អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បន្តប្រឹងប្រែងទាមទារឲ្យមានការរៀបចំច្បាប់ ទាក់ទងការងារតុលាការចំនួន៣ ធ្វើឲ្យតុលាការមានភាពឯករាជ្យពិតប្រាកដ និងមិនលម្អៀង ដើម្បីចៅក្រមកាត់សេចក្តីផ្តល់យុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ។ ច្បាប់ទាក់ទងការងារតុលាការចំនួន៣នោះ ត្រូវសភា និងព្រឹទ្ធសភា ពិភាក្សា និងអនុម័តហើយ។
តំណាងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានជួបប្រជុំ និងរួមគ្នាផ្ញើញត្តិទាមទារឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចំណុចមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ចំនួន៣ ទាក់ទងការងាររបស់តុលាការ ដែលធ្វើឲ្យច្បាប់នោះអធម្មនុញ្ញភាព។
សេចក្តីព្រាងច្បាប់ទាក់ទងការងារតុលាការទាំង៣នោះ ទី១ គឺសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ ទីពីរ សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គតុលាការ និងអយ្យការ និងទីបី សេចក្តីព្រាងច្បាប់ស្ដីពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកមេធាវី សុក សំអឿន ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) មានប្រសាសន៍នៅថ្ងៃទី២៦ មិថុនា ថា ទោះបីរដ្ឋសភា និងព្រឹទ្ធសភា បានពិភាក្សា និងអនុម័តច្បាប់ទាំង៣នេះហើយមែន ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមានពេលវេលា ដើម្បីពិនិត្យចំនួន ៣០ថ្ងៃ មុនពេលដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឲ្យអនុវត្តជាធរមាន៖ «តាមពិតថាយឺតក៏បាន ប៉ុន្តែយើងធ្វើជាដំណាក់ៗកន្លងមកហើយ ហើយឥឡូវវានៅក្នុងដំណាក់កាលក្រុមប្រឹក្សាធម្មនុញ្ញ អ៊ីចឹងយើងធ្វើមួយទៀតទៅ សម្រាប់ជូនព័ត៌មានទៅក្រុមប្រឹក្សាធម្មនុញ្ញ»។
លោកមេធាវី សុក សំអឿន ថ្លែងថា សេចក្តីព្រាងច្បាប់ទាក់ទងការងារតុលាការទាំង៣នោះ សុទ្ធតែមានចំណុចត្រូវកែប្រែ ដើម្បីធ្វើឲ្យតុលាការមានភាពឯករាជ្យពិតប្រាកដ និងអនាគតិ ឬមិនលម្អៀង ក្នុងការកាត់សេចក្តីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ ច្បាប់ទាក់ទងតួនាទីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មានសារសំខាន់ជាងគេក្នុងការធ្វើឲ្យស្ថាប័នតុលាការឯករាជ្យ និងមិនលម្អៀង៖ «ដើម្បីឲ្យតុលាការឯករាជ្យ ទី១ ត្រូវធ្វើច្បាប់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញនោះ ឯករាជ្យដាច់ពីអំណាចនីតិប្រតិបត្តិ ហើយជាពិសេស ដាច់ពីអ្នកនយោបាយ»។
ក្នុងចំណុចទាក់ទងឯករាជ្យភាពរបស់តុលាការនេះ លោក ឌុច ពិសិដ្ឋ អ្នកច្បាប់មកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការជាប់ពាក់ព័ន្ធរបស់មន្ត្រីមកពីស្ថាប័ននីតិប្រតិបត្តិ គឺធ្វើឲ្យការងារតុលាការលម្អៀង៖ «បើសិនជាយើងប្រៀបធៀបជាមួយគោលការណ៍អន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់យើង គឺធ្វើឲ្យឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមនោះឯករាជ្យ ស្របតាមមាត្រា១៣២ នៃរដ្ឋធម្មនុញ្ញ។ អ៊ីចឹងត្រូវដករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីមកពីនីតិប្រតិបត្តិចេញពីឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម បើថាស្ថាប័ននេះឯករាជ្យហើយ គឺតុលាការនោះឯករាជ្យហើយ ពីព្រោះស្ថាប័ននេះជាអ្នកធានាឲ្យតុលាការឯករាជ្យ»។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ មិថុនា អង្គការក្រៅរដ្ឋាភិបាល បានលើកឡើងចំណុចអធម្មនុញ្ញភាពមួយចំនួនមាននៅក្នុងសេចក្តីព្រាងច្បាប់ទាំង៣ ដែលអាចប៉ះពាល់ឯករាជ្យភាពរបស់ស្ថាប័នតុលាការនោះ មានជាអាទិ៍ ការជាប់ពាក់ព័ន្ធរបស់មន្ត្រីមកពីស្ថាប័ននីតិប្រតិបត្តិនៅក្នុងអង្គការលេខ និងទាក់ទងបញ្ហាថវិការបស់ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។ ការតែងតាំងសមាជិកគណៈកម្មការវិន័យដោយគ្មានការបោះឆ្នោត អនុញ្ញាតឲ្យមន្ត្រីមកពីស្ថាប័ននីតិប្រតិបត្តិ ធ្វើការងារទាក់ទងការដំឡើងឋានៈដល់ចៅក្រម និងព្រះរាជអាជ្ញា អនុញ្ញាតឲ្យមន្ត្រីមកពីស្ថាប័ននីតិប្រតិបត្តិ មានអំណាចចាត់ចែងលើថវិការបស់តុលាការគ្រប់ជាន់ថ្នាក់ ជាដើម។
ក្នុងពេលពិភាក្សា និងអនុម័តច្បាប់ទាក់ទងតុលាការទាំង៣កន្លងមកនៅព្រឹទ្ធសភា មានសមាជិកព្រឹទ្ធសភាខ្លះលើកឡើងថា គណបក្សប្រឆាំង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល មិនគួរបារម្ភអំពីច្បាប់ទាំងនេះទេ ប្រសិនបើពួកគេជាអ្នកចេះដឹងពិតប្រាកដ ព្រោះថា ច្បាប់ទាំងនេះសុទ្ធតែអាចធ្វើវិសោធនកម្មបានក្នុងពេលខាងមុខ។ លើសពីនេះ ពួកគេថា អង្គការក្រៅរដ្ឋាភិបាលប្រមាណ ៣ពាន់នៅកម្ពុជា មានតែអង្គការមួយចំនួនតូចប៉ុណ្ណោះ ដែលរិះគន់ការតាក់តែងច្បាប់នេះ។
សេចក្តីព្រាងច្បាប់ទាក់ទងការងារតុលាការទាំង៣ ត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ឧសភា ហើយព្រឹទ្ធសភាបានអនុម័តកាលពីថ្ងៃទី១២ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
