម្បីជួយរៀបចំពាក្យប្ដឹងជូនប្រជាពលរដ្ឋ។
លោកមានប្រសាសន៍បញ្ជាក់ថា សុវត្ថិភាពរស់នៅរបស់អ្នកភូមិស្ថិតក្នុងការគំរាមកំហែង បន្ទាប់ពីក្រុមសមត្ថកិច្ចបានបំផ្លាញផ្ទះប្រជាពលរដ្ឋពីរលើករួចទៅហើយ។ លោកចាត់ទុកថា នេះគឺជាអំពើផ្តាច់ការរំលោភសិទ្ធិជនជាតិដើមភាគតិច។ ហេតុនេះ អ្នកភូមិអំពាវនាវសុំឲ្យអាជ្ញាធរខេត្ត និងមន្ត្រីស្ថាប័នអយ្យការ ផ្តល់យុត្តិធម៌ជូនពួកគាត់៖ «គេធ្វើបាបប្រជាពលរដ្ឋទៅរុះរើដុតកាប់ផ្ទះប្រជាពលរដ្ឋ បើមិនធ្វើតាមបទបញ្ជា គេចាប់ដាក់ខ្នោះពួកខ្ញុំ។ ប្រជាពលរដ្ឋឃើញដងផ្លូវរស់នៅសុខសាន្ដ មានផ្លូវ ប្រជាពលរដ្ឋចង់នៅតាមផ្លូវ។ ផ្លូវក្នុង វាពិបាកពេក ជិះម៉ូតូទម្រាំដល់ផ្លូវមានបញ្ហាកូនឈឺ ក្រុមគ្រួសារឈឺវាពិបាក»។
ចាប់ពីដើមខែវិច្ឆិកា រហូតមកទល់នឹងបច្ចុប្បន្ន ផ្ទះប្រជាពលរដ្ឋចំនួន ៣៩ខ្នង ត្រូវបានសមត្ថកិច្ចចម្រុះ មានមន្ត្រីព្រៃឈើ កងរាជអាវុធហត្ថ មន្ត្រីអយ្យការប្រើវិធានការក្តៅ អារជើងសសរ ហើយយករថយន្តទាញរំលំ និងដុតបំផ្លាញចោល ដោយចោទថា ប្រជាពលរដ្ឋមកតាំងទីលំនៅអានាធិបតេយ្យក្នុងតំបន់ព្រៃអភិរក្ស។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ នៅថ្ងៃទី៤ ខែធ្នូ បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ពីព្រោះលោកកំពុងធ្វើដំណើរ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពិតជាបានអនុវត្តវិធានការហិង្សាធ្វើឲ្យប៉ះពាល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច។ លោកបន្តថា អ្នកភូមិជនជាតិភាគតិចទាំងនោះរស់នៅជាសហគមន៍ក្នុងតំបន់ព្រៃអភិរក្សច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែថ្មីៗនេះ ដោយសារក្រុមហ៊ុនសម្បទានបានធ្វើផ្លូវងាយស្រួលធ្វើដំណើរភ្ជាប់មកផ្លូវជាតិ ទើបអ្នកភូមិបោះបង់ភូមិចាស់ក្នុងព្រៃ ហើយមកតាំងទីលំនៅតាមបណ្តោយផ្លូវថ្មី និងបានធ្វើសំណើសុំតាមរយៈមេភូមិ មេឃុំរបស់ខ្លួនទៀតផង៖ «ឯកសារដែលគាត់កាន់មកមានតែស្នាមមេដៃប្រជាពលរដ្ឋទាំងប៉ុន្មាននាក់ហ្នឹង និងលិខិតស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរនៅក្នុងតំបន់ហ្នឹង គ្រាន់ឃើញមានការទទួលស្គាល់ពីមេភូមិ ក្នុងហ្នឹងមានការទទួលស្គាល់ពីមេឃុំ យង់ ប៊ុន ដែលមានបោះត្រា និងស៊ីញេ»។
នៅរសៀលថ្ងៃដដែលនេះ តំណាងអ្នកភូមិអះអាងថា មន្ត្រីអាជ្ញាធរខេត្តបានទទួលពាក្យបណ្ដឹងរបស់ពួកគាត់ ដើម្បីយកទៅពិនិត្យ។ ចំណែកស្ថាប័នអយ្យការបានតម្រូវឲ្យប្រជាពលរដ្ឋកែសម្រួលខ្លឹមសារពាក្យប្ដឹង ជាពិសេសឈ្មោះមន្ត្រីពាក់ព័ន្ធដែលប្រជាពលរដ្ឋត្រូវប្ដឹង។ តំណាងប្រជាពលរដ្ឋបញ្ជាក់ដែរថា នៅថ្ងៃទី៤ ខែធ្នូ ជាថ្ងៃដែលសមត្ថកិច្ចកំណត់ថាចុះរុះរើបំផ្លាញផ្ទះប្រជាពលរដ្ឋនៅសល់ចំនួន ១០ខ្នងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
