មេធាវី​លោក ញ៉យ ចំរើន នៅ​អាមេរិក​ថា​កូន​ក្ដី​លោក​នឹង​ឈ្នះ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ដោយ តាំង សារ៉ាដា
2016-11-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
Photo: RFA

មេធាវី​របស់​លោក ញ៉យ ចំរើន គឺ​លោក មូរតុន ក្លារ (Morton Sklar) អះអាង​ថា កូន​ក្តី​លោក​នឹង​ឈ្នះ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី នៅ​តុលាការ​សហព័ន្ធ​ក្នុង​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ភាគី​ចុង​បណ្ដឹង​មិន​ចូលរួម​សវនាការ​កាល​ពី​ដើម​ខែ​វិច្ឆិកា។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកាស​នេះ​ឡើយ។

លោក មូរតុន ក្លារ (Morton Sklar) នឹង​ស្នើ​ឲ្យ​តុលាការ​សហរដ្ឋ​អាមេរិក ចេញ​សាលក្រម​ឲ្យ​លោក ញ៉យ ចំរើន ឈ្នះ​ក្តី​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្វ័យប្រវត្តិ។ លោក​បន្ត​ថា នេះ​ជា​ជ័យជម្នះ​ដ៏​ធំធេង​សម្រាប់​ដើម​បណ្ដឹង។ លោក មូរតុន ក្លារ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ការ​មិន​ចូលរួម​ដំណើរ​ការ​ក្តី​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក ដោយសារ​រដ្ឋាភិបាល​កម្ពុជា ខ្លាច​ភាព​អាម៉ាស់​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ឆាក​អន្តរជាតិ។

លោក មូរតុន ក្លារ មាន​ប្រសាសន៍​បន្ត​ថា៖ «តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ គឺ​ថា​រដ្ឋាភិបាល​ខ្លាច​ខ្លាំង​ណាស់​នូវ​អ្វី​ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​ក្តី​ក្ដាំ​នេះ​កំពុង​ដំណើរ​ការ។ ម្យ៉ាង​ទៀត​ប្រសិន​បើ​គេ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​នេះ​មែន នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​ក្លាយ​ទៅ​ជា​គូ​ភាគី​នៃ​ដំណើរ​ការ​ក្តី​ទូទៅ​មួយ​ហើយ។ សម្រាប់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា វិញ វា​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ ពីព្រោះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ដំណើរ​ការ​ក្តី​នៅ​ទីនោះ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក គេ​មិន​អាច​ធ្វើ​តាម​ទំនើង​ចិត្ត​នោះ​ទេ។ ដូច្នេះ​តុលាការ​នៅ​អាមេរិក អាច​បង្ហាញ​ពី​ភាព​អាម៉ាស់​របស់​ពួក​គេ​លើ​ឆាក​អន្តរជាតិ ចំពោះ​ទង្វើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ជាពិសេស​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​ពួក​គេ​ក្នុង​ការ​គំរាម​កំហែង និង​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​អ្នក​រិះគន់ ឬ​ក្រុម​បក្ស​ប្រឆាំង»

លោក ញ៉យ ចំរើន បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក ហ៊ុន សែន ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូប​លោក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា កម្ពុជា មិន​ខ្វល់​ពី​បណ្ដឹង​របស់​លោក ញ៉យ ចំរើន នៅ​សហរដ្ឋ​អាមេរិក នោះ​ទេ។ លោក​អះអាង​ថា កម្ពុជា មាន​អធិបតេយ្យភាព​របស់​ខ្លួន​ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ៖ «ប្រសិន​បើ​យុត្តាធិការ ឬ​នីតិវិធី​ត្រូវ​ប្ដឹង​ទៅ​ក្រៅ​ប្រទេស អា​ហ្នឹង​ជា​រឿង​មួយ ប៉ុន្តែ​បើ​គេ​និយាយ​អំពី​អធិបតេយ្យភាព ឬ​ឯករាជ​ភាព អា​ហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត។ អ៊ីចឹង​ទេ​ខ្ញុំ​យល់​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ​ហើយ​ដោយ​ឯកឧត្តម ញ៉យ ចំរើន គាត់​យល់​ផ្សេង ហើយ​រាជ​រដ្ឋាភិបាល​យល់​ផ្សិង អា​ហ្នឹង​វា​ជា​រឿង​ផ្ទុយ​គ្នា។ គាត់​សញ្ជាតិ​អាមេរិកាំង ហើយ​គាត់​ទៅ​ប្ដឹង​នៅ​តុលាការ​សហរដ្ឋ​អាមេរិក អា​ហ្នឹង​ខ្ញុំ​ក៏​មិន​យល់​ដែរ មិន​ដឹង​ថា​ច្បាប់​គេ​ហ្នឹង​វា​ពាក់ព័ន្ធ​យ៉ាង​ម៉េច? រឿង​នេះ​កើត​ឡើង​នៅ​កម្ពុជា ហើយ​ហេតុ​ម៉េច​បាន​ជា​ទៅ​ប្ដឹង​នៅ​សហរដ្ឋ​អាមេរិក

ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​អនុម័ត​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​២០០១ ចែង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​អាមេរិកាំង គ្រប់​រូប​មាន​សិទ្ធិ​ប្ដឹង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ដែល​បាន​ធ្វើ​ទារុណកម្ម និង​ប៉ុនប៉ង​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន។

លោក ញ៉យ ចំរើន បញ្ជាក់​ថា ការ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា នៅ​តុលាការ​សហរដ្ឋ​អាមេរិក ដោយសារ​តុលាការ​កម្ពុជា មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​លោក។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ មេធាវី​ដើម​បណ្ដឹង​បាន​ផ្ញើ​ឯកសារ​បណ្ដឹង​ចំនួន ៥៧​ទំព័រ​ជា​ភាសា​អង់គ្លេស និង ៦៣​ទំព័រ​ជា​ភាសា​ខ្មែរ ទៅ​រដ្ឋាភិបាល​កម្ពុជា ហើយ​បណ្ដឹង​នោះ​បាន​បោះ​ត្រា​ទទួល​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។ ពាក្យ​បណ្តឹង​តម្រូវ​ឲ្យ​ចុង​ចោទ​មក​ឆ្លើយ​បំភ្លឺ​មុខ​សវនាការ​តុលាការ​សហព័ន្ធ​របស់​អាមេរិក នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចូល​ខ្លួន​តាម​ការ​កំណត់​នេះ​ទេ។

មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Skla) គឺ​លោក អ៊ុច ខែមសុខាំបូរ ថ្លែង​ថា ប្រសិន​បើ​តុលាការ​សហរដ្ឋ​អាមេរិក ចេញ​សាលក្រម​ឲ្យ​លោក ញ៉យ ចំរើន ឈ្នះ​មែន​នោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​មួយ​ទ្វេ​ជា​បី និង​ដោះលែង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ រួម​មាន​លោក មាជ សុវណ្ណារ៉ា លោក ហុង សុខហួរ លោក អ៊ុំ សំអាន និង​មនុស្ស​ជាច្រើន​រូប​ទៀត៖ «ទី​មួយ យើង​បាន​ផល​អ្វី​ដែល​យើង​បាន​ពី​ការ​ចោទ​ប្រកាន់​ហ្នឹង។ ហើយ​ទី​ពីរ យើង​បាន​ឈ្នះ​ជា​ស្វ័យប្រវត្តិ។ ហើយ​ទី​បី រដ្ឋាភិបាល​ខ្មែរ​ដែល​ចាញ់​ហ្នឹង ត្រូវ​បង់​ការ​ខូចខាត។ ទាមទារ​ឲ្យ​សកម្មជន​ទាំងអស់​ចេញ​ពី​ការ​ឃុំឃាំង​ដែល​ខុស​ច្បាប់ អយុត្តិធម៌ ធ្វើ​បាប ធ្វើ​ទុក្ខបុកម្នេញ​គេ ធ្វើ​ទារុណកម្ម និង​ភេរវកម្ម មិន​មែន​តែ​ទៅ​លើ​លោក មាជ សុវណ្ណារ៉ា ប៉ុណ្ណោះ​ទេ តែ​ទាំងអស់។ បើ​មិន​អាច​ធ្វើ​បាន នោះ​នឹង​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ»

លោក​បន្ត​ថា ដើម​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ក្នុង​ករណី​នេះ​មាន​ចំនួន ៦​នាក់​រួម​មាន លោក ញ៉យ ចំរើន លោក មាជ សុវណ្ណារ៉ា អ្នកស្រី ជេមី មាជ និង​កូន​ស្រី​របស់​លោក មាជ សុវណ្ណារ៉ា បី​នាក់​ទៀត។

ពួក​គេ​ទាំងនេះ​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក ហ៊ុន សែន ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​បំពារបំពាន​រូប​រាងកាយ​ធ្ងន់ធ្ងរ ធ្វើ​ទារុណកម្ម​តាម​ទំនើង​ចិត្ត អំពើ​ភេរវកម្ម​អន្តរជាតិ ការ​ឃុំឃាំង​រយៈពេល​យូរ ការ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​ចេតនា​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​ផ្លូវ​អារម្មណ៍ និង​ការ​ចាប់​ដាក់​គុក​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hun Sen and his family love monkey court in Phnom Penh, he won't use other court. other court won't find justice for Hun Sen because they are uneducated, only monkey court in Phnom Penh do.

Nov 10, 2016 01:49 AM

អ្នក​អាន​អនាមិក

ពី តូក្យូ

រឿងនឹងកេីតឡេីងនៅកម្ពុជាមែន ហេីយបានជាមិនប្តឹងនៅកម្ពុជាមកពីយល់ថាតុលាការនៅកម្ពុជាមិនអាចផ្តល់យុត្តិធម៌អោយជនរងគ្រោះ បានជាប្តឹងនៅសហរដ្ឋអាមេរិក។

Nov 08, 2016 07:04 PM

អ្នក​អាន​អនាមិក

I don't want to blaspheme U.S authority but I wait and see whether this govt can do to protect their citizen ?

Nov 08, 2016 09:30 AM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ប៉ុន្តែរដ្ឋាភិបាល​ ជាអ្នកខុស ដូច្នេះរដ្ឋាភិបាល គួតែទទួលខុសត្រូវរឿងនេះ អ្នកណាៗក៏គេដឹង ជើងអ្នកលេងទាំងនោះ គឺចេញពី រដ្ឋាភិបាល ហើយត្រូវជាកងអង្ករក្សរបស់ ហ៊ុន សែន ផង មានអីខុស ដែលឪជើងល្អប្រើកូនឲ្យទៅវ៉ៃគេនោះ កុំអាងខ្លួនមានអំណាច ចងទាញន៏ណាចេញពីឡាន ហើយ វ៉ៃគេឯងតាមតែអំពើរចិត្ត មេចនិងកើត អាងតុលាការជាស្ពានរបស់ខ្លួន តាំងនាំបក្សពូកបង្ករឲ្យខូចសន្តាប់ធ្នាប់សង្គម ហាក់បីដូចជាប្រទេសគ្មានច្បាប់ ព្រៃសុទ្ធ

Nov 08, 2016 06:09 AM

គេហទំព័រ​ទាំងមូល