អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា បដិសេធមិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ចន្ទ័ពិសិដ្ឋ តែស្នើឲ្យលើកទៅពេលក្រោយ។
នៅព្រឹកថ្ងៃទី១៥ មិថុនា លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហៅមកសាកសួរ ទាក់ទងនឹងបទចោទសមគំនិតសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
លោក នី ចរិយា បដិសេធមិននិយាយអ្វីច្រើនទេបន្ទាប់ពីចេញពីបន្ទប់សវនាការ ដោយលោកគ្រាន់តែអះអាងថា ការមិនឆ្លើយចំពោះមុខចៅក្រមស៊ើបសួរនេះ ដោយសារខ្លាចខុសនឹងនីតិវិធី ព្រោះគ្មានវត្តមានមេធាវីការពារក្ដីរបស់លោក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេធាវីការពារក្ដីលោក នី ចរិយា គឺលោក សំ សុគង់ បានទេនៅថ្ងៃទី១៥ មិថុនា ដោយទូរស័ព្ទហៅមិនចូល។
លោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ហើយកាលពីថ្ងៃទី១៣ ខែមិថុនា លោក នី ចរិយា រួមនិងមន្ត្រីសមាគមអាដហុក ៤រូបទៀត បានប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីសុំនៅក្រៅឃុំ ប៉ុន្តែប្រធានអង្គជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ ច្រានចោលនូវការស្នើសុំ ដោយសំអាងហេតុផលថា រឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
