រដ្ឋសភា​ច្រាន​ចោល​សំណើ​ក្រសួង​យុត្តិធម៌​ចង់​ដក​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង​ពីរ​រូប

0:00 / 0:00

តំណាង​រាស្ត្រ​មក​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ទាត់​ចោល​សំណើ​របស់​ក្រសួង​យុត្តិធម៌ ដែល​ស្នើ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អង្គ​ប្រជុំ​រក​ឃើញ​ថា អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ការ​បដិសេធ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នេះ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌ កាល​ពី​ខែ​សីហា បាន​ដាក់​សំណើ​សុំ​ឲ្យ​រដ្ឋសភា ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​របស់​គណបក្ស​ប្រឆាំង ២​រូប ដែល​តុលាការ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ទាក់ទង​ក្នុង​សំណុំ​រឿង​លោក កឹម សុខា។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​របស់​រដ្ឋសភា ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ សម្រេច​មិន​ធ្វើ​តាម​សំណើ​សុំ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ ២​រូប តាម​ការ​ស្នើសុំ​របស់​ក្រសួង​យុត្តិធម៌ ទេ។ លោក​បន្ត​ថា កំហុស​របស់​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា រក​មិន​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ លោក​បន្ត​ថា « គណៈកម្មាធិការ​អចិន្ត្រៃយ៍​មិន​បាន​សម្រេច​បញ្ហា​ហ្នឹង​ទេ ព្រោះ​អ្នក​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ទេ។ ដូច​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ឆ្លើយ​ជូន​ទៅ​ក្រសួង​យុត្តិធម៌ »

ជុំវិញ​សំណុំ​រឿង​នេះ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ពី​បទ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង។ ទាំង​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ពុំ​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​លោក សៀង សុខ ទេ។

លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ មិន​បាន​ប្រាប់​អ្នក​កាសែត​អ្វី​ឡើយ ជុំវិញ​ការ​បដិសេធ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា លោក​មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស។ ដោយឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព វិញ​ថ្លែង​ថា ជាប់​ប្រជុំ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

កាល​ពី​ខែ​សីហា ក្រសួង​យុត្តិធម៌ តាម​រយៈ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋសភា បាន​ធ្វើ​សំណើ​សុំ​លើក​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ ២​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ កិច្ច​អន្តរាគមន៍​របស់​ក្រសួង​យុត្តិធម៌ ពេល​នោះ គឺ​ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ងាយ​បន្ត​នីតិវិធី​ចាត់ការ​លើ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ការ​ច្រាន​ចោល​សំណើ​របស់​ក្រសួង​យុត្តិធម៌ នេះ ក៏​ជា​ផ្នែក​មួយ​បិទ​ផ្លូវ​របស់​តុលាការ​ក្នុង​ការ​បន្ត​នីតិវិធី​របស់​ខ្លួន​ប្រឆាំង​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ។ លោក​បន្ត​ថា « ការ​លើក​អភ័យ​ឯកសិទ្ធិ ការ​ស្នើសុំ​ក្រសួង​យុត្តិធម៌ គណៈកម្មាធិការ​អចិន្ត្រៃយ៍​លោក​បាន​សម្រេច​អម្បាញ់មិញ សូម​ឲ្យ​អគ្គលេខាធិការ​រាយការណ៍​ជូន​ទៅ​ក្រសួង​យុត្តិធម៌ វិញ គឺ​មិន​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​តាម​ការ​ស្នើសុំ​នោះ​ទេ។ នេះ​ជា​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អម្បាញ់មិញ »

ការ​ចាប់​ដៃ​គ្នា​ដើរ​ចូល​សភា​ឡើង​វិញ​របស់​បក្ស​នយោបាយ​ធំៗ​ទាំងនេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម និង​នយោបាយ​មើល​ឃើញ​ថា ជា​សញ្ញា​វិជ្ជមាន ជាពិសេស​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា របៀបវារៈ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​លើក​ទៅ​ពិភាក្សា​មាន ៨​ចំណុច ក្នុង​នោះ​រួម​មាន​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​វិស័យ​សុខាភិបាល និង​សេចក្ដី​ព្រាង​គម្រោង​ថវិកា​រដ្ឋសភា​ប្រចាំ​ឆ្នាំ​២០១៧ ជាដើម ក្រៅ​ពី​នេះ របៀបវារៈ​ភាគច្រើន​ពី​ខាង​បក្ស​ប្រឆាំង គ្រប​ដណ្ដប់​លើ​វិសោធនកម្ម​នៃ​មាត្រា​មួយ​ចំនួន​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា។

មក​ដល់​ពេល​នេះ រដ្ឋសភា​នៅ​មិន​ទាន់​បាន​កំណត់​ពេល​សម្រាប់​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​វិញ​នៅ​ឡើយ​ទេ បន្ទាប់​ពី​សភា​វ៉ាកង​ក្នុង​រយៈពេល ៣​ខែ​កន្លង​មក​នេះ។ តាម​គម្រោង សភា​នឹង​ចូល​កង​វិញ​នៅ​ខែ​តុលា នេះ​ហើយ៕

វីដេអូ៖ រដ្ឋសភា​ច្រាន​ចោល​សំណើ​ក្រសួង​យុត្តិធម៌​ចង់​ដក​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង​ពីរ​រូប

រដ្ឋសភា​ច្រាន​ចោល​សំណើ​ក្រសួង​យុត្តិធម៌​ចង់​ដក​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង​ពីរ​រូប រដ្ឋសភា​ច្រាន​ចោល​សំណើ​ក្រសួង​យុត្តិធម៌​ចង់​ដក​អភ័យ​ឯកសិទ្ធិ​សភា​បក្ស​ប្រឆាំង​ពីរ​រូប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។