រដ្ឋសភា​សម្រេច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ មិថុនា

0:00 / 0:00

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ឲ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ មិថុនា ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា សមាជិក​សភា​គណបក្ស​ប្រឆាំង​ប្រកាស​ថា ពួក​គេ​នឹង​មិន​ទៅ​ចូលរួម​ការ​សួរ​ដេញដោល​នោះ​ឡើយ ពីព្រោះ​ពួក​គេ​បាន​ស្នើសុំ​ផ្អាក​កម្មវិធី​នោះ​រួច​ហើយ។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លោក ឈាង វុន ថ្លែង​ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ថា រដ្ឋសភា​នឹង​នៅ​តែ​ដំណើរ​ការ​របៀបវារៈ​សួរ​ដេញដោល​លោក អង្គ វង្សវឌ្ឍានា នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ដដែល បើ​ទោះ​បី​ជា​សមាជិក​សភា​បក្ស​ប្រឆាំង​ប្រកាស​ថា ពួក​គេ​នឹង​ធ្វើ​ពហិការ​ក៏ដោយ«ពេល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​សំណួរ​ទៅ មាន​ក្នុង​ក្រដាស​ហ្នឹង​រួច​ស្រេច​ហើយ​តើ ! គាត់​មក​ឆ្លើយ​សំណួរ​ហ្នឹង​ទៅ។ ប៉ុន្តែ​សំណួរ​ដែល​សួរ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នេះ គេ​ហៅ​លាក់​មុខ។ រឿង​មែន​ទែន មិន​មែន​អ៊ីចឹង​ទេ។ រឿង​មែន​ទែន គេ​ចង់​លាក់​បាំង​រឿង​អាស្រូវ​របស់ កឹម សុខា»

លោក ឈាង វុន អះអាង​ថា ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ​បំភ្លឺ​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា រដ្ឋសភា​មិន​អាច​យល់​ស្រប​តាម​សំណើ​សុំ​ផ្អាក​ការ​ចោទ​សួរ​នេះ​វិញ​បាន​ឡើយ«កោះ​អញ្ជើញ​រដ្ឋមន្ត្រី​មក​សួរ ហើយ​គាត់​សុំ​ឲ្យ​ផ្អាក​វិញ អា​ហ្នឹង​វា​អត់​មាន​ផ្លូវ​ច្បាប់ មាន​តែ​ដក ( លិខិត ) ទេ។ អ៊ីចឹង​ហើយ បើ​កាលណា​យើង​ធ្វើ​តាម​គាត់ យើង​ខុស​ច្បាប់​ជាមួយ​គាត់»

កាល​ពី​ខែ​ឧសភា កន្លង​ទៅ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចូល​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ មន្ត្រី​សិទ្ធិ​មនុស្ស និង​ករណី​តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​តុលាការ បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​គ្រប់គ្រង​តុលាការ ការ​បំពាន​រដ្ឋធម្មនុញ្ញ ការ​គំរាម​កំហែង​លើ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ដើម​ខែ​មិថុនា នេះ លោក សុន ឆ័យ បាន​ដាក់​លិខិត​មួយ​ទៅ​ប្រធាន​រដ្ឋសភា ស្នើសុំ​ផ្អាក​ការ​សួរ​ដេញដោល​នេះ​ទៅ​ពេល​ក្រោយ​វិញ ដោយ​មូលហេតុ​លោក​មិន​អាច​ទៅ​បំពេញ​ការងារ​ពេញលេញ​នៅ​រដ្ឋសភា​បាន។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ឈាង វុន ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា សំណើ​សុំ​ផ្អាក​របស់​លោក មាន​ន័យ​ស្មើ​នឹង​ការ​ដក​លិខិត។ លោក​ថា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ​បំភ្លឺ​ឡើង​វិញ​នៅ​ពេល​ពួក​លោក​ចូល​ទៅ​ធ្វើ​ការ​នៅ​រដ្ឋសភា​វិញ ក្រោយ​ស្ថានការណ៍​នយោបាយ​មាន​ភាព​ធូរ​ស្រាល«យើង​សុំ​ឲ្យ​ដក​លិខិត​មក​វិញ ហើយ​ផ្អាក​ការ​សួរ ស្រប​តាម​ប្រការ​៣៣ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ ហើយ​មិន​មាន​គណបក្ស​ណា​អាច​មក​សួរ​ដេញដោល​ជំនួស​យើង​បាន​ទេ។ យើង​ជា​ម្ចាស់​សំណួរ។ យើង​បាន​ផ្អាក ហើយ​សុំ​ឲ្យ​ដក​សំណើ​នេះ​សិន។ ហើយ​បើ​យើង​ចង់​អញ្ជើញ​រដ្ឋមន្ត្រី​នៅ​ពេល​ក្រោយ យើង​នឹង​ធ្វើ​លិខិត​សាជាថ្មី​ម្តង​ទៀត»

លោក សុន ឆ័យ អះអាង​ថា សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ហៅ​លោក អង្គ វង្សវឌ្ឍានា មក​សាកសួរ​ចំពោះ​សំណួរ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ ចាំបាច់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើត​សំណួរ ហើយ​អញ្ជើញ​រដ្ឋមន្ត្រី​មក​សួរ​ដោយ​ខ្លួន​ឯង។

ក្រៅ​ពី​នេះ លោក សុន ឆ័យ ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​លោក ឈាង វុន ដែល​ថា សំណួរ​ទៅ​កាន់​លោក អង្គ វង្សវឌ្ឍានា គឺ​ជា​ចេតនា​លាក់​បាំង​រឿង​អាស្រូវ​លោក កឹម សុខា។ លោក សុន ឆ័យ បញ្ជាក់​ថា ខ្លឹមសារ​សំណួរ​ដែល​គណបក្ស​លោក​ចង់​សួរ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​ជុំវិញ​តែ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ និង​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​លោក អង្គ វង្សវឌ្ឍានា តែ​ប៉ុណ្ណោះ«ចំណុច​ណា​ដែល​យើង​សួរ​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ឲ្យ​គាត់​អាន​ជូន​សាធារណជន​ជ្រាប​ផង ! យើង​សួរ​តែ​ពី​រឿង​ការ​អនុវត្ត​ករណី​ព្រហ្មទណ្ឌ​របស់​រាជ​រដ្ឋាភិបាល។ យើង​សួរ​អំពី​ការ​ឃុំ​ខ្លួន​លើស​ការ​កំណត់ និង​លោក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​គេ​ផ្សាយ​តាម​ឯកសារ​ប៉ាណាម៉ា (Panama Papers) ពាក់ព័ន្ធ​នឹង​រឿង​ដាក់​ភាគ​ហ៊ុន​នៅ​ក្រៅ​ប្រទេស។ តើ​ករណី​ទាំង​នេះ​ពាក់ព័ន្ធ​លោក កឹម សុខា ឬ​អត់

កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ទាំងអស់ នឹង​ផ្អាក​មិន​ទៅ​បំពេញ​នូវ​រាល់​កិច្ចការ​នានា​នៅ​មន្ទីរ​រដ្ឋសភា​មួយ​រយៈ។ ការ​ប្រកាស​នេះ ក្នុង​គ្រា​ដែល​លោក កឹម សុខា បដិសេធ​មិន​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​រឿង​សញ្ចារកម្ម​ចំនួន ២​លើក ហើយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​បំភ្លឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។