ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម និងសហគមន៍ នឹងជួបប្រជុំគ្នាតវ៉ានៅខាងមុខអគារព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ទាមទារឲ្យស្ថាប័ននេះទម្លាក់ចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមអ្នកតវ៉ានឹងជួបជុំដោយសន្តិវិធី និងមិនធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ឡើយ។ ក្នុងពេលនោះ អ្នកតវ៉ានឹងបង្ហាញសារពីផលប៉ះពាល់នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ស្របគ្នានោះ ពួកគេនឹងដាក់ញត្តិដែលមានន័យ អំពាវនាវសុំអន្តរាគមន៍បញ្ឈប់ដំណើរការបង្កើតច្បាប់ថ្មីនេះ ទៅស្ថានទូតជប៉ុន ដែលនៅមិនឆ្ងាយប៉ុន្មានពីមន្ទីរព្រឹទ្ធសភា។
គម្រោងការតវ៉ានេះ ធ្វើឡើងនៅចំថ្ងៃដែលព្រឹទ្ធសភា នឹងប្រជុំពិភាក្សាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានប្រកាសរួចជាស្រេចថា នឹងមិនចូលរួមកិច្ចប្រជុំនោះឡើយ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តដោយតំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន ៦៨ សំឡេង។ ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន បានប្រតិកម្មជំទាស់នឹងការបង្កើតច្បាប់នេះ ដោយសំអាងថា បានរឹតត្បិតសេរីភាពអង្គការ សមាគម និងមានអត្ថន័យផ្ទុយពីបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
