នៅព្រឹកថ្ងៃទី៦ ខែធ្នូ សាលាឧទ្ធរណ៍បានបើកការជំនុំជម្រះសំណុំរឿងលោក នី ចរិយា។ ជុំវិញបទចោទបរិហារកេរ្តិ៍ដែលដើមបណ្ដឹង គឺជាមន្ត្រីតុលាការ ២នាក់របស់តុលាការខេត្តសៀមរាប នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរ សម្រេចប្រកាសសាលដីកាក្នុងសំណុំរឿងព្រហ្មទណ្ឌនេះនៅរសៀលថ្ងៃទី១៤ ខែធ្នូ ខាងមុខ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានឆ្មាំពន្ធនាគារប៉េហ្ស៊ី (PJ) បញ្ជូនទៅឃុំខ្លួនវិញតាមរថយន្តមួយគ្រឿង ក្រោយពីបើកការជំនុំជម្រះជាសាធារណៈដែលប្រើពេលប្រហែល ១ម៉ោង ក្រោមការរឹតត្បិតដ៏តឹងរ៉ឹងពីនគរបាលយាមទ្វារចូលបន្ទប់សវនាការ ចំពោះក្រុមអ្នកសារព័ត៌មាន។
ថ្លែងក្រោយចេញពីបន្ទប់សវនាការ អតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មិនហ៊ានសន្និដ្ឋានថា ថ្ងៃប្រកាសសាលដីកាដែលគ្រោងនឹងចាប់ផ្ដើមនៅប្រមាណ ៨ថ្ងៃខាងមុខទៀតនេះ នឹងមានលទ្ធផលបែបណានោះទេ។ លោកបន្តថា ក្នុងនាមជាជនត្រូវចោទ លោកបានដឹងត្រឹមតែសាលក្រមរបស់តុលាការក្រុងភ្នំពេញ មានភាពអយុត្តិធម៌ចំពោះលោកប៉ុណ្ណោះ។ ក្រៅពីនេះ លោកមើលឃើញថា សវនាការដំណើរការទៅបែបណានោះ គឺអាស្រ័យលើការវិនិច្ឆ័យរបស់ក្រុមអ្នកតាមដាននៅក្នុងបន្ទប់ជំនុំជម្រះផ្ទាល់ប៉ុណ្ណោះ។ លោកបន្តថា «ខ្ញុំជឿថាមានអ្នកសង្កេតការណ៍ច្រើន មានអ្នកសារព័ត៌មានច្រើនដែលចូលស្ដាប់ អ៊ីចឹងធ្វើការវិនិច្ឆ័យខ្លួនឯងចុះ។ ដូចខ្ញុំបានជម្រាបមិញអ៊ីចឹង ខ្ញុំពាក់ព័ន្ធជាមួយរឿងក្តី អ៊ីចឹងមិន ធ្វើការ វាយតម្លៃ ទៅលើការជម្រះហ្នឹងទេ»។
ជុំវិញសំណុំរឿងបរិហារកេរ្តិ៍នេះ កាលពីខែកញ្ញា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក ឃី ឆៃ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារលោក នី ចរិយា ចំនួន ៦ខែ និងពិន័យលុយ ៦លានរៀល។ ទាក់ទិនអង្គហេតុនៃសំណុំរឿងនេះ អគ្គលេខាធិការរងនៃ គ.ជ.ប រូបនេះ ត្រូវបានមន្ត្រីតុលាការខេត្តសៀមរាប ២នាក់ គឺលោក សុខ កែវបណ្ឌិត ជាព្រះរាជអាជ្ញារង និងលោក គី រិទ្ធី មានតួនាទីជាចៅក្រម បានប្ដឹងលោកដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ជុំវិញដីទំនាស់របស់អ្នកភូមិមួយកន្លែងនៅឃុំជប់រំដេង ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៥។
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក នី ចរិយា យល់ឃើញថា សវនាការដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៦ ធ្នូ គឺដំណើរការទៅអាចទទួលយកបាន។ លោករំពឹងថា នៅថ្ងៃប្រកាសសាលដីកាខាងមុខនេះ ប្រាកដណាស់កូនក្តីរបស់ខ្លួនអាចនឹងរួចផុតពីការចោទប្រកាន់បាន តាមរយៈការជំនុំជម្រះដែលបានផ្ដល់ឱកាសពីការទាញហេតុគ្រប់គ្រាន់របស់ភាគីដែលរងការចោទប្រកាន់។ លោកបន្តថា «សវនាការកាលពីព្រឹកមិញនេះ យើងឃើញបរិយាកាសនៅក្នុងបន្ទប់សវនាការមានលក្ខណៈមួយល្អ។ យើងអាចទទួលយកបាន ដោយសារភាគីទាំងអស់មានឱកាសក្នុងការនិយាយ និងដេញដោលបានលម្អិតក្នុងរឿងហ្នឹង»។
អង្គការផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា រឿងក្ដីរបស់លោក នី ចរិយា នេះមានទំនោររឿងនយោបាយច្រើនជាង។ ក្នុងករណីសំណុំរឿងដែលឡូកឡំដោយនយោបាយនេះ សង្គមស៊ីវិលរំពឹងថា ឱកាសនៃការរួចផុតពីការចោទប្រកាន់អាចមានសង្ឃឹមច្រើន។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការលីកាដូ (LICADHO) យល់ឃើញថា ផ្អែកលើអង្គហេតុ និងបរិយាកាសនយោបាយវិវឌ្ឍន៍ទៅរកភាពប្រសើរនេះ លោកមានជំនឿថា អតីតអ្នកការពារសិទ្ធិមនុស្សរូបនេះ អាចមានវាសនារួចផុតពីការចោទប្រកាន់បាន។ លោកបន្តថា «ចំណុចវិជ្ជមានលើកដំបូងនោះ គឺការលើកលែងទោសចំពោះឯកឧត្ដម កឹម សុខា ហើយខ្ញុំជឿជាក់ថា អ្នកនយោបាយនឹងដោះស្រាយបន្តទៀត។ សំខាន់ធ្វើម៉េចឲ្យមានការ ដោះលែងសកម្មជន ការពារ សិទ្ធិមនុស្ស ទាំង ៤នាក់ របស់អាដហុក ហ្នឹង និងលោក នី ចរិយា ហើយនិងអ្នកស្រី ទេព វន្នី ដែលជាសកម្មជនដីធ្លី ក៏ដូចជាសកម្មជនគណបក្សនយោបាយនានា»។
កាលពីចុងខែតុលា កន្លងទៅនេះ ប្រមុខដឹកនាំបក្សប្រឆាំង ធ្លាប់បានដាក់សំណើសុំឲ្យដោះលែងលោក នី ចរិយា រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងអ្នកទោសនយោបាយផ្សេងទៀតដែរ។ ទាក់ទិនរឿងនេះ ចំពោះលោក នី ចរិយា ខ្លួនឯងផ្ទាល់ ធ្លាប់លើកឡើងថា ករណីនេះវាជាទំនាស់ផ្នែកនយោបាយច្រើនជាង ប្រសិនបើស្ថានការណ៍នយោបាយវិវឌ្ឍន៍ទៅរកភាពវិជ្ជមាន លោកក៏នឹងអាចរួចផុតពីការចោទប្រកាន់នេះដែរ។
បើទោះជាបែបណា អគ្គលេខាធិការរងនៃ គ.ជ.ប រូបនេះ នៅជាប់សំណុំរឿងសូកប៉ាន់សាក្សីមួយករណីផ្សេងទៀត ជុំវិញរឿងអាស្រូវស្នេហារបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
