ច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ បានបើកកិច្ចពិភាក្សាជាលើកដំបូងនៅវិមានរដ្ឋសភា នៅថ្ងៃអង្គារ ទី១៨ វិច្ឆិកា ដោយមានការពន្យល់បង្ហាញពីមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ គឺខុសប្លែកពីឆ្នាំមុន ដោយបានបង្ហាញយ៉ាងច្បាស់ថា ទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក នឹងត្រូវចំណាយយ៉ាងមានប្រសិទ្ធភាពបំផុត ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ចំណូលប្រជាពលរដ្ឋកម្ពុជា។
សិក្ខាសាលារយៈពេលមួយព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ពិភាក្សាលើច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ ត្រូវបានមន្ត្រីជំនាញ និងសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គាំទ្រ។ ចំណែកសមាជិកសភាមកពីគណបក្សប្រឆាំងវិញ អង្គុយស្ដាប់យ៉ាងស្ងប់ស្ងៀម ហើយថែមទាំងគ្មានឱកាស ឬពេលវេលាច្រើនលើកជាសំណួរ និងទិតៀនច្បាប់ថវិកាជាតិនោះទេ។
បទបង្ហាញរបស់មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ក្រសួងបានរៀបចំច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ ដោយផ្អែកលើមូលដ្ឋានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយអាទិភាពនៅតាមក្រសួងសំខាន់ៗនានា លទ្ធភាពកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ការកែទម្រង់ប្រព័ន្ធបៀវត្សរបស់មន្ត្រីរដ្ឋបាលសាធារណៈ និងយុទ្ធសាស្ត្រគ្រប់គ្រងបំណុល។
ក្រោយពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច បានបញ្ចប់បទបង្ហាញរបស់ខ្លួន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា លោក ឈាង វុន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច លើការតាក់តែងរៀបចំច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ ដែលជាច្បាប់ថវិកាជាតិសម្រាប់ចំណាយប្រកបដោយប្រសិទ្ធភាព និងដោយតម្លាភាពបំផុត។
លោក ឈាង វុន បានបន្ថែមថា ដើម្បីពង្រឹងថវិកាជាតិនាពេលខាងមុខនោះ គឺត្រូវពង្រឹងការប្រមូលពន្ធ និងការបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលសាធារណៈ ដើម្បីឈានដល់ការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា៖ «សំឡេង»។
បន្ថែមលើនេះ ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា លោក ហុង សុខហួ មកពីគណបក្សប្រឆាំងយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា ហាក់មិនមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធសម្រាប់ពង្រឹងចំណូលថវិកាជាតិ ជាពិសេសពន្ធមកពីវិស័យកាស៊ីណូ។ ម្យ៉ាងវិញទៀត លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជា បង្ហាញអំពីយន្តការក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងបរិបទអាស៊ាន៖ «សំឡេង»។
ទោះបីជាមានការចោទសួរពីសមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សទាំងពីរក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបង្ហាញជំហរថា ច្បាប់ថវិកាប្រចាំឆ្នាំ២០១៥ នេះ កើតឡើងដោយសារតែការបង្រួបបង្រួមគ្នារវាងអ្នកនយោបាយសម្រាប់ពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងលើកកម្ពស់ការកសាងសេវាសាធារណៈ។ បន្ថែមលើនេះ ការប្រមូលពន្ធ និងការទាក់ទាញវិនិយោគ គឺវិស័យអាទិភាពដែលរដ្ឋាភិបាលកំពុងធ្វើ ដើម្បីយកទៅពង្រឹងថវិកាជាតិ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ចំណុចលេចធ្លោជាងគេនៃថវិកាជាតិប្រចាំឆ្នាំ២០១៥ គឺផ្ដោតយកចិត្តទុកដាក់ពិសេសទៅលើការដំឡើងបៀវត្សមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ជាក់ស្ដែង ថវិកាជាតិប្រចាំឆ្នាំ២០១៥ បានបង្កើនចំណាយបន្ទុកបុគ្គលិកពីកម្រិតគោល ៤០% នៃចំណាយចរន្តសរុប ឲ្យកើនឡើងរហូតដល់ជាង ៤៨% នៃចំណាយចរន្តសរុប ដែលស្មើប្រមាណជាង ៦% នៃទំហំសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានគណៈកម្មការទីពីរនៃរដ្ឋសភា លោក សុន ឆ័យ បានអះអាងថា ច្បាប់ថវិកាជាតិនេះហាក់នៅមានភាពខ្វះចន្លោះច្រើន ដោយសារតែឯកសារដែលបានស្នើសុំមួយចំនួនមិនបានទទួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឡើយ។ បញ្ហានេះ នឹងជះឥទ្ធិពលដល់ការអនុម័តច្បាប់ថវិកាជាតិនៅចុងខែវិច្ឆិកា នេះ នឹងមានការតវ៉ាប្រឆាំង ឬធ្វើពហិការពីសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ។
នាយកប្រតិបត្តិនៃវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលហៅកាត់ថា អ៊ិនជីអូ ហ្វរ៉ុម (NGOs Forum) លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា សិក្ខាសាលាបកស្រាយពីច្បាប់ថវិកាជាតិដែលធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី១៨ វិច្ឆិកា ហាក់នៅមានការលាក់បាំងជាច្រើន ដោយសារតែអង្គការសង្គមស៊ីវិលមិនទាន់បានទទួលរបាយការណ៍ជាផ្លូវការ ស្ដីអំពីច្បាប់ថវិកាជាតិនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា រដ្ឋសភានឹងមានការពិភាក្សាជាមួយអង្គការសង្គមស៊ីវិលបន្ថែមទៀត មុននឹងច្បាប់ថវិកាជាតិនេះយកទៅឲ្យសភាអនុម័តនៅចុងខែវិច្ឆិកា ឆ្នាំ២០១៤៖ «សំឡេង»។
តាមគម្រោង មុននឹងឈានដល់ការអនុម័តច្បាប់ថវិកាជាតិនេះ នឹងមានការបកស្រាយបន្ថែមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយលើកទៀតនៅសប្ដាហ៍ក្រោយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា ច្បាប់ថវិកាជាតិនេះបានសរសេរច្បាស់អំពីការអនុវត្តប្រកបដោយតម្លាភាព និងគណនេយ្យភាព ប៉ុន្តែពាក្យទាំងពីរនេះ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនមិនយល់ឡើយ។ ម្យ៉ាងវិញទៀត សូម្បីសមាជិកសភាមកពីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ក៏មិនដឹងថា ថវិកាប៉ុន្មានគួរឲ្យចាយសមរម្យសម្រាប់ឆ្នាំថ្មីនោះ។
សេចក្ដីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៥ មាន ៦ជំពូក ដែលបានកំណត់ការចំណាយថវិកាជាតិសរុបស្មើនឹង ២០% នៃទំហំសេដ្ឋកិច្ចជាតិ ដែលទឹកប្រាក់នេះកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ហើយមានទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
